សហរដ្ឋអាមេរិកបានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីទៀតថា នឹងគាំទ្រដំណើរការនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមមកកាត់ទោសចំពោះអំពើឧក្រិដ្ឋកម្មសម័យខ្មែរក្រហម។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានចាត់ទុកថា ការកាត់ទោសបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលគេទន្ទឹងរង់ចាំជាយូរមកនេះ គឺជាគំរូសម្រាប់ពិភពលោក។
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិបានកាត់ទោសជនជាប់ចោទពីរនាក់ គឺ នួន ជា និង ខៀវ សំផន ឲ្យជាប់គុកអស់មួយជីវិតពីបទទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឬការបង្ខំពលរដ្ឋឲ្យចេញពីលំនៅដ្ឋាន និងការកាប់សម្លាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។ សាលក្រមដំបូងដែលកើតឡើងក្រោយរយៈពេល៣៥ឆ្នាំ ដែលដាក់ទោសមេដឹកនាំកំពូលដែលនៅមានជីវិតនេះ បានទទួលការស្វាគមន៍ពីប្រទេសជាច្រើននិងពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានបញ្ជាក់ជំហរជាថ្មីទៀតថា ខ្លួននៅតែបន្តគាំទ្រដំណើរការស្វែងរកយុត្តិធម៌នេះ។ នេះជាការអះអាងរបស់លោក ស្កត់ ម៉ាស៊ែល (Scot Marciel) ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលបានផ្តល់កិច្ចសម្ភាសន៍មួយដល់វីអូអេក្នុងរាជធានីភ្នំពេញក្នុងពេលលោកបំពេញទស្សនកិច្ចដើម្បីជួបជាមួយមន្ត្រីកម្ពុជា។
លោក Scot Marciel ថ្លែងថា៖ «ជាការណ៍ពិតឧក្រិដ្ឋកម្មខ្មែរក្រហមឃោរឃៅណាស់ ដែលខ្ញុំគិតថា ការនាំខ្លួន មេដឹកនាំខ្មែរក្រហមខ្លះមកកាត់ទោសគឺជារឿងសំខាន់។ ជាការណ៍ពិត វាជា ឧទាហរណ៍ដ៏សំខាន់មួយសម្រាប់ពិភពលោក។ ដូច្នេះយើងរីករាយនឹងបរិចាក វិភាគទានដល់តុលាការនេះ ហើយជាការព៍ពិតយើងស្វាគមន៍ចំពោះលទ្ធផល កើតចេញពីសំណុំរឿងថ្មីៗនេះផងដែរ។ ខ្ញុំដឹងថា តុលាការនេះនៅបន្តដំណើរការ ទៅមុខទៀត។ តែយ៉ាងហោចណាស់មានបទចោទមួយឈុតត្រូវគេជំនុំសម្រេចចប់សព្វគ្រប់ហើយ»។
លោក ស្តេហ្វេន រ៉ាប់ (Stephen Rapp) ឯកអគ្គរដ្ឋទូតគោចរទទួលបន្ទុកឧក្រិដ្ឋកម្មសង្គ្រាមនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានអះអាងដែរថាសាលក្រមដាក់ទោសក្នុងសំណុំរឿង០០២ វគ្គទី១នេះ ជាការបង្ហាញពីការកើតឡើងនៅយុត្តិធម៌ហើយជាការផ្ញើសារទៅកាន់តំបន់ដែលមានការកាប់សម្លាប់ពលរដ្ឋស៊ីវិលក្នុងតំបន់អាហ្រ្វិកនិងតំបន់ផ្សេងទៀតក្នុងពិភពលោកថា គ្មាននរណាម្នាក់អាចគេចវេសពីយុត្តិធម៌បានទេ។
«ហើយការកាត់ទោសនេះជាការផ្តល់សញ្ញាសំខាន់មួយដល់អ្នកណាដែល ប្រព្រឹត្តឧក្រិដ្ឋកម្មទាំងឡាយ ថាគេនឹងជួបប្រទះនូវផលវិបាកនានា ហើយយើង សង្ឃឹមថា ការធ្វើដូច្នេះ យើងនឹងទប់ស្កាត់មិនឲ្យមនុស្សដទៃទៀតរងគ្រោះស្លាប់ រងគ្រោះមហន្តរាយ រងគ្រោះថ្នាក់និងរងរបួស»។
ទោះជាតុលាការខ្មែរក្រហមបានកាត់ទោសតែជនជាប់ចោទពីរនាក់ដែលមាន វ័យចំណាស់ៗជាង៨០ឆ្នាំ ហើយរងការរិះគន់ចំពោះចំនួនអ្នកទទួលខុសត្រូវតិច និងយឺតពេលក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋខ្មែរជាង១លាន៧សែននាក់ មែន តែលោកម៉ាស៊ែលបានបញ្ជាក់ជាថ្មី ពីជំហររបស់សហរដ្ឋអាមេរិកលើសាលក្រមដាក់ទោសមេដឹកនាំខ្មែរក្រហមក្នុងសំណុំរឿង០០២វគ្គទី១ ដោយបន្ទរតាមលោករដ្ឋមន្ត្រីការបរទេស ចន ឃែរី (John Kerry) របស់អាមេរិក។
លោក Marciel ថ្លែងថា៖ «យើងស្វាគមន៍ខ្លាំងណាស់ ដូចដែលលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃែរី ថ្លែងក្នុងសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះសាលក្រមអញ្ចឹង។ យើងគិតថា ជាថ្មីទៀត វាជារឿងសំខាន់ក្នុងការមានការទទួលខុសត្រូវនិងទទួលបានយុត្តិធម៌ក្នុងចិត្ត។ រឿងនេះស្រេចលើតុលាការដែលបានចេញសាលក្រមទេ។ តែយើងគិតថា នេះជារឿងត្រូវស្វាគមន៍»។
លោករដ្ឋមន្ត្រីការបរទេស ចន ឃែរី ក្នុងឋានៈលោកជាសមាជិកព្រឹទ្ធសភាកាលពីជាង១០ឆ្នាំមុននោះ ត្រូវគេដឹងថា ជាអ្នកដើរតួផ្សះផ្សារឲ្យមានកិច្ចចរចាឡើងវិញ បន្ទាប់ពីកម្ពុជានិងអង្គការសហប្រជាជាតិពេលនោះបានទាល់ច្រកដោះស្រាយមិនចេញជាច្រើនពាក់ព័ន្ធនឹងរូបមន្តកាត់ទោសខ្មែរក្រហមដែលត្រូវប្រើប្រាស់រវាងចៅក្រមជាតិនិងអន្តរជាតិ។
សហរដ្ឋអាមេរិកបានផ្តល់ថវិកាជាច្រើនលានដុល្លារជាបន្តបន្ទាប់ដល់សាលាក្តី ដោយផ្ទាល់ឬផ្តល់ដល់អង្គការសង្គមស៊ីវិលសម្រាប់ដំណើរការកាត់ទោសរក យុត្តិធម៌និងធ្វើកិច្ចការជាមួយជនរងគ្រោះនិងការស្រាវជ្រាវចាប់តាំងពីសាលាក្តី នេះបានព្រមព្រៀងគ្នារវាងភាគីកម្ពុជានិងអង្គការសហប្រជាជាតិ ហើយចាប់ផ្តើមការកាត់ទោសតាំងពីឆ្នាំ២០០៦មក។ លោក ស្កត ម៉ាស៊ែល បានអះអាងថារដ្ឋាភិបាលសហរដ្ឋអាមេរិកតែងតែស្វែងរកថវិកាជាប្រចាំពីសភាដើម្បីផ្តល់ដល់សាលាក្តីខ្មែរក្រហម។
«ដូចលោកអ្នកបានដឹងហើយ យើងបានផ្តល់ការគាំទ្រថវិកាសម្រាប់កាត់ទោស ជាប្រចាំតាំងពីសាលាក្តីនេះបង្កើតឡើង។ យើងពិតជាចង់ឃើញតុលាការនេះ បន្តដំណើរទៅមុខតែយើងចាំបាច់ត្រូវស្វែងរកថវិកាពីសភារាល់ឆ្នាំ។ ដូច្នេះខ្ញុំ មិនអាចផ្តល់អាត្ថាធិប្បាយមុនសភា ចំពោះជំនួយដែលយើងត្រូវជួយប៉ុន្មាន នោះទេ។ តែយើងបានផ្តល់ថវិកាជាប់ជាប្រចាំ»។
សាលាក្តីកាត់ទោសខ្មែរក្រហមគ្រោងនឹងធ្វើការកាត់ទោសសំណុំរឿង០០២វគ្គទី២ ទៀត ដែលមានបទចោទជាច្រើនទៀត រួមទាំងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ផងដែរ ដែលមេដឹកនាំពីររូបដដែលគឺ នួន ជា បងធំទី២នៃរបបខ្មែរក្រហម និង ខៀវ សំផន ប្រមុខរដ្ឋត្រូវប្រឈមមុខ។ ក្រុមអ្នកវិភាគរំពឹងថានៅពេលខាងមុខ ការកាត់ទោសសំណុំរឿងវគ្គថ្មី ជាមួយនឹងបទចោទសំខាន់ៗរឿង ប្រល័យពូជសាសន៍ លើជនជាតិចាមនិងវៀតណាមផងនោះ នឹងផ្តល់យុត្តិធម៌ ក្នុងចិត្តបន្ថែមទៀត ហើយបើកឲ្យឃើញការណ៍ពិតថែមទៀតផងដែរ៕