ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី​អាមេរិក​ផ្សព្វផ្សាយ​ផែនការ​សេដ្ឋកិច្ច ​ខណៈ​ពលរដ្ឋ​អាមេរិកាំង​មាន​ទុទ្ទិដ្ឋិនិយម​


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​សេដ្ឋកិច្ច​នៅ​ទី​ក្រុង Chicago រដ្ឋ Illinois កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែង​សុន្ទរកថា​អំពី​សេដ្ឋកិច្ច​នៅ​ទី​ក្រុង Chicago រដ្ឋ Illinois កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣។

នៅ​មុន​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​សម្រាប់​អាណត្តិ​ទី២​នៅ​ឆ្នាំ២០២៤ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក​ Joe Biden ​កំពុង​ផ្សព្វផ្សាយ​ថា​ គោលនយោបាយ​របស់​លោក ​ដើម្បី​ «ពង្រីក​សេដ្ឋកិច្ច​ពី​ក្រោម​ឡើងលើ​ និង​ពី​កណ្តាល​ទៅ​ក្រៅ‍» ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ទប់ទល់​នឹង​អតិផរណា ​ហើយ​បាន​កាត់​បន្ថយ​ភាព​អត់​ការងារ​ធ្វើ។

នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃពុធ​នៅ​ក្នុង​ទីក្រុង Chicago ​ដើម្បី​លើក​ស្ទួយ​ទស្សនៈ​សេដ្ឋកិច្ច​ដែល​សេតវិមាន​បាន​ហៅ​ថា ​«សេដ្ឋកិច្ច Biden‍» ​ឬ ​Bidenomics ​នោះ ​លោក​ប្រធានាធិបតី​បាន​សរសើរអ្វី​ដែល​លោក​បាន​ហៅថា ​ជា​ការលូតលាស់​សេដ្ឋកិច្ច​យ៉ាង​ខ្ពស់​បំផុត​មួយ ​ក្នុង​ចំណោម​សេដ្ឋកិច្ច​នាំមុខ​ក្នុង​ពិភពលោក​ទាំងឡាយ ​តាំងពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​មក។

លោក​បាន​ថ្លែង​ថា៖ «យើង​បាន​បន្ថែម​ការងារ​ជាង១៣លាន​ក្នុង​រយៈពេល​២ឆ្នាំ ​ដែល​ជា​ចំនួន​ច្រើន​ជាង​ប្រធានាធិបតី​ណា​ទាំងអស់​បាន​ធ្វើ​ក្នុង​រយៈពេល​៤ឆ្នាំ»។

លោក​បាន​សង្ខេប​របៀបវារៈ​សេដ្ឋកិច្ច​របស់​លោក ​ជា​សរសរ​ស្តម្ភ​ចំនួន​៣៖ ធ្វើ​ការ​វិនិយោគ​ឈ្លាសវៃ​ក្នុង​ប្រទេស​អាមេរិក ​អប់រំ​និង​ពង្រឹង​អ្នកធ្វើការ​អាមេរិកាំង​ដើម្បី​បង្កើន​អ្នក​ចំណូល​កណ្តាល​និង​បង្កើន​ការ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​បន្ថយ​ការ​ចំណាយ​ និង​ជួយ​ក្រុមហ៊ុន​តូចៗ។

នៅមុន​ការថ្លែង​សុន្ទរកថា​របស់​លោក ​ក្រុម​ជំនួយការ​របស់​លោក ​បាន​នាំគ្នា​លើក​តម្កើង​ផែនការ​សេដ្ឋកិច្ច​របស់​លោក ​ដោយ​បាន​ចង្អុល​អំពី​ការ​បន្ថយ​ល្បឿន​នៃ​អតិផរណា ​និង​អត្រា​គ្មាន​ការងារ​ធ្វើ​ដែល​ស្ថិត​នៅ​ក្រោម​៤​ភាគរយ ​តាំងពី​ខែកុម្ភៈ​មក។

ក៏ប៉ុន្តែ​មក​ទល់នឹង​ពេលនេះ ​ពលរដ្ឋ​អាមេរិកាំង​មិន​យល់ស្រប​ចំពោះ​សុទិដ្ឋិនិយម​របស់​រដ្ឋបាល​លោក Biden ​ទេ។ ការ​ស្ទង់​មតិ​ថ្មី​បំផុត​របស់ Ipsos ​បង្ហាញ​ថា ​អត្រា​គាំទ្រ​លោក Biden ​ស្ថិតនៅ​ក្រោម​៤០​ភាគរយ​ដដែល។ សេដ្ឋកិច្ច​នៅតែ​ជារឿង​មួយ​ដែល​ជា​ការ​ព្រួយ​បារម្ភ​ជាង​គេ ​ហើយ​មនុស្ស​ភាគ​ច្រើន​មាន​ទុទ្ទិដ្ឋិនិយម​ចំពោះ​មាគ៌ា​របស់​ប្រទេស​ជាតិ ​ដែល​ជា​រឿង​មួយ​ដែល​គណបក្ស​សាធារណរដ្ឋ​តែងតែ​គូស​បញ្ជាក់៕

XS
SM
MD
LG