លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគីណែនាំឲ្យលោក Nicolas Maduro ប្រធានាធិបតីកាន់អំណាចនៅប្រទេសវេណេស៊ុយអេឡាយូរមកហើយនោះ កាន់ជំហររឹងមាំក្នុងការប្រឈមនឹងការអំពាវនាវរបស់ជាតិនិងអន្តរជាតិឲ្យលោកឱ្យចុះចេញពីតំណែងនៅពេលកំពុងមានវិបត្តិនយោបាយ។
គូប្រជែងរបស់លោក Maduro បានចោទប្រកាន់លោកពីបទធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ហើយថា ការដឹកនាំរបស់លោកបាននាំឲ្យមានកំណើនអតិផរណាខ្ពស់ សេដ្ឋកិច្ចធ្លាក់ចុះ និងការខ្វះខាតទំនិញសំខាន់ៗជាទូទៅ។
លោក Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការទទួលស្គាល់លោក Juan Guaido មេដឹកនាំប្រឆាំងនៅប្រទេសវេណេស៊ុយអេឡាធ្វើជាប្រធានាធិបតីអន្តរកាល។
ជាការឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់លោក ដូណាល់ ត្រាំ លោក Maduro បាននិយាយកាលពីថ្ងៃពុធថា លោកបានបញ្ចប់ទំនាក់ទំនងការទូតជាមួយសហរដ្ឋអាមេរិក ហើយបានឱ្យអ្នកការទូតអាមេរិកចាកចេញពីប្រទេសនេះក្នុងរយៈពេល៧២ម៉ោង។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថា លោក Maduro មិនមានសិទ្ធិអំណាចធ្វើដូច្នេះទេ៕