ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាក​ស្រុកនិង​សន្តិសុខ​ជា​របៀប​វារៈ​ ខណៈ​មេ​ដឹកនាំ​ម៉ិកស៊ិក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន


រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ពិភាក្សា​គ្នា​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក លោក Andrés Manuel López Obrador នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១។
រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ជួប​ពិភាក្សា​គ្នា​ជាមួយ​ប្រធានាធិបតី​ម៉ិកស៊ិក លោក Andrés Manuel López Obrador នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden ​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ម៉ិកស៊ិក​លោក​ Andrés Manuel López Obrador ​សម្រាប់​កិច្ច​ពិភាក្សា​នៅ​សេតវិមាន​នៅ​ថ្ងៃ​អង្គារ​នេះ​ហើយ​បញ្ហា​ចំណាក​ស្រុក ​សន្តិសុខ​ និង​សេដ្ឋកិច្ច​ជា​របៀប​វារៈ​កំពូល។ ​

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​លោក​ Biden ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ភាគី​ទាំងពីរ​ត្រូវ​គេ​រំពឹង​ថា​ នឹង​ប្រកាស​ «សកម្មភាព​រួមគ្នា​ដើម្បី​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ព្រំដែន​ដែល​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​មិន​ប្រក្រតី​ បង្កើន​កិច្ច​សហ​ប្រតិបត្តិ​ការ​ពង្រឹង​ច្បាប់​ដើម្បី​ទប់ទល់​លំហូរ ថ្នាំ​ញៀន​ fentanyl ​ចូល​ប្រទេស​របស់​យើង​ទាំង​ពីរ​ និង​លើក​កម្ពស់​ថាមពល​ស្អាត ​ការ​ច្នៃ​ប្រឌិត​សេដ្ឋកិច្ច ​និង​វិបុល​ភាព»។​

មន្ត្រី​រូប​នេះ​បាន​និយាយ​ថា​ ភាគី​ទាំង​ពីរ​នឹង​ចាប់​ផ្តើម​ក្រុម​ការងារ​មួយ​ដើម្បី​ពិនិត្យ​មើល ​«ផ្លូវ​ធ្វើ​ចំណាក​ស្រុក​និង​ការ​ការពារ​កម្មករ»។ ​នាយក​ក្រុម​ប្រឹក្សា​សន្តិសុខ ជាតិ​សម្រាប់​អឌ្ឍគោល​ខាងលិច​លោក ​Juan González​ បាន​ប្រាប់​VOA ​ភាសា​អេស្ប៉ាញ​នៅ​ថ្ងៃ​ចន្ទ​ថា​ សេតវិមាន​មាន​ឆន្ទៈ​ពង្រីក​ចំនួន​ទិដ្ឋាការ​សម្រាប់​កម្មករ​បណ្តោះ​អាសន្ន​ពី​ប្រទេស​ម៉ិកស៊ិក ​និង​អាមេរិក​កណ្តាល​តាម​តម្រូវការ។​

លោក​មិន​បាន​និយាយ​អំពី​ចំនួន​ទិដ្ឋាការ​នោះ​ទេ ​បន្ទាប់ពី​មាន​ការ​អត្ថាធិប្បាយ​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ម៉ិកស៊ិក​ លោក​ Adan Augusto Lopez​ កាលពី​ខែមុន​ដែល​ស្នើ​ឱ្យ​កិច្ច​ប្រជុំ​នៅថ្ងៃ​អង្គារ​នឹង​រួម​បញ្ចូល​ការ​ប្រកាស​ផ្តល់​ទិដ្ឋាការ​ការងារ​ចំនួន​៣០ម៉ឺន​បន្ថែម​ទៀត។ ​លោក ​López Obrador ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពីថ្ងៃ​ចន្ទ​ថា​ លោក ​និង​លោក ​Biden​ នឹង​ពិភាក្សា​អំពី​វិធី​សហការ​ដោះស្រាយ​អតិផរណា ​ទាំង​នៅ​ប្រទេស​ម៉ិកស៊ិក​ និង​សហ​រដ្ឋ​អាមេរិក។​

លោក​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​កម្លាំង​ពលកម្ម ​និង​ការ​ជំរុញ​ផលិត​កម្ម​ ដោយ​លើក​ឡើង​ពី​កិច្ច​ព្រមព្រៀង​ក្នុង​ទសវត្សរ៍​១៩៤០​ដែល​អនុញ្ញាត​ឱ្យ​កម្មករ​ម៉ិកស៊ិក​ដែល​មាន​បណ្ណការងារ​បណ្តោះ​អាសន្ន​ អាច​មក​បំពេញ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​កសិកម្ម​នៅ​សហ​រដ្ឋ​អាមេរិក។​

ដំណើរ​ទស្សនកិច្ច​របស់​លោក ​López Obrador ​កើត​ឡើង​មួយ​ខែ​បន្ទាប់ពី​លោក​បាន​បដិសេធ​មិន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក​ក្នុង​ទីក្រុង ​Los Angeles។​ មេ​ដឹកនាំ​ម៉ិកស៊ិក​នេះ​បាន​ជំទាស់ការ​មិន​ឱ្យ​មេ​ដឹកនាំ​ពី​ប្រទេស​គុយបា ​នីការ៉ាហ្គា ​និង​វ៉េណេស៊ុយអេឡា​ចូលរួម​កិច្ច​ប្រជុំ​នោះ៕​

(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press និង Reuters)

XS
SM
MD
LG