លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា William Heidt បានលើកឡើងថា គោលជំហររបស់រដ្ឋាភិបាលអាណត្តិទី៦របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំពោះសហគមន៍អន្តរជាតិក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សហរដ្ឋអាមេរិកសម្រេចពីគោលនយោបាយថ្មីចំពោះប្រទេសកម្ពុជា។
លោក វីលៀម ហៃដ៍ បានបញ្ជាក់ក្នុងបទសម្ភាសពិសេសជាមួយនឹងវីអូអេខេមរភាសានៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃច័ន្ទថា៖
«ខ្ញុំគិតថាសម្រាប់សហរដ្ឋអាមេរិកនិងប្រទេសជាច្រើនទៀត គឺយើងនឹងរង់ចាំមើលថាតើដំណើរការនេះនឹងចេញទៅជាយ៉ាងណាទៀត ដើម្បីមើលគោលជំហរនានាដែលរដ្ឋាភិបាលនឹងប្រកាន់យកក្នុងពេលខាងមុខក្នុងការធ្វើឱ្យប្រព័ន្ធនយោបាយប្រទេសកម្ពុជាបានបើកចំហឡើងវិញ ដូចកាលពីមួយឆ្នាំមុន។ ដូច្នេះយើងកំពុងតែរង់ចំាមើល»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសមុនការបោះឆ្នោតជាតិខែកក្កដា ដោយរដ្ឋាភិបាលកម្ពុជានិងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានបង្កើនវោហាសាស្រ្តវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិកនិងបស្ចិមប្រទេស ហើយងាកមកស្និទ្ធស្នាលនឹងប្រទេសចិន។
លោក វីលៀម ហៃដ៍ បានបន្ថែមថា៖
«ជាការពិត យើងមានចំណាប់អារម្មណ៍ក្នុងការធ្វើឱ្យទំនាក់ទំនងរបស់យើងបានប្រសើរឡើង ប៉ុន្តែខ្ញុំគិតថា អ្វីដែលនឹងកើតឡើងបន្ទាប់ គឺប្រាកដជាអាស្រ័យលើជំហរដែលរដ្ឋាភិបាលកម្ពុជាប្រកាន់យកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ និងខែខាងមុខ ដើម្បីធ្វើឱ្យស្ថានការណ៍ល្អប្រសើរ»។
(ទស្សនាបទសម្ភាសន៍ VOA ជាមួយលោកឯកអង្គរដ្ឋទូតអាមេរិក និងភរិយារបស់លោក)
អាជ្ញាធរកម្ពុជាបានចាប់ខ្លួនលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដាក់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទក្បត់ជាតិដោយឃុបឃិតជាមួយនឹងបរទេសជាពិសេសសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកហ៊ុន សែន ហើយតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមានអ្នកគាំទ្រជាង៤០ភាគរយ កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយចំនួន៥ឆ្នាំ។
បន្ទាប់ពីជាប់ពន្ធនាគារនៅត្រពាំងផ្លុងខេត្តត្បូងឃ្មុំអស់រយៈពេលជាងមួយឆ្នាំ លោកកឹម សុខា ត្រូវបានផ្ទេរមកដាក់ឃុំនៅក្នុងផ្ទះរបស់លោកនៅរាជធានីភ្នំពេញកាលពីដើមខែកញ្ញានេះ ដោយសារតែមានសម្ពាធយ៉ាងច្រើនពីសហគមន៍អន្តរជាតិ។
លោកវីលៀម ហៃដ៍ បានបន្ថែមថា ករណីរបស់លោកកឹម សុខា ក៏ជាផ្នែកមួយនៃការសម្រេចចិត្តលើគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិកផងដែរ។
«ខ្ញុំគិតថា វាជាការសំខាន់ណាស់ដែលត្រូវចងចាំថា គេមិនទាន់ដោះលែងលោកកឹម សុខា នៅឡើយទេ គឺលោកត្រូវបានគេផ្ទេរមកដាក់ឃុំនៅក្នុងលំនៅដ្ឋាន។ ការណ៍នេះគឺមិនត្រឹមត្រូវតាមការដោះលែងឱ្យមានសេរីភាពពេញលេញទេ។ ដូច្នេះខ្ញុំគិតថាទស្សនៈរបស់រដ្ឋាភិបាលយើង គឺនឹងត្រូវយកចំណុចនេះមកគិតគូរថា នឹងមានអ្វីកើតឡើងទៀតនៅក្នុងករណីនេះ»។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានឈ្នះអាសនៈរដ្ឋសភាទាំង១២៥តែម្នាក់ឯង ហើយបានបង្កើតរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី៦ ខែកញ្ញានេះ បើទោះបីជាសហគមន៍អន្តរជាតិបានរិះគន់ដំណើរការបោះឆ្នោតនោះថា មិនត្រឹមត្រូវដោយសារតែអវត្តមានគណបក្សប្រឆាំង ហើយប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួនដែលមានដូចជាសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងជប៉ុន បានបដិសេធមិនបញ្ជូនអ្នកសង្កេតការណ៍ទៅចូលរួមការបោះឆ្នោតនោះទេ។
