ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ថ្លែង​កោតសរសើរ​លោក Shimon Peres


ប្រធានាធិបតីអាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ស្ទាប​មឈូស​អតីត​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Shimon Peres បន្ទាប់​ពីថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​កន្លែង​បញ្ចុះ​សព​ Mount Herzl ក្នុង​ក្រុង​ហ្សេរ៊ុយសាឡិម កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦។
ប្រធានាធិបតីអាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ស្ទាប​មឈូស​អតីត​ប្រធានាធិបតី​អ៊ីស្រាអែល​លោក Shimon Peres បន្ទាប់​ពីថ្លែង​នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​កន្លែង​បញ្ចុះ​សព​ Mount Herzl ក្នុង​ក្រុង​ហ្សេរ៊ុយសាឡិម កាល​ពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៦។

លោកប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​បាន​មានប្រសាសន៍​ថា ការ​ប្តេជ្ញា​របស់​លោក Shimon Peres ក្នុង​ការ​រួម​រស់ជាមួយ​ជនជាតិ​ប៉ាឡេស្ទីន​ឋិត«នៅ​ក្នុង​កណ្តាប់ដៃ​នៃមនុស្ស​ជំនាន់ក្រោយ​របស់ប្រទេស​អ៊ីស្រាអែល និង​សម្ព័ន្ធមិត្តរបស់ប្រទេសនេះ»។ លោកប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ដូច្នេះ​នៅ​ក្នុង​ការ​ថ្លែង​វិយោគកថា​មួយ​នៅ​ក្នុង​ពិធី​បុណ្យ​សពរបស់​មេដឹកនាំ​ អ៊ីស្រាអែល​រូបនេះ។​

លោក​អូបាម៉ាបានកោត​សរសើរ​លោក Peres ថា ជា​មហា​បុរស​ម្នាក់ក្នុងបណ្តា «ពួក​មហា​ឥស្សរជន​ក្នុង​សតវត្សរ៍​ទី ២០» ហើយ​លោកបានប្រៀបប្រដូចលោក​ទៅ​នឹង​មេដឹកនាំ​ពិភពលោក​ល្បី​ឈ្មោះឯទៀតៗ​ដូចជា​លោក Nelson Mandela និង​ព្រះមហា​ក្សត្រយានី​ Elizabeth នៃ​ប្រទេស​អង់គ្លេស​ជា​ដើម។ ​លោកអូបាម៉ា​បាន​កោត​សរសើរ​លោក Peres ចំពោះ​ការ​តាំង​ចិត្ត​របស់លោក​ក្នុងការ​ព្យាយាមដោះស្រាយ​ជម្លោះ​រវាង​ជនជាតិអ៊ីស្រាអែល និង​ជនជាតិ​ប៉ាឡេស្ទីន ហើយ​លោក​បានអំពាវ​នាវ​ឱ្យមាន​ការ​ប្តេជ្ញា​ជាថ្មីមួយ​ដល់បុព្វហេតុនេះ​នៅ​ពេលនេះ​ដែល «បុរស​ចុង​ក្រោយ​បង្អស់​នៃ​ជំនាន់​ជន​ដែល​បានបង្កើត​ប្រទេស​អ៊ីស្រាអែល​ បាន​ទទួល​អនិច្ចកម្ម​ទៅ​ហើយ​នោះ»។

លោក​អូបាម៉ា​បានមាន​ប្រសាសន៍​បន្ថែម​ថា «ទោះ​បី​ជា​នៅក្នុង​ការ​ប្រឈមមុខនឹងការ​វាយ​ប្រហារ​ភេរវកម្ម ទោះបី​ជានៅ​ក្រោយ​មាន​ការ​ស្រងាក​ចិត្ត​ច្រើនដង​នៅ​ឯតុ​ចរចា​ក៏​ដោយ លោក Peres បានមានប្រសាសន៍​ទទូច​ថា គេ​ត្រូវ​យល់ឃើញ​ថា ​ជនជាតិ​ប៉ាឡេស្ទីន​ក្នុង​ឋានៈ​ជា​មនុស្ស មាន​ភាព​ស្មើគ្នា​ជាមួយ​ពួក​ជន​អំបូរ​ជ្វីប​ក្នុង​សេចក្តី​ថ្លៃ​ថ្នូរ ហើយ​ត្រូវ​តែមាន​សមភាព​ដែរ​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង»។

នៅ​មុន​ពេល​លោក​ថ្លែង​វិយោគ​កថា​នេះ លោកអូបាម៉ា​បានចង្អុល​លោកមេដឹកនាំ​ប៉ាឡេស្ទីន Mahmoud Abbas ដែល​អង្គុយ​នៅ​ជួរ​មុខហើយ​លោក​បានសរសើរ​វត្តមាន​របស់​លោក​ក្នុង​ពិធី​បុណ្យ​សព​នេះ​ថា​ជា «កាយវិការល្អមួយ​ និង​ជា​ការ​រំឮក​អំពី​កិច្ចការ​ស្វែង​រក​សន្តិភាព​ដែល​មិនទាន់ចប់»។ លោក​ Abbas បាន​ចាប់ដៃ​រលាក់ ​និងបាន​និយាយ​គ្នា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែលBenjamin Netanyahu នៅ​មុន​ពេលបុណ្យសព​លោក​ Peres ចាប់ផ្តើម។​

មន្ត្រី​ជាន់​ខ្ពស់​ប៉ាឡេស្ទីន​ម្នាក់​បាននិយាយ​ថា ដោយ​ចូល​រួមក្នុង​ពីធី​បុណ្យ​សព​នេះ​ លោក​ប៉ាឡេស្ទីន​សង្ឃឹម​ថា «បញ្ជូន​សារ​ខ្លាំង​មួយ​ដល់សង្គម​អ៊ីស្រាអែល​ថា​ជនជាតិ​ប៉ាឡេស្ទីន​ចង់បាន​សន្តិភាព ហើយ​កោត​សរសើរ​កិច្ច​ខិតខំប្រឹង​ប្រែង​របស់​ជន​ស្រឡាញ់សន្តិភាព​ដូចជា​លោក Shimon Peres»៕

XS
SM
MD
LG