ព័ត៌មានចុងក្រោយ៖ ស.រ.អា.បានបញ្ជូនអ្នកទោសជនជាតិអាហ្វហ្គានីស្ថានបួននាក់ដែលជាប់ឃុំឃាំងក្នុងគុកយោធាស.រ.អា.នៅឆកសមុទ្រ Guantanamo ប្រទេសគុយបា (Cuba) ទៅកាន់ប្រទេសអាហ្វហា្គនីស្ថាន (Afghanistan) វិញ។
ក្រុមមន្ត្រីស.រ.អា.បាននិយាយថាបុរសទាំងនោះបានត្រូវត្រួតពិនិត្យយូរមកហើយថាគ្មានគ្រោះថ្នាក់ទេមុនពេលត្រូវបានដោះលែង ហើយបានត្រូវបញ្ជូនទៅកាន់ប្រទេសកំណើតវិញ ដែលនេះជាសញ្ញាមួយនៃការទុកចិត្តលើរដ្ឋាភិបាលរបស់លោក Ashraf Ghani ប្រធានាធិបតីថ្មីនៃប្រទេសអាហ្វហ្គានីស្ថាន។
ស្ថានទូតស.រ.អា.នៅក្នុងក្រុងកាប៊ុល (Kabul) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាខ្លួនមាន «ការទុកចិត្តពេញលេញលើសមត្ថភាពរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានក្នុងការកាត់បន្ថយការគំរាមកំហែងទាំងទ្បាយដែល ជនទាំងនេះអាចបង្កឡើង ហើយក្នុងការធ្វើឱ្យប្រាកដប្រជាថាជនទាំងនោះទទួលការប្រព្រឹត្តទៅលើប្រកបដោយមនុស្សធម៌»។
ព័ត៌មាននៅមុននេះ៖ ទាហានស.រ.អ.ភាគច្រើនត្រូវបានកំណត់ឲ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថានមិនហួសពីដំណាច់ឆ្នាំនេះ។
ស.រ.អ.បានដោះលែងអ្នកទោសទាំងអស់២៣នាក់ចេញពីពន្ធនាគារ Guantanamo នៅឆ្នាំនេះដោយមានរួមបញ្ចូលបុរស៦នាក់បានត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយរូហ្គាយ (Uruguay) នៅខែនេះដើម្បីទៅតាំងលំនៅដ្ឋានជាថ្មីនៅទីនោះជាអ្នកភៀសខ្លួន។
បុរសទាំង៦នាក់នេះបានជាប់ឃុំជាជនជាប់សង្ស័យថា ជាក្រុមសកម្មប្រយុទ្ធមានការទាក់ទងជាមួយនឹងក្រុមអាល់កៃដា (al-Qaida) ក៏ប៉ុន្តែពួកគេមិនបានទទួលការចោទប្រកាន់ទេ។
ចំនួនអ្នកទោសនៅក្នុងពន្ធនាគារ Guantanamoដែលមាន២៤២នាក់នៅពេលលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ចូលកាន់តំណែងកាលពីឆ្នាំ២០០៩ បានចុះថយជាលំដាប់មកនៅត្រឹមតែ១៣២នាក់ក្នុងពេលបច្ចុប្បន្ននេះ។
ក្រុមមន្ត្រីបាននិយាយថាពួកគេរំពឹងថានឹងមានការផ្ទេរអ្នកទោសច្រើនជាងមុននៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