ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Blinken៖ សហរដ្ឋ​អាមេរិក​ចង់បាន​ទំនាក់ទំនង​វិជ្ជមាន​លើ​ពហុវិស័យ​ជាមួយ​កម្ពុជា


រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែអនៅក្នុងកម្មវិធីពាណិជ្ជកម្មកសិកម្ម ដែលធ្វើឡើងនៅមជ្ឈមណ្ឌល AmCam Exchange ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែអនៅក្នុងកម្មវិធីពាណិជ្ជកម្មកសិកម្ម ដែលធ្វើឡើងនៅមជ្ឈមណ្ឌល AmCam Exchange ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កម្ពុជា​ចាប់​ពីថ្ងៃ​ទី ៣ ដល់​ថ្ងៃទី ៥ ខែ​សីហា​ រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​ «ចង់​បាន​ទំនាក់ទំនង​វិជ្ជមាន​ជាមួយ​ប្រទេស​កម្ពុជា» ក្នុង​គ្រប់វិស័យ បើ​ទោះ​បីជា​កំណត់ត្រា​នៃ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នេះ​មាន​ភាព​រង្គោះរង្គើរ​ជា​បន្តបន្ទាប់​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរពសិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្តី។

លោក Blinken បាន​ថ្លែង​ថា៖ «យើង​ចង់​ពង្រឹង​ទំនាក់ទំនង​របស់​យើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ល្អ​ដែល​ប្រទេស​យើង​ទាំង​ពីរ​បាន​បង្កើត​រួច​ហើយ​នោះ។ យើង​មាន​មោទនភាព​ ក្នុង​ការ​ដែល​សហរដ្ឋ​អាមេរិក​ គឺជា​ទីផ្សារ​ដ៏​ធំ​បង្អស់​ដល់​កម្ពុជា​នាំចេញ​ផលិតផល​របស់​ខ្លួន។ ពិតណាស់ យើង​បាន​ឃើញ​ផលិតកម្ម​ដ៏​ល្អ​មួយ​ចំនួន ដូចជា​គ្រាប់​ចន្ទី និង​ស្វាយ ដែលយើង​កំពុង​ធ្វើកិច្ចការ​ជួយ​កសិករ​ទាំង​អស់នោះ​អាច​នាំ​ចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ផ្សេងៗ​ទៀត»។

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ថ្លែង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​វីអូអេ​ប្រចាំ​រាជធានី​ភ្នំពេញ កាលពីថ្ងៃសុក្រ។

កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​ដែល​មាន​តម្លៃ​ជាទឹកប្រាក់​ប្រមាណ ៨.៧ ពាន់​លានដុល្លារ​ ទៅ​សហរដ្ឋ​អាមេរិក ដែល​មាន​តម្លៃ​កើន​ឡើង​ជាង ៣៣ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០។ ផលិត​ផល​ក្នុង​វិស័យ​កាត់ដេរ ស្បែកជើង និង​ការ​ធ្វើ​ដំណើរ​ទេសចរណ៍ ជា​ផលិតផល​ភាគច្រើន​ដែល​កម្ពុជា​បាន​នាំចេញ​ទៅ​សហរដ្ឋ​អាមេរិក។ វិស័យ​ទាំង​នេះ​បាន​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជាង ១ លាន​នាក់ ក្នុងនោះ​ភាគច្រើន​ជា​ស្ត្រី។ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក Blinken បាន​ប្រកាស​អំពី​គម្រោង​ Harvest III ដែលមាន​ទឹកប្រាក់ ២៥ លាន​ដុល្លារ​ ដែល​នឹង​ផ្តល់​ទំនុក​បម្រុង​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​រយៈពេល ៥ ឆ្នាំ​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​អាហារ និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា តាម​រយៈ​កិច្ចការ​ដឹកនាំ​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) ប្រចាំ​កម្ពុជា។ ​

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken លើកដៃសំពះស្វាគមន៍ ក្នុងអំឡុងពេលលោកចូលរួមក្នុងពិធីពាណិជ្ជកម្មកសិកម្ម នៅមជ្ឈមណ្ឌល AmCam Exchange ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken លើកដៃសំពះស្វាគមន៍ ក្នុងអំឡុងពេលលោកចូលរួមក្នុងពិធីពាណិជ្ជកម្មកសិកម្ម នៅមជ្ឈមណ្ឌល AmCam Exchange ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា ឆ្នាំ ២០២២។

ក្រៅ​ពី​វស័យ​សេដ្ឋកិច្ច​ លោក Blinken ក៏​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​«មាន​មោទនភាព» ដែល​បាន​ក្លាយ​ជា​ដៃគូរបស់​កម្ពុជា​ ក្នុង​ការ​ផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​រាតត្បាត​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​កំពុង​រង​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​និង​សុខភាព​សាធារណៈ​ដោយសារ​តែ​វិបត្តិ​រ៉ាំរ៉ៃ​នៃ​ជំងឺ​មួយ​នេះ។ ចាប់តាំង​ពី​វិបត្តិ​កូវីដ​បាន​រាតត្បាត​កម្ពុជា​និង​ពិភពលោក សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ជំនួយ​ជា​សម្ភារៈ​សុខាភិបាល​ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ប្រមាណ ១៥.៣ លាន​ដុល្លារ និង​វ៉ាក់សាំង​ចំនួន ៣ លាន​ដូស តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក។ ​

