គម្រោងប៉ុស្តិ៍ត្រួតពិនិត្យរួមមួយ ដែលត្រូវបានណែនាំដោយរដ្ឋាភិបាលក្រុងហុងកុងកាលពីដើមខែនេះ ដែលអនុញ្ញាតឲ្យប៉ូលិសចិនដីគោកមានវត្តមាននៅឯស្ថានីយរថភ្លើងល្បឿនលឿនភ្ជាប់ទីក្រុងកំពង់ផែនេះ ទៅកាន់ទីក្រុងធំៗផ្សេងទៀតនៅក្នុងប្រទេសចិន ត្រូវគេរំពឹងថា នឹងទទួលការជំទាស់ខ្លាំងពីក្រុមប្រឆាំង នៅពេលដែលគម្រោងនេះត្រូវឆ្លងកាត់ការពិនិត្យផ្នែកនីតិបញ្ញត្តិ។
ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យនិងអ្នកជំនាញច្បាប់ជាច្រើន និយាយថា រដ្ឋបាលថ្មីដែលទើបចូលកាន់ដំណែងរបស់លោកស្រី Carrie Lam ប្រធានរដ្ឋបាលទីក្រុងហុងកុង ប្រហែលជាបានបង្កើតបញ្ហានយោបាយដែលអាចនឹងមានឥទ្ធិពលអាក្រក់មួយ។
ពួកគេបានចោទរដ្ឋបាលលោកស្រី Lam អំពីការកេងប្រវ័ញ្ចលើចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញខ្នាតតូចរបស់ទីក្រុងនេះ ដោយព្រាងកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយដែលអាចធ្វើឲ្យប៉ះពាល់ និងបង្កហានិភ័យដល់សិទ្ធិនិងសេរីភាពប្រជាពលរដ្ឋហុងកុង ប្រសិនបើត្រូវបានអនុវត្ត បើទោះបីជាអ្នកជំនួញជាច្រើនចូលចិត្តប្រើប្រាស់ខ្សែរថភ្លើងនេះ ដោយសារតែភាពងាយស្រួល ជាជាងស្វ័យភាពក្តី។
គ្មានភាពក្លាហាន
លោកស្រី Claudia Mo តំណាងរាស្ត្រគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជាអតីតសមាជិកគណបក្ស Civic Party បានបន្ទោសលោកស្រី Lam ថា បានបរាជ័យនៅក្នុងការសាកល្បងលើកទី១ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍រដ្ឋាភិបាលក្រុងប៉េកាំងនិងប្រជាពលរដ្ឋហុងកុង។
លោកស្រី Mo និយាយថា៖ «លោកស្រី [Lam] គឺគ្មានសេចក្ដីក្លាហានប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំងឡើយ។ លោកស្រីគឺជាមនុស្សជំនាញការិយាធិបតេយ្យ។ លោកស្រីនឹងធ្វើទៅតាមអ្វីដែលគេប្រាប់ឲ្យធ្វើ។ នេះគឺជារឿងគួរឲ្យសោកស្ដាយមួយ» សម្រាប់ប្រជាពលរដ្ឋហុងកុង។
កាលពីចុងខែកក្កដា រដ្ឋបាលលោកស្រី Lam បានប្រកាសអំពីច្រកអន្តោប្រវេសន៍រួមគ្នាមួយ នឹងត្រូវបង្កើតនៅស្ថានីយ West Kowloon ដែលមានខ្សែរថភ្លើងឆ្លងព្រំដែនទៅកាន់ទីក្រុងក្វាងចូវ។ នៅទីនោះ មន្ត្រីចិនដីគោកមានយុត្តាធិការពេញលេញអស់មួយភាគបួននៃបរិវេណដែលជួលឲ្យចិនដីគោក ក៏ដូចជានៅក្នុងរថភ្លើង ទោះបីជារថភ្លើងនោះគឺជាផ្នែកមួយនៃដំណើរចម្ងាយ២៦គីឡូម៉ែត្រក្នុងទីក្រុងក៏ដោយ។
ច្បាប់របស់ប្រទេសចិន ដែលដើរយឺតជាងច្បាប់ហុងកុងឆ្ងាយក្នុងការការពារសិទ្ធិមនុស្សនិងសេរីភាពនៅក្នុងបញ្ចេញមតិ ច្បាប់នោះនឹងត្រូវអនុវត្តនៅតាមបុស្តិ៍ត្រួតពិនិត្យចិនដីគោក និងក្នុងរថភ្លើងនៃគម្រោងតម្លៃ១១ប៉ីលានដុល្លារ ដែលកំណត់ឲ្យប្រតិបត្តិការនៅត្រីមាសទី៣ឆ្នាំក្រោយនេះ។
មន្ត្រីរដ្ឋាភិបាលនៃទីក្រុងហុងកុង អះអាងថា កិច្ចព្រមព្រៀងរួមកន្លែងនេះ នឹងមិនបំពានច្បាប់រដ្ឋធម្មនុញ្ញហុងកុងទេ ដោយសារតំបន់ដែលជួលឲ្យចិននេះ នឹងត្រូវចាត់ទុកថានៅខាងក្រៅព្រំដែនទីក្រុង ហើយការជួលនេះនឹងអនុវត្តទៅតាមមាត្រាទី២០ ដែលចែងថា រដ្ឋាភិបាលក្រុងប៉េកាំងអាចផ្ដល់អំណាចដែលទីក្រុងហុងកុងមិនមាន រួមមានអំណាចដើម្បីអនុញ្ញាតការជួលដីទាំងនោះ។
នីតិរដ្ឋនៅតែរក្សាដដែល
លោកស្រី Lam បានសន្យាថា សំណើនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ ឬក៏ស្វ័យភាពកម្រិតខ្ពស់របស់ទីក្រុងនេះឡើយ ហើយក៏មិនប៉ះពាល់ដល់គោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ»ឡើយ។
លោកស្រី Lamនិយាយថា៖ «នេះមិនមែនជាសំណួរអំពីជម្រើសរវាងភាពងាយស្រួលរបស់អ្នកដំណើរប្រើប្រាស់រថភ្លើងល្បឿនលឿន និងនីតិរដ្ឋរបស់ហុងកុងឡើយ»។
ប៉ុន្តែ អ្នកជំនាញច្បាប់មិនយល់ស្របចំពោះការលើកឡើងនេះឡើយ។
បញ្ហាប្រឈមលើច្បាប់រដ្ឋធម្មនុញ្ញ
លោក Kevin Yam នៃក្រុមមេធាវី Progressive Lawyers Groupនិយាយថា រដ្ឋាភិបាលទីក្រុងមានសក្ដានុពលក្នុងការបង្កើតតុលាការរដ្ឋបាន ដែលតុលាការទីក្រុងហុងកុងមិនអាចពិនិត្យពិច័យបាន។
លោក Yam និយាយថា៖ «អ្វីដែលពួកគេកំពុងធ្វើ គឺមិនបានប្រកាន់ខ្ជាប់តាមធម្មនុញ្ញភាពលើគម្រោងនោះឡើយ ប៉ុន្តែបែរជាព្យាយាមរារាំងការពិនិត្យពិច័យដោយរដ្ឋធម្មនុញ្ញទៅវិញ»។ លោកបានបន្ថែមថា ការអនុវត្តច្បាប់ចិនដីគោក សូម្បីតែនៅផ្នែកតូចមួយនៃក្រុងហុងកុងក្តី ក៏ជាការរំលោភដោយផ្ទាល់លើតម្រូវការជាក់លាក់នៃរដ្ឋធម្មនុញ្ញដែរ។
លោក James To ជាមេធាវីនិងជាតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ក៏បានអះអាងដែរថា រដ្ឋាភិបាលទីក្រុងហុងកុង ក៏បានរំលោភលើមូលដ្ឋាននៃការតាក់តែងមាត្រាទី២០ ខណៈគោលបំណងរបស់មាត្រានេះ គឺដើម្បីផ្ដល់ស្វ័យភាពក្នុងកម្រិតខ្ពស់មួយដល់ទីក្រុងហុងកុង។
លោក To និយាយថា៖ «ការអនុវត្តនាពេលបច្ចុប្បន្ន គឺអនុញ្ញាតឲ្យរដ្ឋាភិបាលទីក្រុងហុងកុង ឬស្ថាប័ននីតិបញ្ញត្តិរបស់ហុងកុង បោះបង់[ដោយតាមសម្រួល] នូវស្វយ័តភាពរបស់ខ្លួនទៅឲ្យរដ្ឋាភិបាលក្រុងប៉េកាំង។ ខ្ញុំគិតថា វាជាការមើលស្រាលយ៉ាងខ្លាំងដល់គោលការណ៍ដើមនៃមាត្រាទី២០»។
តើអាចមានបាតុកម្ម Occupy Central ឡើងវិញទេ?
