ប្រទេសរុស្ស៊ី បានផ្សព្វផ្សាយផែនការដើម្បីបញ្ចប់សង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីដោយអំពាវនាវឲ្យមានសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយក្នុងរយៈពេលរហូតដល់១៨ខែ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០១៧។ ក្រុមប្រឆាំងក្នុងប្រទេសស៊ីរី និយាយថា សំណើរបស់រុស្ស៊ី មានគោលបំណងធ្វើឲ្យប្រធានាធិបតី បាសា អាល់អាសាដ បន្តកាន់អំណាចហើយសំណើនេះ មិនអាចទទួលយកបានទេ។
ពួកអ្នកការទូតប្រទេសលោកខាងលិចបាននិយាយថា ការណ៍នេះបង្ហាញថា
រដ្ឋាភិបាលទីក្រុងមូស្គូ នឹងព្យាយាមធ្វើឲ្យជឿនលឿនដល់សំណើរបស់ខ្លួនក្នុងអំឡុងពេលនៃការចរចាអន្តរជាតិស្តីពីវិបត្តិស៊ីរីនៅថ្ងៃសៅរ៍។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានប្រាប់ឲ្យដឹងថា សំណើនេះមិនទទួលបានការគាំទ្រខ្លាំងពីគណប្រតិភូជាច្រើនដែលត្រូវគេរំពឹងថានឹងជួបគ្នានៅក្នុងទីក្រុងវីយែន។
ឯកសាររុស្ស៊ី ដែលបណ្តាញព័ត៌មានរបស់លោកខាងលិចទទួលបាន និយាយថា រដ្ឋាភិបាលទីក្រុងមូស្គូ កំពុងស្នើផ្តល់ដំណោះស្រាយវិបត្តិក្នុងប្រទេសស៊ីរី ក៏ប៉ុន្តែ មិនមែនផែនការសន្តិភាពផ្លូវការទេ។ អ្នកដែលបានឃើញសេចក្តីព្រាងរដ្ឋធម្មនុញ្ញ៨ចំណុច និយាយថា សេចក្តីព្រាងរដ្ឋធម្មនុញ្ញនោះ មិនបានរំឭកពីការចុះចេញពីអំណាចរបស់លោក អាសាដ ក្នុងអំឡុងពេលអន្តរកាលខាងនយោបាយនៅពេលអនាគតក្នុងរដ្ឋធានីដាម៉ាសទេ ដែលការទាមទារនេះកើតចេញពីក្រុមប្រឆាំងទាំងអស់នៅក្នុងសង្គ្រាមស៊ីវិលស៊ីរី រួមមាន សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយនិងប្រទេសអារ៉ាប់ជាច្រើនទៀត។
សមាជិករបស់ក្រុមចម្រុះជាតិស៊ីរីដែលគាំទ្រដោយប្រទេសលោកខាងលិច បានប្រកាសប្រឆាំងសំណើនោះ។ យោងតាមទីភ្នាក់ងាតព័ត៌មាន Reuters បានប្រាប់ឲ្យដឹងថា លោក Minzer Akbik បាននិយាយថា ប្រជាពលរដ្ឋស៊ីរីមិនដែលចង់ទទួលជនផ្តាច់ការ អាសាដ ទេ ហើយពួកគេនឹងមិនទទួលយកការស្នើនោះទេ៕