ពួកអ្នកការទូតមកពីសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី បានជួបគ្នានៅថ្ងៃចន្ទនេះនៅទីក្រុងហ្សឺណែវដោយបានចាប់ផ្តើមការចរចាកម្រិតខ្ពស់ជាបន្តបន្ទាប់នៅសប្តាហ៍នេះចំពោះការ ដាក់ពង្រាយកងទ័ពដ៏ច្រើនរបស់រដ្ឋាភិបាលក្រុងមូស្គូនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែននិងការទាមទាររបស់រុស្ស៊ីឲ្យមានការធានាសន្តិសុខពីប្រទេសលោកខាងលិច។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ជំនួបនេះបានចាប់ផ្តើមនៅមុនម៉ោង៩ព្រឹកម៉ោងនៅក្នុងស្រុក ហើយបញ្ជាក់ដែរថា ភាគីសហរដ្ឋអាមេរិក បានពិគ្រោះមិនត្រឹមតែជាមួយអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែជាមួយអង្គការអូតង់និងសម្ព័ន្ធមិត្តផ្សេងៗទៀតនៅទូទាំងទ្វីបអឺរ៉ុបដែរ។
អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក តាំងចិត្តដល់គោលការណ៍រួមគ្នានិងការសម្រេចរួមគ្នា ក្នុងរឿងសន្តិសុខរបស់សម្ព័ន្ធមិត្តអឺរ៉ុបនិងដៃគូរបស់យើង រួមទាំងប្រទេសអ៊ុយក្រែនផង។ យើងស្តាប់សម្ព័ន្ធមិត្តនិងដៃគូរបស់យើងគ្រប់កម្រិត ហើយយើង នឹងបន្តធ្វើដូច្នេះទៅថ្ងៃមុខ»។
បន្ទាប់ពីការចរចានៅក្នុងទីក្រុងហ្សឺណែវមក រុស្ស៊ីនឹងធ្វើការចរចាជាមួយអង្គការអូតង់នៅទីក្រុងព្រុចសែលនៅថ្ងៃពុធនិងជាមួយអង្គការដើម្បីសន្តិសុខនិងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នៅក្នុងវីយែន។
មុនសម័យប្រជុំរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនៅថ្ងៃចន្ទនេះ ពួកអ្នកការទូតកំពូលមកពីប្រទេសទាំង២ បានសម្តែងនូវសុទិដ្ឋិនិយមតិចតួចថា ការតានតឹងរវាងប្រទេសទាំង២ នឹងត្រូវបានបន្ធូរបន្ថយនៅសប្តាហ៍នេះ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រាប់កម្មវិធី "State of the Union” របស់បណ្តាញទូរទស្សន៍ CNN ថា៖ «ពិបាកឃើញការជឿនលឿនណាស់ ពេលមានការភ្ជង់កាំភ្លើងដាក់អ៊ុយក្រែនបែបនេះ»។
លោក Blinken ថ្លែងថា៖ «យើងនឹងស្តាប់កង្វល់របស់រុស្ស៊ី» អំពីការធ្វើសមយុទ្ធយោធារបស់អង្គការអូតង់នៅតំបន់អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត។ ប៉ុន្តែលោកបន្ថែមថាពួកគេនឹងត្រូវស្តាប់កង្វល់របស់យើងអំពីការដាក់ពង្រាយកងទ័ពរុស្ស៊ីប្រហែល១សែននាក់នៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់អ៊ុយក្រែនផងដែរ៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មានReuters។