ក្រោយសភារបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃសៅរ៍បានចោទប្រកាន់ដកតំណែងលោកប្រធានាធិបតី Yoon Suk Yeol ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹកដ៏គួរឱ្យភ្ញាក់ផ្អើល និងរយៈពេលខ្លីរបស់លោក ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ដោយបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសកូរ៉េខាងត្បូង ពលរដ្ឋកូរ៉េខាងត្បូង និងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការនេះថា៖ «ការប្តេជ្ញាចិត្តរបស់យើងចំពោះសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង គឺមានភាពរឹងមាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធភាពនេះបានបោះជំហានទៅមុខយ៉ាងសម្បើម ហើយសហរដ្ឋអាមេរិកទន្ទឹងរង់ចាំភាពជាដៃគូជាមួយកូរ៉េខាងត្បូងលើការសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត។ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការងារនេះជាមួយប្រធានាធិបតីស្តីទីលោក Han Duck-soo និងរដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីជំរុញផលប្រយោជន៍ និងតម្លៃរួមរបស់យើង»។
ការដាក់ច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ របស់លោក Yoon ដែលចំណាត់ការលើកដំបូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍នៅក្នុងប្រទេសកូរ៉េខាងត្បូង មានរយៈពេលត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ ប៉ុន្តែបានបង្កឱ្យមានភាពច្របូកច្របល់ផ្នែកនយោបាយដ៏ធំ បញ្ឈប់សកម្មភាពការទូត និងរង្គុះរង្គើទីផ្សារហិរញ្ញវត្ថុ។ លោក Yoon ត្រូវបានបង្ខំឱ្យដកក្រឹត្យរបស់លោក បន្ទាប់ពីសភាបានបោះឆ្នោតជាឯកច្ឆ័ន្ទឱ្យលុបចោលក្រឹត្យនេះ។
ចំណាត់ការច្បាប់អាជ្ញាសឹកពេលនោះបានបញ្ចប់ការជាប់គាំនយោបាយជាច្រើនថ្ងៃ ប៉ុន្តែបានបង្កើតការជជែកដេញដោលគ្នាយ៉ាងខ្លាំងអំពីជោគវាសនារបស់លោក Yoon។
រដ្ឋសភាបានអនុម័តការចោទប្រកាន់ដកតំណែង ក្រោមសំឡេងបោះឆ្នោត ២០៤ ទល់នឹង ៨៥។ អំណាច និងភារកិច្ចរបស់លោកប្រធានាធិបតី Yoon ត្រូវបានព្យួរជាបន្ទាប់ ហើយលោកនាយករដ្ឋមន្ត្រី Han Duck-soo ដែលជាមន្ត្រីកំពូលទី២ របស់ប្រទេស បានឡើងកាន់អំណាចប្រធានាធិបតីស្តីទីនៅថ្ងៃសៅរ៍នេះ។
តុលាការធម្មនុញ្ញមានពេលរហូតដល់ ១៨០ថ្ងៃ ដើម្បីកំណត់ថាតើត្រូវបណ្តេញលោក Yoon ចេញពីតំណែងជាប្រធានាធិបតី ឬស្ដារអំណាចរបស់លោកឡើងវិញ។ ប្រសិនបើលោកត្រូវបានបណ្តេញចេញពីតំណែង ការបោះឆ្នោតជាតិដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោក ត្រូវតែធ្វើឡើងក្នុងរយៈពេល ៦០ថ្ងៃ។
