ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Mike Pence សរសេរវិចារណកថាឲ្យដោះលែងលោក Roberto Marrero


អនុប្រធានាធិបតីអាមេរិកលោក Mike Pence ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៩។
អនុប្រធានាធិបតីអាមេរិកលោក Mike Pence ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៩។

អនុប្រធានាធិបតីអាមេរិកលោក Mike Pence បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនចំពោះការបន្តការឃុំឃាំងលោក Roberto Marrero ប្រធានបុគ្គលិករបស់លោក Juan Guaido មេដឹកនាំប្រឆាំងនៅប្រទេសវ៉េណេស៊ុយអេឡានោះទេ។

លោក Marrero ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងពេលឆ្មក់ឆែកផ្ទះរបស់លោកមុនពេលថ្ងៃរះ។ លោក Nestor Reverol រដ្ឋមន្រ្តីក្រសួងមហាផ្ទៃវ៉េណេស៊ុយអេឡា បានពន្យល់អំពីការចាប់ខ្លួននេះ ដោយបកស្រាយថា «អាវុធជាច្រើន»ត្រូវបានគេរកឃើញនៅក្នុងផ្ទះលោក Marrero។

លោក Pence បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអត្ថបទបញ្ចេញមតិមួយក្នុងកាសែត Miami Herald កាលពីថ្ងៃសុក្រ។ លោកបានព្រមានថា សហរដ្ឋអាមេរិកនឹងមិនអត់ធ្មត់ចំពោះការឃុំខ្លួនលោក Marrero ឬការបំភិតបំភ័យរដ្ឋាភិបាលលោក Juan Guaido ដែលសហរដ្ឋអាមេរិកទទួលស្គាល់ថា ជារដ្ឋាភិបាលស្របច្បាប់នៅប្រទេសវ៉េណេស៊ុយអេឡា នោះទេ។

លោក Pence ក៏បាននិយាយផងដែរថា ប្រទេសគុយបា រុស្ស៊ីនិងចិន បានគាំទ្ររដ្ឋបាលរបស់ប្រធានាធិបតី Nicolas Maduro និងបានទទួលប្រយោជន៍ពីរដ្ឋបាលនេះ។

លោកបាននិយាយថា ប្រទេសគុយបាបានអនុញ្ញាតឱ្យផ្នែកសេវាយោធានិងស៊ើបការណ៍សម្ងាត់របស់ខ្លួនហ្វឹកហ្វឺន គាំទ្រនិងផ្គត់ផ្គង់ដល់ប៉ូលិសសម្ងាត់របស់វ៉េណេស៊ុយអេឡា។ ប្រទេសរុស្ស៊ីប្រឆាំងការសម្រេចចិត្តនៅឯអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យផ្តល់ជំនួយដល់ប្រទេស។ រីឯប្រទេសចិនមិនផ្តល់ទិដ្ឋាការឲ្យសេដ្ឋវិទូ Ricardo Hausmann ទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អន្តរអាមេរិកដែលចិនធ្វើជាម្ចាស់ផ្ទះ។

លោក Pence បានហៅលោក Maduro ថាជា«មេដឹកនាំផ្ដាច់ការពុករលួយ» ហើយថា ប្រទេសទាំងនេះកំពុងរារាំងមិនឲ្យវ៉េណេស៊ុយអេឡា ដើរទៅរកសេរីភាព ។ លោក Pence បាននិយាយថា «លោក Nicolas Maduro ត្រូវតែចុះចេញ!»៕

XS
SM
MD
LG