រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃពុធថា ចោរកម្មតាមអ៊ីនធឺណិតថ្មីមួយបានធ្វើឱ្យប៉ះពាល់ដល់បណ្តាញរបស់ខ្លួនហើយថា ការវាយប្រហារគឺ«ទ្រង់ទ្រាយធំនិងកំពុងបន្ត»។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីដើមសប្តាហ៍នេះថាក្រុមចោរតាមអ៊ីនធឺណិត ដែលគេជឿថា កំពុងធ្វើការឱ្យប្រទេសរុស្ស៊ីបានលួចមើលអ៊ីម៉ែលផ្ទៃក្នុងរបស់ក្រសួងហិរញ្ញវត្ថុស.រ.អា.និងក្រសួងពាណិជ្ជកម្ម។ របាយការណ៍នេះស្រង់សម្តីមន្ត្រីដែលបារម្ភថាការរកឃើញនេះគ្រាន់តែជាផ្នែកតូចមួយនៃចោរកម្មនេះតែប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍រួមដែលចេញដោយការិយាល័យស៊ើបការណ៍សម្ងាត់សហព័ន្ធ (FBI) ភ្នាក់ងារសន្តិសុខ អ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធ (Cybersecurity and Infrastructure Security Agency) និងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិបាននិយាយថា៖ «ស្ថានភាពនេះកំពុងវិវត្តហើយខណៈពេលដែលយើងកំពុងបន្តស្វែងយល់ពីទំហំពេញលេញនៃយុទ្ធនាការនេះ យើងដឹងថា វាប៉ះពាល់ដល់បណ្តាញនានានៅក្នុងរដ្ឋាភិបាលសហព័ន្ធ»។
SolarWinds Corp. ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលជាបណ្តាញត្រូវពួកចោរអ៊ីនធឺណិតប្រើដើម្បីលួចចូលបាននិយាយថា អតិថិជនរបស់ខ្លួនរហូតដល់ទៅ១៨.០០០នាក់បានទាញយកកម្មវិធីថ្មីដែលគ្រោះថ្នាក់និងដែលអនុញ្ញាតឱ្យពួកចោរ អាចលួចមើលអាជីវកម្មនិងទីភ្នាក់ងារនានាអស់រយៈពេលជិត៩ខែ។
ការិយាល័យ FBI ភ្នាក់ងារសន្តិសុខ អ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធនិងការិយាល័យនាយកស៊ើបការណ៍សម្ងាត់ជាតិបានបង្កើតក្រុមសហការណ៍រួមផ្នែកអ៊ីនធឺណិតដើម្បីឆ្លើយតបដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោក Robert O'Brien ទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានបានកាត់បន្ថយរយៈពេលធ្វើដំណើរទៅអឺរ៉ុបនៅថ្ងៃអង្គារហើយបានវិលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញដើម្បីដោះស្រាយការវាយប្រហារនេះ៕