រដ្ឋមន្ត្រីការបរទេសសរអា Tillerson ថ្លែងថា អំពើហិង្សានៅរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា ដែលសំដៅទៅលើជនជាតិរ៉ូហ៊ីងយ៉ាដែលកាន់សាសនាឥស្លាមនោះ ថាជាការបោសសម្អាតពូជសាសន៍។
«ក្រោយពីការវិភាគយ៉ាងប្រុងប្រយ័ត្ន និងល្អិតល្អន់លើព័ត៌មានដែលទទួលបានរួចមក វាជាការច្បាស់លាស់ណាស់ដែលថាស្ថានការណ៍នៅរដ្ឋ Rakhine ជាការបោសសម្អាតពូជសាសន៍ប្រឆាំងលើជនជាតិរ៉ូហ៊ីងយ៉ា» នេះជាអ្វីដែលលោក Tillerson បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ។
ក្រុមមន្ត្រីសរអាបានធ្វើការស៊ើបអង្កេតជាបន្តបន្ទាប់រកមូលហេតុដែលនៅពីក្រោយការវាយប្រហារដែលបានបណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់ និងបានបង្ខំឲ្យមនុស្សជាង ៦សែននាក់ រត់ឆ្លងដែនចូលក្នុងជំរំនាៗក្នុងប្រទេសបង់ក្លាដែស។
សេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះ កត់សម្គាល់ជាលើកទីមួយដែលក្រសួងការបរទេសអាមេរិក បានចាត់ទុកអំពើហិង្សានោះថាជាការបោសសម្អាតពូជសាសន៍។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោករដ្ឋមន្ត្រីការបរទេស បានកត់សម្គាល់ថាសរអានឹងធ្វើការជាបន្តជាមួយនិងអសប ដើម្បីស្វែងរកដំណោះស្រាយក្នុងវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ហើយនឹងស្វែងរកការទទួលខុសត្រូវតាមច្បាប់របស់សរអា ដែលមានរួមទាំងលទ្ធភាពនៃការដាក់ទណ្ឌកម្មជាក់លាក់ផង៕