ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​សង្ឃឹម​ថា​គោល​នយោបាយ​ការបរទេស​អាមេរិក​មិន​ដូរ​ក្រោយ​ការ​បោះឆ្នោត


មាន​បេក្ខ​ជន​ចំនួន​ពីរ​រូប​គឺ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ពី​គណ​បក្ស​ប្រជាធិ​បតេយ្យ​និង​លោក​មីត្ត រ៉មនី​ បេក្ខ​ជន​ពី​គណ​បក្ស​សាធារណៈ​រដ្ឋ​បាន​​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធា​នាធិបតី​នៃ​សហរដ្ឋ​អា​មេរិក​។​
មាន​បេក្ខ​ជន​ចំនួន​ពីរ​រូប​គឺ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ពី​គណ​បក្ស​ប្រជាធិ​បតេយ្យ​និង​លោក​មីត្ត រ៉មនី​ បេក្ខ​ជន​ពី​គណ​បក្ស​សាធារណៈ​រដ្ឋ​បាន​​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធា​នាធិបតី​នៃ​សហរដ្ឋ​អា​មេរិក​។​

មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​បាន​សង្ឃឹម​ទុក​ជា​មុន​ថា​គោលនយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អា​មេរិក​លើ​កម្ពុជា​និង​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ។

