រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson ធ្វើដំណើរទៅកាន់រដ្ឋធានីដូហា ប្រទេសកាតា ជាថ្មីម្ដងទៀត នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបជាមួយនឹងព្រះចៅមហាម៉ាត់នៃប្រទេសកាតា ព្រះមហាក្សត្រ Sheikh Bin Hamad Al-Thani ក្នុងគោលបំណងដោះស្រាយភាពជាប់គាំងការទូតរវាងប្រទេសកាតា និងប្រទេសអារ៉ាប់ចំនួន ៤ ដូចជាអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប។
ក្រុមប្រទេសអារ៉ាប់ទាំង ៤ ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនេះ បានចោទប្រកាន់ប្រទេសកាតាថាបានគាំទ្រអំពើភេរវកម្ម និងបានទាមទារឲ្យរដ្ឋាភិបាលក្រុងដូហាធ្វើតាមនូវចំណុចចំនួន ១៣ បន្ទាប់ពីបានផ្ដាច់ចំណងទាក់ទងការទូតជាមួយប្រទេសកាតាកាលពីដើមខែមិថុនាមក។ ប្រទេសកាតា បានបញ្ជាក់ថា ខ្លួនមានឆន្ទៈក្នុងការចរចា ប៉ុន្តែនឹងមិនលះបង់អធិបតេយ្យភាពរបស់ខ្លួននោះទេ។
លោក Tillerson បានជួបជាមួយនឹងរដ្ឋមន្ត្រីនៃក្រុមប្រទេសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនេះ កាលពីថ្ងៃពុធម្សិលមិញ នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបាននិយាយជាមួយនឹងអ្នកសារព័ត៌មានក្រោយពីជំនួបនោះបានបញ្ចប់នោះទេ។ នៅមុនជំនួបនេះធ្វើឡើង មន្ត្រីរដ្ឋាភិបាលអេមីរ៉ាតអារ៉ាប់រួមមួយរូប បាននិយាយថា ដំណោះស្រាយណាមួយចំពោះជម្លោះនេះ ត្រូវតែផ្ដោតលើបញ្ហាសំខាន់ៗទាំងអស់ មិនត្រឹមតែបញ្ហាការឧបត្ថម្ភថវិកាដល់អំពើភេរវកម្មតែប៉ុណ្ណោះនោះទេ។
បន្ទាប់ពីបានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសប្រទេសកាតា លោក Mohammed bin Abdulrahman កាលពីដើមសប្ដាហ៍នេះមក លោក Tillerson បានប្រកាសថា សហរដ្ឋអាមេរិក និងប្រទេសកាតា បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាមួយសម្រាប់ឲ្យរដ្ឋាភិបាលក្រុងដូហាចាត់វិធានការប្រឆាំងនឹងការឧបត្ថម្ភថវិកាដល់អំពើភេរវកម្ម។
ប៉ុន្តែ ក្រុមប្រទេសដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីតនេះ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា ទោះបីជាពួកគេសាទរកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការប្រឆាំងនឹងអំពើភេរវកម្មក៏ដោយ ក៏កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ «គឺមិនគ្រប់គ្រាន់» នោះទេ ហើយពួកគេនឹងតាមដានអំពីភាពម៉ឺងម៉ាត់របស់ប្រទេសកាតាដោយយកចិត្តទុកដាក់ជាទីបំផុត នៅក្នុងការប្រឆាំងនឹងការឧបត្ថម្ភថវិកា និងការគាំទ្រអំពើភេរវកម្ម៕