អាជ្ញាធរក្នុងរដ្ឋធានី Dhaka កំពុងចាត់វិធានការពង្រីកការផ្សព្វផ្សាយការរៀបចំផែនការគ្រួសារ និងកំពុងពិចារណាលើគម្រោងទទួលការពន្យារកំណើតដោយស្ម័គ្រចិត្ត ខណៈកន្លែងទំនេរនិងធនធានកំពុងរួមតូចទៅៗនៅជំរំគ្រួសារជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ច្រើនសន្ធឹកសន្ធាប់នៅភាគខាងត្បូងប្រទេសបង់ក្លាដែស។
មន្ត្រីជាន់ខ្ពស់ម្នាក់បានប្រាប់ VOA ថា កិច្ចខំប្រឹងប្រែងនេះ រួមមានការជួលបុគ្គលិកបន្ថែម ចែកថ្នាំពន្យារកំណើត និងស្រោមអនាម័យ។
លោក Pintu Kanti Battacharjee ប្រធាននាយកដ្ឋានរៀបចំផែនការគ្រួសារប្រចាំស្រុក Cox's Bazar មានទីតាំងជាប់នឹងប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា៖ «យើងបានរៀបចំឡើងវិញនូវប្រតិបត្តិការក្នុងជំរំចំនួន៧សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា។ កាលពីពេលមុន ពួកយើងមានបុគ្គលិកតែ៤០នាក់ប៉ុណ្ណោះ ហើយឥឡូវនេះ យើងបានជួលបន្ថែម១៦០នាក់ទៀត មកពីតំបន់ផ្សេងៗ ដើម្បីពន្លឿនសកម្មភាពរបស់យើង»។
លោក Pintu និយាយបន្តទៀតថា៖ «យើងបានចែកថ្នាំពន្យារកំណើតជាថ្នាំគ្រាប់ចំនួន ៣.០០០បន្ទះ ហើយស្ត្រីចំនួន៣.៩០០ នាក់បានទទួលការចាក់ថ្នាំពន្យារកំណើត កាលពីខែកញ្ញានិងខែតុលាកន្លងមក។ ស្រោមអនាម័យចំនួន ១.០០០ប៉ុណ្ណោះ ត្រូវបានចែកចាយដោយឥតគិតថ្លៃនៅពេលនោះ។ ស្របពេលជាមួយគ្នានេះដែរ បុគ្គលិករបស់យើងក៏កំពុងបន្តផ្សព្វផ្សាយការរៀបចំផែនការគ្រួសារ រួមមានការផ្ដល់ប្រឹក្សាយោបល់ផងដែរ»។
ជនម៉ូស្លីម រ៉ូហ៊ីងយ៉ា ជាង ៦០០.០០០ នាក់ បានរត់ភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពស្រោចស្រង់រ៉ូហ៊ីងយ៉ា Arakan (Arakan Rohingya Salvation Army) បានវាយប្រហារកាលពីខែសីហា ដែលបានជំរុញឲ្យមានការបង្ក្រាបយ៉ាងឃោរឃៅ។ ការវាយប្រហារនេះ ធ្វើឲ្យមានការពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកឡើងវិញ ដែលទើបតែរួចផុតការដាក់ទណ្ឌកម្មក្នុងអាណត្តិរដ្ឋាភិបាលបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi ដែលទើបតែមានរយៈមិនដល់ពីរឆ្នាំផងនោះ។
ជនភៀសខ្លួនជាច្រើន បានមកដល់ជំរំដែលកកើតតាំងពីពីរទសវត្សមុន ហើយការកើនឡើងជនភៀសខ្លួនដ៏គំហុកនេះ បានដាក់សំពាធដល់ភ្នាក់ងារផ្ដល់ជំនួយមនុស្ស ឲ្យឆ្លើយតបនឹងការបន្តកើតមាននៃវិបត្តិមនុស្សធម៌នេះ។