ភ្នំពេញ៖ ក្នុង​ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​ប្រធានាធិបតេយ្យ​ថ្មី​នៅ​ថ្ងៃ​អង្គារនេះ។ មន្ត្រី​រដ្ឋា​ភិបាល​កម្ពុជា​បាន​សង្ឃឹម​ទុក​ជា​មុន​ថា​គោលនយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អា​មេរិក​លើ​កម្ពុជា​និង​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ។
ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ទាម​ទារ​ឲ្យ​ប្រធានាធិបតេយ្យ​ដែល​ជាប់​ឆ្នោត​ថ្មី​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋា​ភិបាល​កម្ពុជា​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​និង​គោរព​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​បើ​ប្រៀបធៀប​ជាមួយ​នឹងប្រទេស​ជិត​ខាង។​
មាន​បេក្ខ​ជន​ចំនួន​ពីរ​រូប​គឺ​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ពី​គណ​បក្ស​ប្រជាធិ​បតេយ្យ​និង​លោក​មីត្ត រ៉មនី​ បេក្ខ​ជន​ពី​គណ​បក្ស​សាធារណៈ​រដ្ឋ​បានឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ប្រធា​នាធិបតី​នៃ​សហរដ្ឋ​អា​មេរិក​។​
សម្រាប់​ពលរដ្ឋ​សហ​រដ្ឋ​អា​មេរិក​នៅ​កម្ពុជា ស្ថាន​ទូត​សហរដ្ឋ​អា​មេរិក​បាន​រៀប​ចំ​ស្ថានីយបោះ​ឆ្នោត​ចំនួន​បី​កន្លែង​គឺ​នៅ​ក្នុង​បរិវេន​ស្ថាន​ទូត​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ នៅ​ក្រុង​ព្រះ​ស៊ី​ហនុ និង​នៅ​ក្នុង​ខេត្ត​សៀមរាប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​សន​ ម៉ាក​ឃិន​ថូត​ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក។​
លោក​បាន​ប្រាប់​វីអូអេ​តាម​រយៈ​សារអេឡិច​ត្រូនិក​ថា «យើង​បាន​រៀប​ចំ​ព្រិត្តិ​ការណ៍​បោះឆ្នោត​ចំនួន​បី​កន្លែង​ដែល​នៅ​ទី​នោះ​ពលរដ្ឋ​អា​មេរិក​កាំង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បោះឆ្នោត​ដោយ​ប្រើ​ទម្រង់​មិន​ផ្ទាល់​។ លោក​បាន​និយាយ​ថា មាន​ប្រជា​ពលរដ្ឋ​អា​មេរិក​សរុប​ចំនួន​៣២០​នាក់​បាន​ផ្ញើ​ទម្រង់​បោះឆ្នោត​មិន​ផ្ទាល់​តាម​រយៈ​អ៊ីមែល​ទៅ​កាន់​សហរដ្ឋ​អា​មេរិក​តាម​រយៈ​ស្ថានទូត​សហរដ្ឋ​អាមេរិក។​
សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​ស្ថានទូត​សហរដ្ឋ​អា​មេរិក​ប្រចាំ​កម្ពុជា​ឲ្យ​ដឹង​ថា ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នឹង​រៀប​ចំ​ពិធី​មើល​ការ​ផ្សាយ​លទ្ឋផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ពុធ ហើយ​អ្នក​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​នឹងធ្វើ​ការទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​លទ្ឋផល​បោះ​ឆ្នោត​លើ​ផ្ទាំង​បញ្ចាំង​ធំ​ក្នុង​បរិវេណ​ស្ថានទូត។​
ក្នុង​កម្ម​វិធី​នោះ ​លោក​វីលាម ថដ្ត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដល់​ភ្ញៀវ​ដែល​ចូល​រួម។
សហរដ្ឋ​អា​មេរិក​និង​កម្ពុជា​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​អស់​រយៈ​ពេល​៦០​ឆ្នាំ​មក​ហើយ។ ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​បាន​បង្ក​ឲ្យ​មាន​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ពី​មន្ត្រី​រដ្ឋា​ភិបាល​ គណ​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើ​ទំនាក់​ទំនង​របស់​សហ​រដ្ឋ​អា​មេរិក​ជា​មួយ​កម្ពុជា​ក្រោយ​ការ​បោះ​ឆ្នោត។​
លោក​ផៃ​ ស៊ី​ផាន​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ជំនឿ​ថា ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អា​មេរិក​និង​កម្ពុជា​នឹង​មិន​មាន​អ្វី​ប្រែ​ប្រួល​ទេ​បើ​ទោះ​បី​ជា​គណ​បក្ស​ណា​ឈ្នះ​ឆ្នោត​ក៏​ដោយ។ លោក​បាន​បញ្ជាក់​ថា សហរដ្ឋ​អា​មេរិក​តែង​តែ​មាន​ទំនាក់​ទំនង​ការ​ទូត​ល្អ​នៅ​ក្នុង​ឆាក​អន្តរជាតិ​ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ។
«ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​សហរដ្ឋ​អាមេរិក យើង​កំពុង​ស្ថិត​នៅ​ក្នុង​សភាពការណ៍​នៃ​សហ​ប្រតិបត្តិ​ការ និង​ទំនាក់​ទំនង​ល្អ​ក្នុង​កិច្ច​ការ​កសាង​លិទ្ឋិ​ប្រជាធិបតេយ្យ​ ពង្រឹង​នីតិ​រដ្ឋ​ក៏​ដូចជា​មាន​ការ​គោរព​សិទ្ឋិ​មនុស្ស​ ដែល​យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ភាព​ជា​ដៃ​គួ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។​
លោក​ កឹម សុខា​អនុ​ប្រធាន​គណ​បក្ស​សង្គោះ​ជាតិ​បាន​និយាយ​ថា ទំនាក់​ទំនង​រវាង​សហរដ្ឋ​អា​មេរិក​និង​កម្ពុជា​កន្លង​មក​មាន​ភាព​ល្អ​ប្រសើរ​ដោយ​សារ​តែ​សហរដ្ឋ​អា​មេរិក​នៅ​តែ​តាម​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ឋិ​មនុស្ស​ ការ​រំលោភ​លិទ្ឋិ​ប្រជាធិបតេយ្យ​និង​នីតិ​រដ្ឋ​នៅ​កម្ពុជា។​
ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​កឹម សុខា​បាន​ទទូច​ដល់​រដ្ឋា​ភិបាល​ថ្មី​របស់​សហរដ្ឋ​អា​មេរិក​ជួយ​ពង្រឹង​ការ​គោរព​សិទ្ឋិ​មនុស្ស​និង​កំណែ​ទម្រង់​ប្រព័ន្ឋ​បោះ​ឆ្នោត​នៅ​កម្ពុជា​ដើម្បី​ឲ្យ​បាន​ការ​បោះ​ឆ្នោត​មួយ​សេរី​ យុត្តិធម៌ និង​អាច​ទទួល​យក​បាន។​
«រដ្ឋាភិបាល​ថ្មី​ហ្នឹង​ត្រូវ​តែ​គិត​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ជាតិ​មួយ​ដែរ​ ប្រជា​ពលរដ្ឋ​ខ្មែរ​ក៏​ជា​មនុស្ស​ដែរ។ ដូច្នេះ​ហើយ​មិន​បណ្តោយ​ឲ្យ​អ្នក​កាន់​អំណាច​ផ្តាច់ការ ឬ​ឥទ្ឋិ​ពល​ពី​បរទេស​នៃ​ប្រទេស​មួយ​ដែល​នៅ​ជិត​ខាង​មក​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ទេ។ យើង​ជា​ប្រទេស​មួយ​ដែរ»។​
លោក​អ៊ូ វីរៈ​ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ឋិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ថា ប្រសិន​បើ​លោក​ប្រធានាធិ​បតី​អូបាម៉ា នៅ​កាន់​អំណាច​ដដែល​លោក​សង្ឃឹម​ថា ជំនួយ​របស់​សហរដ្ឋ​អា​មេរិក​នឹង​មាន​ចំនួន​ច្រើន​ជាង​មុន​មក​លើ​កម្ពុជា​ក៏ ប៉ុន្តែ​បើ​លោក​មីត្ត រ៉មនី ជាប់​ឆ្នោតវិញ​លោក​នឹងអាច​ដាក់​សម្ពោធ​កាន់​តែ​ខ្លាំង​ជាង​មុន​លើ​កម្ពុជា​តាម​រយៈ​ការ​គំរាម​កំហែង​និង​ពិន័យ​ទោស។​
លោក​បាន​បន្ថែម​ថា សហរដ្ឋ​អា​មេរិក​គួរ​តែ​ដាក់​សម្ពាធ​លើ​កម្ពុជា​ទាក់​ទិន​នឹង​ដំណើរ​ការ​លិទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ឋិ​មនុស្ស​ឲ្យ​បាន​ច្រើន​ជាង​មុនទើប​ដំណើរការ​លិទ្ឋិ​ប្រជាធិបតេយ្យ​អាច​នៅ​ស្ថិតស្ថិរ៕
XS
SM
MD
LG