សេតវិមានបានព្រមានម្ដងទៀតដល់ប្រទេសនានា ដោយមានរួមបញ្ចូលទាំងប្រទេសរុស្ស៊ីផងដែរ កុំឱ្យបញ្ជូនពួកយោធាទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា នៅពេលដែលអាមេរិកថ្កោលទោសប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro អំពី «ការបន្តប្រើពួកបុគ្គលិកយោធាបរទេសនៅក្នុងការប៉ុនប៉ងរបស់លោកដើម្បីកាន់អំណាចតទៅទៀត»។
កាលពីថ្ងៃសុក្រ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ បានធ្វើសេចក្តីថ្លែងការណ៍នេះ ពីរថ្ងៃក្រោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែចេញពីប្រទេសវ៉េណេស៊ុយអេឡា និងនៅក្រោយការទៅដល់កាលពីពេលថ្មីៗនេះនៃពួកយោធារុស្ស៊ី នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដែលនៅទីនោះលោក Maduro កំពុងប្រយុទ្ធដណ្តើមអំណាចជាមួយលោក Juan Guaido មេដឹកនាំក្រុមប្រឆាំង និងជាអ្នកប្រកាសខ្លួនឯងថាជាប្រធានាធិបតីបណ្តោះអាសន្ន។
លោក Bolton បាននិយាយថា៖ «លោក Maduro នឹងប្រើការគាំទ្រយោធានេះសម្រាប់សង្កត់សង្កិនថែមទៀតលើប្រជារាស្ត្រវ៉េណេស៊ុយអេឡា បង្កើនវិបត្តិសេដ្ឋកិច្ចដែលបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចនៃប្រទេសវ៉េណេស៊ុយអេឡា និងធ្វើឱ្យមានគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់ថែមទៀតផង។ យើងអំពាវនាវដល់កងយោធានៃប្រទេសវ៉េណេស៊ុយអេឡា ឱ្យធ្វើតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ពួកគេក្នុងការការពារប្រជាពលរដ្ឋនៃប្រទេសវ៉េណេស៊ុយអេឡា»។
ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានរូបនេះក៏បាននិយាយដែរថា សហរដ្ឋអាមេរិកក៏បានព្រមានយ៉ាងខ្លាំងដល់ប្រទេសឯទៀតៗ នៅខាងក្រៅអឌ្ឍគោលខាងលិចកុំឱ្យបញ្ជូនកងយោធាទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា ឬកន្លែងឯទៀតៗក្នុងអឌ្ឍគោលនេះ ដោយមានបំណងធ្វើកិច្ចប្រតិបត្តិការយោធា។ សេចក្តីថ្លែងការណ៍នេះចែងថាសកម្មភាពបែបនេះនឹងត្រូវយល់ឃើញថា ជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខក្នុងតំបន់។
នៅពេលជាមួយគ្នានេះ លោក Guaido បានប្រកាសកាលពីថ្ងៃសុក្រថា ជំនួយខាងវេជ្ជសាស្ត្រដ៏សំខាន់នឹងទៅដល់ប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលប៉ុន្មានម៉ោងខាងមុខនេះ។ តែលោកមិនបានផ្តល់សេចក្តីលម្អិតទេ៕