សេតវិមានបានចាត់ទុកការបោះឆ្នោតនោះថា «មិនសេរីនិងមិនត្រឹមត្រូវទេ ហើយមិនបានតំណាងឱ្យឆន្ទៈពលរដ្ឋកម្ពុជាទេ» ហើយបានព្រមានដាក់ទណ្ឌកម្មបន្ថែមផងដែរ។
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់លេខ HR5754 ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា តែរយៈពេលប៉ុន្មានថ្ងៃមុនការបោះឆ្នោត និងមិនទទួលស្គាល់ការបោះឆ្នោតនោះ។ រីឯព្រឹទ្ធសភាក៏បានស្នើឡើងនូវច្បាប់មួយលេខ S2412 ដើម្បីដាក់ទណ្ឌកម្មធ្ងន់ៗលើរដ្ឋាភិបាលកម្ពុជា និងបុគ្គលដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យកម្ពុជាផងដែរ។
លោកវីលៀម ហៃដ៍ បានបញ្ជាក់ថា ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងតាមដានសេចក្តីស្នើច្បាប់ទាំងពីរដោយយកចិត្តទុកដាក់។
លោកបន្ថែមថា៖
«បើយើងនិយាយដោយស្មោះត្រង់ទៅ គឺសេចក្តីស្នើច្បាប់ទាំងពីរឆ្លុះបញ្ចាំងពីការព្រួយបារម្ភទូទៅនៅឯរដ្ឋសភាជាតិ អំពីទិសដៅនៃព្រឹត្តិការណ៍នៅប្រទេសកម្ពុជាក្នុងឆ្នាំកន្លងទៅនេះ ហើយនៅសប្តាហ៍នេះ ខ្ញុំបានទៅជួបសមាជិករដ្ឋសភា ហើយពួកគេសម្តែងការព្រួយបារម្ភជាទូទៅ។ ខ្ញុំគិតថា ការណ៍ដែលប្រទេសកម្ពុជាអាចធ្វើឱ្យមានការផ្លាស់ប្តូរប្រកបដោយវិជ្ជមាន គឺការធ្វើឱ្យមានការវិវត្តទៅរកទិសដៅត្រឹមត្រូវ គឺវានឹងអាចកាត់បន្ថយកម្រិតនៃការព្រួយបារម្ភនៅក្នុងរដ្ឋសភារបស់យើង។ ហើយនេះគឺជាអ្វីដែលខ្ញុំគិតថានឹងកើតមានឡើង»។
រដ្ឋសភាសហរដ្ឋអាមេរិកបានស្នើឱ្យដាក់ទណ្ឌកម្មលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងមន្ត្រីដែលស្និទ្ធស្នាលនឹងលោកព្រមទាំងសមាជិកក្រុមគ្រួសារខ្លះរបស់លោក។ ប៉ុន្តែរហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មតែលើលោកហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
បើទោះបីជាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា មានការឡើងចុះក៏ដោយ ក៏លោកឯកអគ្គរដ្ឋទូតសង្ឃឹមថា ពលរដ្ឋកម្ពុជានឹងយល់ពីឆន្ទៈរបស់សហរដ្ឋអាមេរិកដែលចង់ធ្វើជាមិត្តរបស់កម្ពុជា៖
«ពលរដ្ឋអាមេរិកាំង គឺជាមិត្តភក្តិរបស់ពលរដ្ឋកម្ពុជា។ ពួកគេមិនចង់គ្រប់គ្រងលើប្រទេសកម្ពុជាទេ។ ពួកគេមិនចង់មកយកទីក្រុងរបស់កម្ពុជា ឬគ្របដណ្តប់លើសេដ្ឋកិច្ចរបស់កម្ពុជា។ ប៉ុន្តែពលរដ្ឋអាមេរិកាំងចូលចិត្តពលរដ្ឋកម្ពុជា។ ពួកគេសរសើរវប្បធម៌។ ពួកគេសរសើរពីការវិវត្តន៍របស់កម្ពុជា»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សភាសហភាពអឺរ៉ុបក៏បានអនុម័តញត្តិរួមស្នើឱ្យមានសេចក្តីសម្រេចដែលទាមទារឱ្យផ្តល់សិទ្ធិសេរីភាពនយោបាយដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ។
លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ បានបញ្ជាក់ប្រាប់អង្គសវនាការដេញដោលនៅក្នុងសភាសហភាពអឺរ៉ុបថា លទ្ធិប្រជាធិបតេយ្យ«ដ៏ផុយស្រួយ»ក្នុងប្រទេសកម្ពុជា បានដើរថយក្រោយ ចាប់តាំងពីឆ្នាំមុនមក ពីព្រោះមានតែគណបក្សដឹកនាំតែមួយ ហើយស្ថានការណ៍មិនបានប្រសើរឡើងទេ ដោយការដឹកនាំកំពុងតែឆ្ពោះទៅរកភាពផ្តាច់ការ។
យ៉ាងណាក៏ដោយ សហភាពអឺរ៉ុបបានទុកឱកាសឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួបចរចាជាមួយនឹងមេដឹកនាំគណបក្សប្រឆាំង ដើម្បីបន្ទូរបន្ថយស្ថានការណ៍មុនពេលដែលចាត់វិធានការបន្ថែម ដែលក្នុងនោះអាចនឹងប៉ះពាល់ដល់ឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ» ដែលកម្ពុជាទទួលបានពីសហគមន៍អឺរ៉ុប។
សហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប គឺជាទីផ្សារទទួលទិញទំនិញកម្ពុជាជិត១០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