ប៉ុន្តែវាក៏បានធ្វើឲ្យប៉ះពាល់ដល់ធនធានប្រើប្រាស់នៅក្នុងប្រទេសបង់ក្លាដែសផងដែរ។ បង់ក្លាដែសគឺជាប្រទេសមួយក្នុងចំណោមបណ្ដាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក។ ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកង្វះធនធានប្រើប្រាស់ បាននាំឱ្យមានគម្រោងណែនាំកម្មវិធីពន្យាកំណើតដោយស្ម័គ្រចិត្ត ដែលជាជម្រើសមួយសម្រាប់ជនជាតិបង់ក្លាដែសសម្រាប់យកទៅអនុវត្តនៅក្នុងជំរំ។
រដ្ឋាភិបាលកំពុងពិចារណាលើគម្រោងនេះ។ អ្នកស្ម័គ្រចិត្តជាបុរសត្រូវទទួលការវះកាត់ដើម្បីចងបំពង់ទឹកកាមទាំងពីរ ចំណែកឯស្ត្រីវិញត្រូវវះកាត់ចងដៃស្បូន។ ប៉ុន្តែគម្រោងនេះមិនទាន់ទទួលបានការអនុញ្ញាតនៅឡើយទេ។
វិធានការផែនការគ្រួសារទាំងនេះ អាចប្រឆាំងនឹងប្បធម៌អភិរក្សនិយម និងជំនឿសាសនា ក្នុងចំណោមជនភៀសខ្លួន។ សាសនាឥស្លាម មិនបានបញ្ជាក់ឲ្យច្បាស់លើការហាមប្រាមការពន្យារកំណើតនោះទេ ប៉ុន្តែមានទស្សនៈផ្សេងគ្នាកើតមានឡើងនៅក្នុងជំរំជុំវិញការពន្យារកំណើតនេះ។
គ្រូបង្រៀនសាសនា Aminul Islam និយាយថា វាគ្មានទាស់ខុសអ្វីទេចំពោះវិធីបង្ការណាក៏ដោយ ប្រសិនបើវាអាចការពារសុខភាពស្ត្រីបាន។ ប៉ុន្តែរបៀបរបបនៃការពន្យារកំណើតអចិន្ត្រៃយ៍បែបនេះ មិនស្របតាមជំនឿសាសនានោះទេ។
ក៏ប៉ុន្តែលោក Hafez Abdul Waha ដែលមានវ័យ៤២ឆ្នាំ មិនទាន់ប្រាកដចិត្តទទួលយកជម្រើសបែបនេះនៅឡើយទេ។ លោកបានមកប្រទេសបង់ក្លាដែសកាលពី២៧ឆ្នាំមុន ហើយបានចុះឈ្មោះជាជនភៀសខ្លួននៅក្នុងជំរំ Kutupalang។
លោកនិងប្រពន្ធ មានកូនចំនួន១០នាក់ ហើយប្រពន្ធរបស់លោកកំពុងតែពពោះកូនម្នាក់ទៀត។ ពួកគេបើកចំហទទួលយកជម្រើសថ្មីណាក៏បាន បន្ទាប់ពីសម្រាលកូនចុងក្រោយនេះ។
លោកនិយាយថា៖ «របៀបពន្យារកំណើត គឺពិបាក អញ្ជឹងហើយបានជាយើងតែងតែចង់ចៀសវា។ ប៉ុន្តែឥឡូវ ខ្ញុំគិតថា យើងនឹងសាកល្បងប្រើវិធីណាមួយ បន្ទាប់ពីយើងសម្រាលកូនចុងក្រោយនេះហើយ»។
ការរៀបចំផែនការគ្រួសារ ក៏ជាប្រធានបទដ៏រសើបមួយផងដែរ សម្រាប់សហគមន៍ជនជាតិរ៉ូហ៊ីងយ៉ា ដែលរងការធ្វើទុក្ខបុកម្នេញ។ ពលរដ្ឋកាន់ពុទ្ធសាសនានៅក្នុងប្រទេសមីយ៉ាន់ម៉ា បានតស៊ូមតិស្នើឲ្យមានច្បាប់«គ្រប់គ្រងចំនួនប្រជាជន» ដែល សំណើនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាការកំណត់គោលដៅទៅលើតែជនជាតភាគតិចកាន់សាសនាអ៊ីស្លាម។