វាគឺជាការបោះឆ្នោតសភាជាតិលើកទីពីរលើការចោទប្រកាន់របស់លោក Yoon បន្ទាប់ពីសមាជិកសភាគណបក្សអំណាចប្រជាជនដែលកាន់អំណាចបានធ្វើពហិការមិនចូលរួមការបោះឆ្នោតទីមួយកាលពីថ្ងៃសៅរ៍មុន។ ចាប់តាំងពីពេលនោះមក សមាជិកសភាគណបក្សអំណាចប្រជាជនមួយចំនួនបាននិយាយថា ពួកគេនឹងបោះឆ្នោតសម្រាប់ការចោទប្រកាន់ដកដំណែងរបស់លោក Yoon នៅពេលដែលការតវ៉ាជាសាធារណៈកាន់តែខ្លាំងឡើង ហើយប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះ។
ប្រធានរដ្ឋសភា Woo Won Shik បាននិយាយថា ការចោទប្រកាន់ដកតំណែងលោក Yoon គឺជាលទ្ធផលដែលជំរុញដោយ «បំណងប្រាថ្នាដ៏ខ្លាំងក្លារបស់ប្រជាជនសម្រាប់លទ្ធិប្រជាធិបតេយ្យ ភាពក្លាហាន និងការលះបង់»។
មនុស្សរាប់សែននាក់ដែលប្រមូលផ្តុំគ្នានៅក្បែរសភា បានស្រែកហ៊ោឡើងដោយភាពរីករាយ គ្រវីបដា និងដំបងបញ្ចេញពន្លឺ K-pop ចម្រុះពណ៌ ខណៈដែលសកម្មជននាំមុខម្នាក់បានស្រែកនៅលើឆាកថា «យើងបានរក្សាសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ!» ហើយ។
នៅកណ្តាលទីក្រុងសេអ៊ូល ហ្វូងមនុស្សដ៏ច្រើនផ្សេងទៀតបានប្រមូលផ្តុំគ្នាគាំទ្រលោក Yoon ប៉ុន្តែពួកគេបានថយចុះបន្ទាប់ពីបានឮថាលោកត្រូវបានគេចោទប្រកាន់ដកតំណែង។
លោក Yoon បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោកនឹង «មិនចុះចាញ់» និងអំពាវនាវឱ្យក្រុមមន្ត្រីរក្សាស្ថិរភាពនៅក្នុងមុខងារនានារបស់រដ្ឋាភិបាល ក្នុងអំឡុងពេលអ្វីដែលលោកបានពិពណ៌នាថា ជាការផ្អាក «បណ្តោះអាសន្ន» នៃតំណែងប្រធានាធិបតីរបស់លោក។
លោក Yoon បាននិយាយថា៖ «ខ្ញុំនឹងទទួលយករាល់ការរិះគន់ ការលើកទឹកចិត្ត និងការគាំទ្រមកលើខ្ញុំ ហើយខ្ញុំនឹងបន្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាពសម្រាប់ប្រទេសរហូតដល់ពេលចុងក្រោយ»។
លោក Han ដែលជាមេដឹកនាំស្តីទី បានបញ្ជាឱ្យយោធាពង្រឹងឥរិយាបថសន្តិសុខរបស់ខ្លួន ដើម្បីការពារកុំឲ្យកូរ៉េខាងជើងបង្កហេតុដោយការគណនាខុស។ លោក Han បានស្នើឱ្យរដ្ឋមន្ត្រីការបរទេសជូនដំណឹងដល់ប្រទេសផ្សេងទៀតថា គោលនយោបាយខាងក្រៅសំខាន់ៗរបស់កូរ៉េខាងត្បូងនៅតែមិនផ្លាស់ប្តូរ ហើយរដ្ឋមន្ត្រីហិរញ្ញវត្ថុត្រូវធ្វើការ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតមានលើសេដ្ឋកិច្ច ដោយសារភាពចលាចលនយោបាយ។ នេះបើយោងតាមការិយាល័យរបស់លោក Han។
លោក Han បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា៖ «ខ្ញុំសូមស្នើសុំដោយស្មោះត្រង់ដល់មន្ត្រីរាជការ។ នៅពេលនេះ យើងមានភារកិច្ចសំខាន់ក្នុងការធានានូវប្រតិបត្តិការធម្មតា និងស្ថិរភាពនៃកិច្ចការរដ្ឋ … ខ្ញុំសុំឱ្យអ្នកអនុវត្តភារកិច្ចរបស់អ្នក ដោយមិនមានការធ្វេសប្រហែសណាមួយ ដើម្បីធានាថារដ្ឋាភិបាលត្រូវបានដំណើរការដោយមិនមានការរង្គោះរង្គើឡើយ»។ .
ភាគច្រើននៃសេចក្តីរាយការណ៍ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP។
វេទិកាបញ្ចេញមតិ