រដ្ឋមន្ត្រីការបរទសសហរដ្ឋអាមេរិកលោក Antony Blinken បានជួបជាមួយនឹងប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានីម៉ិកស៊ីកូ ប្រទេសម៉ិកស៊ិក ដើម្បីផ្សះផ្សារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ដែលបានប្រេះស្រាំដោយសារបញ្ហាអន្តោប្រវេសន៍និងបញ្ហាផ្សេងៗទៀត។
លោក Blinken បានបញ្ជាក់នៅក្នុងសន្និសីទកាសែតមួយថា៖ «យើងបានពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងរួមនៅក្នុងការដោះស្រាយបញ្ហាចំណាកស្រុកមិនទៀងទាត់នៅទ្វីបអាមេរិក ដែលក្នុងនោះរួមមានទាំងតាមរយៈគោលនយោបាយគ្រប់គ្រងព្រំដែនបែបមនុស្សធម៌ និងតាមរយៈការពង្រីកវិធី [ធ្វើចំណាកស្រុក] បែបស្របច្បាប់ផងដែរ»។
លោក Blinken ដែលបាននិយាយនៅក្បែរមន្ត្រីជាន់ខ្ពស់ម៉ិកស៊ិកនានា បានបន្ថែមថា៖ «យើងបានដោះស្រាយមូលហេតុចម្បងនៃបញ្ហាចំណាកស្រុក ដែលនេះជាអ្វីដែលប្រទេសម៉ិកស៊ិកនិងសហរដ្ឋអាមេរិកកំពុងសហការគ្នាតាមវិធីដែលយើងមិនធ្លាប់ឃើញពីមុនមក»។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកអ្នកស្រី Gina Raimondo និងអ្នកតំណាងរងផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលោក Jayme White បានអមដំណើរលោក Blinken នៅក្នុងទស្សនកិច្ចទៅកាន់រដ្ឋធានីម៉ិកស៊ីកូនេះសម្រាប់ការពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់។
ប្រទេសម៉ិកស៊ិកស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលចំនួន ៣ របស់សហរដ្ឋអាមេរិក។ នៅមុនពេលមានវិបត្តិជំងឺកូវីដ១៩ ប្រទេសម៉ិកស៊ិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតទី ២ របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០។
កន្លងមក មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា លំហូរនៃជនអន្តោប្រវេសន៍ខុសច្បាប់ដែលឆ្លងចូលសហរដ្ឋអាមេរិកតាមព្រំដែនជាប់ប្រទេសម៉ិកស៊ិកបានបង្កើតឱ្យមានបញ្ហានៅក្នុងសហរដ្ឋអាមេរិក៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។
លោក Blinken ពិភាក្សាជាមួយប្រធានាធិបតីម៉ិកស៊ិកអំពីបញ្ហាចំណាកស្រុក និងសេដ្ឋកិច្ច
វ៉ាស៊ីនតោន —