សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួននឹងសហការជាមួយនឹងប្រធានាធិបតីហ្វីលីពីនដើម្បីដោះស្រាយកង្វល់នានា បន្ទាប់ពីលោកបានគំរាមលុបចោលកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យកងកម្លាំងអាមេរិកចូលទៅកាន់ប្រទេសហ្វីលីពីន។
លោកប្រធានាធិបតី Rodrigo Duterte បានផ្ទុះកំហឹង បន្ទាប់ពីទីភ្នាក់ងារផ្តល់ជំនួយរបស់រដ្ឋាភិបាលអាមេរិកបានពន្យារពេលបោះឆ្នោតទៅលើការបន្តផ្តល់កញ្ចប់ជំនួយខាងអភិវឌ្ឍន៍ដ៏ធំមួយសម្រាប់ប្រទេសហ្វីលីពីន ជុំវិញកង្វល់អំពីការសម្លាប់ក្រៅប្រព័ន្ធ តុលាការនៅក្នុងសង្គ្រាមថ្នាំញៀនខុសច្បាប់របស់លោក Duterte ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។
ថ្វីដ្បិតតែនៅមិនទាន់មានការសម្រេចទៅលើកញ្ចប់ជំនួយនោះក៏ដោយ ក៏លោក Duterte កាលពីថ្ងៃសៅរ៍បានប្រាប់ដល់សហរដ្ឋអាមេរិកឲ្យត្រៀមចាកចេញពីប្រទេសហ្វីលីពីន និងត្រៀមខ្លួនលុបចោលកិច្ចព្រមព្រៀងអនុញ្ញាតឲ្យកងកម្លាំងអាមេរិកចូលក្នុងប្រទេសហ្វីលីពីន។
លោកសំដៅទៅលើសន្ធិសញ្ញាឆ្នាំ១៩៩៨ ដែលអនុញ្ញាតឲ្យកងកម្លាំងអាមេរិកទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួម។ កិច្ចព្រមព្រៀងនោះបានជួយប្រទេសហ្វីលីពីនឲ្យទប់ទល់នឹងក្រុមឧទ្ទាមកាន់សាសនាឥស្លាមដ៏ហិង្សាមួយនៅប៉ែកខាងត្បូងប្រទេស ហើយជួយបង្វឹកដល់កងកម្លាំងហ្វីលីពីនដែលប្រឈមនឹងការទាមទាររបស់ចិននៅសមុទ្រចិនខាងត្បូងផងដែរ៕