ក្រុមអ្នកប្រឆាំងភ័យខ្លាចថា គម្រោងរបស់ចិនក្នុងការធ្វើសមាហរណកម្មចិនដីគោកជាមួយហុងកុង តាមរយៈការរៀបចំឲ្យមានប៉ុស្តិ៍ត្រួតពិនិត្យរួមគ្នានេះ អាចដុតបញ្ឆេះឡើងវិញ និងធ្វើឲ្យមានការតវ៉ាតាមផ្លូវច្បាប់ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងចលនា Occupy Movement កាលពីឆ្នាំ២០១៤។
ប្រជាពលរដ្ឋវ័យក្មេងបានចាប់ផ្ដើមមើលឃើញរួចទៅហើយថា គម្រោងនេះគឺជាកិច្ចប្រឹងប្រែងបន្ថែមក្នុងការពង្រីកការគ្រប់គ្រងរបស់ចិនមកលើទីក្រុងហុងកុង។ សិស្សវិទ្យាល័យអាយុ១៦ឆ្នាំម្នាក់ និយាយថា លោកយល់ឃើញថា «វិធានការគ្រប់គ្រងសេរីភាពរបស់ចិន» គឺកាន់តែមិនអាចទទួលយកបាន បន្ទាប់ពីអ្នកនៅទីក្រុងនេះជួបប្រទះនឹងការចាប់ជំរិតក្រុមអ្នកលក់សៀវភៅ និងអ្នកជំនួញចិនម្នាក់។
បន្ថែមលើនោះ តំណាងរាស្ត្រលោក Jeremy Tam ដែលធ្លាប់ជាអ្នកបើកយន្តហោះម្នាក បានអះអាងថា រដ្ឋាភិបាលទីក្រុងនេះបានបំភ័ន្តសាធារណជនទូទៅ ដោយលើកយកប៉ុស្តិ៍ត្រួតពិនិត្យនេះថាស្រដៀងគ្នានឹងប៉ុស្តិ៍ត្រួតពិនិត្យនៅបរទេស រួមមានប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំដែនរវាងប្រទេសបារាំងនិងចក្រភពអង់គ្លេសតាមរយៈសេវារថភ្លើង Eurostar។
លោក Tam និយាយថា៖ «នៅពេលលើកយកឧទាហរណ៍ពីសហរដ្ឋអាមេរិកនិងកាណាដា ក៏ដូចជាអង់គ្លេសនិងបារាំងមកនិយាយ ពួកគេបានប្រើប្រាស់ឧទាហរណ៍នោះដោយមិនត្រឹមត្រូវ ពីព្រោះប៉ុស្តិត្រួតពិនិត្យទាំងនោះ [រួមទាំងខ្សែរថភ្លើង Eurostar] មានកិច្ចព្រមព្រៀងតែលើផ្នែកអន្តោប្រវេសន៍ប៉ុណ្ណោះ។ ហើយយុត្តាធិការទាំងនេះ ជាពិសេសយុត្តាធិការស្តីពីឧក្រិដ្ឋជន ឬអំណាចក្នុងការចាប់ខ្លួន។ល។ នៅតែជាកិច្ចការរបស់ប្រទេសជាម្ចាស់ផ្ទះ»៕
ប្រែសម្រួលដោយ៖ នូវ ពៅលក្ខិណា