សេចក្ដីស្នើច្បាប់នោះ ត្រូវបានអនុម័តកាលពីឆ្នាំ២០១៥ ប៉ុន្តែច្បាប់នោះហាក់បីដូចជាមិនត្រូវបានអនុវត្តនោះទេ ដោយតម្រូវឲ្យពន្យារកំណើតក្នុងចន្លោះពេល៣៦ខែ។
វិបត្តិជនភៀសខ្លួន រ៉ូហ៊ីងយ៉ា បានប៉ះពាល់កុមាររាប់ម៉ឺននាក់ ដែលបានចាកចេញពីភូមិកំណើតរបស់ខ្លួន។ កុមារមួយចំនួនបានមកដល់ប្រទេសបង់ក្លាដែស ដោយបាត់បង់ឪពុកឬម្ដាយ ឬក៏បាត់បង់ទាំងឪពុកទាំងម្តាយតែម្ដង។
យោងតាមអង្គការ UNICEF បានឲ្យដឹងថា នៅក្នុងជំរំ មានកុមារដែលគ្មានអ្នកមើលថែចំនួន៩៥៨នាក់ ក្មេងជំទង់គ្មានអ្នកមើលថែចំនួន ១៩៦៨នាក់ និង កុមារចំនួន ៥០០៩ នាក់ បានបែកបាក់ពីឪពុកម្ដាយរបស់ពួកគេ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានឲ្យដឹងថា ខ្លួននឹងយកជនភៀសខ្លួន ដែលរត់គេចទៅប្រទេសបង់ក្លាដែសមកវិញ ក្រោមដំណើរការផ្ទៀងផ្ទាត់សញ្ជាតិ។ ប៉ុន្តែដំណើរការនោះមិនទាន់បានចាប់ផ្ដើមនៅឡើយទេ។
មេដឹកនាំប្រទេស លោកស្រី Aung San Suu Kyi បានធ្វើដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់មានជម្លោះនៅភាគខាងជើងរដ្ឋ Rakhine កាលពីថ្ងៃព្រហស្បតិ៍ ក្នុងតួនាទីរបស់លោកស្រី ជាប្រធាននៃសហព័ន្ធសហគ្រាសសម្រាប់ជំនួយមនុស្សធម៌ ការតាំងទីលំនៅឡើងវិញ និងការអភិវឌ្ឍ នៅក្នុងគណៈកម្មការទទួលបន្ទុកកិច្ចការរដ្ឋ Rakhine។ គណៈកម្មការនេះត្រូវបានបង្កើតឡើងកាលពីខែមុន ដើម្បីឆ្លើយតបទៅនឹងវិបត្តិនេះ។
ប្រទេសនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិ និងសហរដ្ឋអាមេរិក ខណៈសមាជិកសភាស.រ.អា.បានស្នើឲ្យមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសារជាថ្មី។ ទណ្ឌកម្មទាំងនោះភាគច្រើនត្រូវបានដកចេញ បន្ទាប់ពីមានការបោះឆ្នោតដោយសន្តិភាពក្នុងឆ្នាំ២០១៥ នៅមីយ៉ាន់ម៉ា ដែលធ្វើឲ្យលោកស្រី Suu Kyi ឡើងកាន់អំណាច ក្រោយការគ្រប់គ្រងរបស់យោធាអស់រយៈពេលជាច្រើនទសវត្ស។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Rex Tillerson ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១៥ ខែវិច្ឆិការនេះ៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា