ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានបង្ហាញឲ្យដឹងថា ក្រុមជនរងគ្រោះនិងពលរដ្ឋជាច្រើនចង់ដឹងការណ៍ពិតពីការកាប់សម្លាប់រង្គាលនៅសម័យខ្មែរក្រហម ចង់ដឹងការណ៍ពិតអំពីអ្នកនៅពីក្រោយខ្នង ដែលអតីតមេដឹកនាំខ្មែរក្រហមអាចទំលាយចេញបាន ហើយនឹងការសុំអភ័យទោសពីអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោសពីបទឧក្រិដ្ឋកម្មនានាដែលធ្វើឲ្យពលរដ្ឋជាង១លាន៧សែននាក់ស្លាប់ក្នុងទសវត្សរ៍១៩៧០។ នេះជាការអះអាងរបស់លោកលី សុខឃាង ប្រធានគម្រោងឃ្លាំមើលយុត្តិធម៌នៃមជ្ឈមណ្ឌលឯកសារកម្ពុជា។
លោកបានអះអាងថា ការលើកឡើងយ៉ាងដូច្នេះគឺចំពេលដែលលោកនិងក្រុម របស់លោករៀបចំវេទិកាពិភាក្សាអំពីសាលាក្តីខ្មែរក្រហមនៅតាមមូលដ្ឋានដើម្បីអប់រំពលរដ្ឋឲ្យដឹងអំពីដំណើរការសាលាក្តីខ្មែរក្រហម អំពីសំណុំរឿងនីមួយៗតាំងពីឆ្នាំ២០០៦មក។
លោកសុខឃាងថ្លែងយ៉ាងដូច្នេះក្នុងពេលដែលលោកចូលរួមជាវាគ្មិនក្នុងកម្មវិធី ហេឡូវីអូអេពិសេសកាលពីយប់ថ្ងៃពុធទី២០ខែសីហាឆ្នាំ២០១៤៕