រដ្ឋបាល Trump ដាក់កំហិតការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់រដ្ឋនៃប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា ខ្លួនចង់រក្សាទុកធនធានឱ្យប្រជារាស្ត្រវ៉េណេស៊ុយអេឡា។
កាលពីថ្ងៃចន្ទ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិស.រ.អា.បាននិយាយថា ប្រជារាស្ត្រវ៉េណេស៊ុយអេឡាបានទទួលការសង្កត់សង្កិន និងការលំបាកវេទនាខាងសេដ្ឋកិច្ចគ្រប់គ្រាន់ហើយដែលបានបណ្តាលមកដោយសារប្រធានាធិបតី Nicolas Maduro និងរបបគ្រប់គ្រងរបស់លោក។
លោក Bolton បាននិយាយថា «សកម្មភាពនៅថ្ងៃនេះធ្វើឱ្យប្រាកដប្រជាថាអាជ្ញាធរវ៉េណេស៊ុយអេឡាមិនអាចលួចប្លន់ធនធានរបស់ប្រជារាស្ត្រវ៉េណេស៊ុយអេឡាបានទៀតទេ»។
ការដាក់ទណ្ឌកម្មទាំងនេះនឹងផ្អិបទ្រព្យធនរបស់ក្រុមហ៊ុនរដ្ឋ PDVSA មាននៅក្នុងស.រ.អា។ ក្រុមហ៊ុន និងពលរដ្ឋស.រ.អា.បានត្រូវរារាំងមិនឱ្យធ្វើជំនួញជាមួយក្រុមហ៊ុននេះទេ។
ក្រុមហ៊ុន Citgo ដែលជាសាខារបស់ក្រុមហ៊ុន PDVSA មានមូលដ្ឋានក្នុងស.រ.អា.ដែលចម្រាញ់ប្រេងវ៉េណេស៊ុយអេឡា ហើយលក់សាំងយីហោ Citgo នៅក្នុងស.រ.អា.នឹងបន្តធ្វើប្រតិបត្តិការតាមធម្មតា។ក៏ប៉ុន្តែប្រាក់កាសដែលក្រុមហ៊ុន Citgo បានទទួលពីការប្រកបអាជីវកម្មទាំងនេះនឹងត្រូវដាក់ក្នុងគណនីមួយដែលបានត្រូវរាំងខ្ទប់។
លោក Maduro បាននិយាយថា ស.រ.អា.កំពុងខិតខំព្យាយាម «ឆក់យក» ក្រុមហ៊ុន Citgo ពីប្រទេសវ៉េណេស៊ុយអេឡា។
លោកប្រធានាធិបតី Maduro បាននិយាយតាមទូរទស្សន៍វ៉េណេស៊ុយអេឡាថា «ខ្ញុំបានផ្តល់បញ្ជាចំៗដល់ប្រធាននៃក្រុមហ៊ុន PDVSA ឱ្យធ្វើសកម្មភាពខាងនយោបាយ និងខាងច្បាប់នៅក្នុងតុលាការស.រ.អា. និងតុលាការអន្តរជាតិដើម្បីការពារទ្រព្យសម្បត្តិ និងធនធានរបស់ក្រុមហ៊ុន Citgo»៕