ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលចង់ត្រួតត្រាកោះហ្គ្រោអង់ឡង់គឺជាមនុស្សពិបាកស្មានណាស់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP ដែលយោងលើការបញ្ជាក់របស់នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់កាលពីថ្ងៃចន្ទមុនការបោះឆ្នោតសភានៅកោះដែលគ្រប់គ្រងដោយខ្លួនឯងរបស់ប្រទេសដាណឺម៉ាកនេះចូលមកដល់នៅថ្ងៃអង្គារនេះ។
នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់លោក Mute Egede បានប្រាប់វិទ្យុសាធារណៈដាណឺម៉ាក DR ថា៖ «មានរបៀបរៀបរយពិពភលោកមួយដែលរអាក់រអួលជាច្រើនផ្នែកនិងប្រធានាធិបតីអាមេរិកម្នាក់ដែលពិបាកស្មានណាស់រហូតធ្វើឲ្យគេមានអារម្មណ៍ថាគ្មានសុវត្ថិភាព»។
នៅក្នុងការថ្លែងទៅកាន់សភារួមរបស់អាមេរិកកាលពីសប្តាហ៍មុន លោក Trump បានគូសបញ្ជាក់ជាថ្មីអំពីផែនការរបស់លោក ដោយលើកឡើងថាសហរដ្ឋអាមេរិកត្រូវការកោះដ៏ធំនៅតំបន់អាក់ទិកនោះដោយសារមូលហេតុសន្តិសុខជាតិនិងអន្តរជាតិ និងបាននិយាយថាលោករំពឹងថានឹងកាន់កាប់កោះនោះ «តាមវិធីណាមួយមិនខាន»។
នៅក្នុងសារថ្លែងទៅកាន់ប្រជាជនហ្គ្រោអង់ឡង់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកកាលពីយប់ថ្ងៃអាទិត្យ លោក Trump ថាសហរដ្ឋអាមេរិក «ត្រៀមខ្លួនរួចរាល់ក្នុងការដាក់ទុនវិនិយោគរាប់ពាន់លានដុល្លារដើម្បីបង្កើតការងារថ្មីនិងធ្វើឲ្យហ្គ្រោអង់ឡង់មានបាន»។
លោក Trump បានសរសេរទៀតថា៖ «បើអ្នកជ្រើសរើសបែបនេះ យើងសូមស្វាគមន៍អ្នកមកធ្វើជាផ្នែកមួយរបស់សហរដ្ឋអាមេរិកដែលជាប្រទេសដ៏អស្ចារ្យជាងគេបំផុតក្នុងពិភពលោកនេះ!»។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ DR ដែលបានធ្វើឡើងមុនពេលលោក Trump បង្ហោះសារចុងក្រោយរបស់លោកនេះ លោក Egede ថាឥរិយាបថថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកបានត្រឹមតែធ្វើឲ្យប្រជាពលរដ្ឋហ្គ្រោអង់ឡង់ទៅកាន់តែឆ្ងាយពីអាមេរិកទៅវិញទេ។
លោក Egede ថ្លែងថា៖ «យើងសមទទួលបានការគោរព ហើយខ្ញុំគិតថាប្រធានាធិបតីអាមេរិកមិនបានធ្វើដូច្នេះទេថ្មីៗនេះតាំងពីពេលលោកចូលកាន់តំណែងមក»៕
វេទិកាបញ្ចេញមតិ