លោក Blinken បាន​ថ្លែង​ថា៖ «យើង​ពិតជា​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​បាន​ផ្តល់​វ៉ាក់សាំង​ ក្នុង​អំឡុង​វិបត្តិ​កូវីដ ហើយ​យើង​បរិច្ចាគ​ ដោយ​មិន​យកប្រយោជន៍​មក​វិញ​នោះ​ទេ ដើម្បី​ជួយ​កម្ពុជា​ទប់ទល់​នឹង​វិបត្តិ​ជំងឺរាតត្បាត​កូវីដ​នេះ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​ស្តីពី​អាស៊ីខាង​កើត​ដែល​ជា​ផ្នែក​មួយ​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី ៥៥ លោក​រដ្ឋមន្ត្រី​ការបរទេស Blinken បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ​ថា លោក​ពិតជា​ជាប់​ចិត្ត​នឹង​ភាព​រួសរាយ​រាក់ទាក់​និង​ភាព​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ស្វាគម​រូប​លោក ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​លោក​មក​កាន់​កម្ពុជា។

រូបឯកសារ៖ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ចាប់ដៃស្វាគមន៍រដ្ឋមន្ត្រីក្រសួងសិល្បៈនិងវប្បធម៌កម្ពុជាអ្នកស្រី ភឿង សកុណា នៅក្នុងពិធីប្រគល់វត្ថុបុរាណដែលត្រូវបានលួចចេញពីកម្ពុជា ឲ្យមកកម្ពុជាវិញនៅសារមន្ទីរជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២។
រូបឯកសារ៖ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ចាប់ដៃស្វាគមន៍រដ្ឋមន្ត្រីក្រសួងសិល្បៈនិងវប្បធម៌កម្ពុជាអ្នកស្រី ភឿង សកុណា នៅក្នុងពិធីប្រគល់វត្ថុបុរាណដែលត្រូវបានលួចចេញពីកម្ពុជា ឲ្យមកកម្ពុជាវិញនៅសារមន្ទីរជាតិកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២។

ដោយ​ឡែក​វិស័យ​មួយ​នៅ​កម្ពុជា ត្រូវបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់​ប្រមុខ​ការទូត​អាមេរិក​ជាន់​ខ្ពស់រូប​នេះ នោះ​គឺ​វិស័យ​វប្បធម៌ និង​ការ​ការពារ​បេតិកភណ្ឌ​កម្ពុជា ដូចជា​រូប​បដិមា និង​វត្ថុបុរាណ​ខ្មែរ ដែល​ត្រូវបាន​បាត់បង់​ដោយសារ​សង្គ្រាម​ក្នុង​ប្រទេស​មួយ​នេះ។

លោក Blinken បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​ផ្តាច់​មុខ​ជាមួយ​ VOA ថា៖ «កិច្ចការ​មួយ​ដែល​ខ្ញុំ​មាន​មោទនភាព​ខ្លាំង​ផងដែរ​នោះ គឺ​ថា យើង​បាន​និង​កំពុង​ប្រគល់​រូបបដិមា​បេតិកភណ្ឌ​វប្បធម៌ ដែល​ត្រូវបាន​លួច​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ធានាថា​វត្ថុបុរាណ​ទាំង​អស់​នេះ​ត្រូវបាន​ប្រគល់​ឲ្យ​កម្ពុជា​វិញ។ ​ខ្ញុំ​យក​ចិត្ត​ទុកដាក់​ខ្លាំង​ណាស់ ចំពោះ​កិច្ចការ​ការពារ​វប្បធម៌​នេះ»។

កាលពី​ពាក់កណ្តាល​ខែកក្កដា​កន្លង​ទៅ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រគល់​វត្ថុ​បុរាណ​ចំនួន ២៧ ដុំ ដែល​ត្រូវបាន​លួច​ចេញ​ពី​កម្ពុជា​ឲ្យ​កម្ពុជា​វិញ។ ចាប់តាំង​ពី​មាន​ការចុះ​អនុស្សារណយោគយល់គ្នា រវាង​ដ្ឋាភិបាលកម្ពុជា​និង​សហរដ្ឋអាមេរិក​ស្តី​ពី​កិច្ចសហ​ប្រតិបត្តិការ​ផ្នែកវប្បធម៌​មក សហរដ្ឋអាមេរិក​បាន​ប្រគល់​រូបបដិមា និង​វត្ថុ​បុរាណ​ប្រមាណ ១០០ ដុំ​ដល់​កម្ពុជា​វិញ។

លោក Antony Blinken បាន​ក្លាយ​ជា​ប្រមុខ​ការទូត​ជាន់ខ្ពស់​របស់​សហរដ្ឋ​អាមេរិក​ ដែល​បាន​មក​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០២២ ក្រោម​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​លោក Joe Biden បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក John Kerry ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​លោក Barack Obama កាលពី​ឆ្នាំ ២០១៦ និង​លោកស្រី Hillary Clinton កាលពី​ឆ្នាំ ២០១២៕

XS
SM
MD
LG