តែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសចិនកុម្មុយនិស្តផ្តល់អំណោយជាច្រើនដល់អាជ្ញាធរមីននៅកម្ពុជា សម្រាប់បំពេញបេសកកម្មបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតនៅកម្ពុជា សហរដ្ឋអាមេរិកប្រកាសទទួលពាក្យស្នើសុំថវិកា ពីអ្នកដែលត្រូវការថវិកាសម្រាប់កិច្ចការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះនេះ។
ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ នៅថ្ងៃពុធនេះ បានប្រកាសទទួលការដាក់ពាក្យសុំថវិកាចំនួន២លានដុល្លារ ជាអំណោយថវិការយៈពេលមួយឆ្នាំ សម្រាប់ការសិក្សាអង្កេត និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ ២០១៨-២០១៩ ជាមួយនឹងលទ្ធភាពបន្តផ្តល់ថវិកានេះ សម្រាប់ឆ្នាំទីពីរទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលចេញផ្សាយជាសាធារណៈនាល្ងាចថ្ងៃពុធនេះ។
ការប្រកាសទទួលពាក្យសុំជំនួយពីសហរដ្ឋអាមេរិក កើតមានឡើងពីរថ្ងៃ ក្រោយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក សុង ប៉ (Xiong Bo) ចាត់ទុកជាមហាមិត្តបានផ្តល់កាដូជាច្រើនដល់កម្ពុជា រួមមានម៉ូតូ និងម៉ាស៊ីនកំព្យូទ័រសម្រាប់ការដោះគ្រាប់មិនទាន់នៅកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៧ បានឲ្យដឹងថា ដៃគូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវប្រើបច្ចេកវិទ្យាទំនើបបំផុត សម្រាប់ដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា ដើម្បីធ្វើឲ្យផ្ទៃដីមានសុវត្ថិភាពសម្រាប់ការធ្វើស្រែ ចម្ការ ធ្វើផ្លូវ ធ្វើពាណិជ្ជកម្ម និងសង់ផ្ទះជាដើម។
លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននោះមានន័យដើមថា៖
«សហរដ្ឋអាមេរិកបានជួយដល់ការដោះមីន មនុស្សធម៌នៅកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយមានការប្តេជ្ញាចិត្តក្នុងការដោះស្រាយកេរដំណែលនៃសម័យសង្គ្រាម។ ការផ្តល់ថវិកាថ្មីនេះគឺជា ការបន្តនៃការប្តេជ្ញាចិត្ត ពីព្រោះវានឹងជួយក្នុងការបោសសម្អាតកាកសំណល់នៃសង្គ្រាម។ យើងកំពុងរកមើលក្រុមអ្នកឯកទេសខ្មែរ និងក្រុមអ្នកឯកទេសអន្តរជាតិ ដើម្បីឲ្យមកជួយដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងកើតនៃប្រទេសកម្ពុជា»។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកបានបញ្ជាក់ឲ្យដឹងបន្ថែមថា សហរដ្ឋអាមេរិកបានចំណាយថវិកាចំនួនជាង ១៣១ លានដុល្លារមកហើយ នៅក្នុងរយៈពេល ២ ទសវត្សរ៍កន្លងទៅនេះ ដើម្បីរកមើល និងដោះចេញ មិនត្រឹមតែយុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់ប្រទេសចិន វៀតណាម និងអតីតសហភាពសូវៀតផងដែរ នៅតាមតំបន់ដទៃទៀត នៃប្រទេសកម្ពុជា ដែលបណ្តាលឲ្យមានការស្លាប់ និងរបួស ចំនួនប្រហែល ៩០ភាគរយ នៃការស្លាប់ និងរបួសដែលបណ្តាលមកពីកាកសំណល់នៃសង្គ្រាម។
កាលពីដើមខែវិច្ឆិកានេះ អាមេរិកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ចប់ជំនួយសម្រាប់ប្រតិបត្តិការដោះមីននៅកម្ពុជាទៅឱ្យមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ត្រឹមឆ្នាំ២០១៧ ក៏ប៉ុន្តែនឹងបន្តផ្តល់ជំនួយដល់កម្ពុជាតាមមូលដ្ឋានប្រកួតប្រជែង ដើម្បីបោសសម្អាតគ្រាប់មីនទាន់ផ្ទុះនេះ។ ការប្រកាសកាត់ផ្តាច់ជំនួយនេះ ធ្វើឡើងនៅចំពេល មានការប្រើប្រាស់វោហាសាស្ត្រនយោបាយ ប្រឆាំងនឹងសហរដ្ឋអាមេរិកពីមេដឹកនាំកម្ពុជា គឺលោក ហ៊ុន សែន ដែលបានចោទអាមេរិកថា នៅពីក្រោយគណបក្សសង្គ្រោះជាតិ ក្នុងការរៀបគម្រោងផ្តួលរដ្ឋាភិបាលរបស់លោក។
កាលពីថ្ងៃចន្ទកន្លងទៅ ប្រទេសចិនបានប្រគល់អំណាយជាសម្ភារៈជាច្រើន ដល់អាជ្ញាធរកម្ពុជា។អំណោយទាំងនោះ រួមមានម៉ូតូ៤០គ្រឿង កុំព្យូទ័រលើតុ និងយួរដៃ ហើយនិង iPad ជាង២០គ្រឿង បូករួមនឹងឧបករណ៍បម្រើឲ្យវិស័យដោះមីនផ្សេងៗទៀតដូចជា ឧបករណ៍រុករកជាតិដែក និងឧបករណ៍កម្ទេចគ្រាប់ជាដើម។
លោក សេរី កុសល្យ អនុប្រធានទីមួយនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក សុង ប៉ ថា កម្ពុជា ត្រូវការថវិកាប្រមាណជា ៤០០លានដុល្លារអាមេរិក ដើម្បីបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងទៀតឲ្យអស់មុនឆ្នាំ ២០២៥។ លោកបានប្រាប់ពីសេចក្តីប្រាថ្នាចង់បានរបស់កម្ពុជា នូវម៉ាស៊ីន Drone និងរថយន្ត Jeep របស់ចិន និងការផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យារបស់ចិនថ្មីៗក្នុងការដោះមីននៅកម្ពុជា។
លោក សេរី កុសល្យ ក៏បានសំដែងការដឹងគុណចំពោះអំណោយរបស់ចិនដែលផ្តល់ជូនកម្ពុជា ហើយថា ការផ្តល់អំណោចនេះ បានធ្វើឡើងនៅចំកាលៈទេសៈ ដែលប្រទេសម្ចាស់ជំនួយផ្សេងទៀតបានត្រៀមដកជំនួយចេញពីកម្ពុជា សម្រាប់បម្រើដល់វិស័យបោសសម្អាតគ្រាប់មីន និងដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ។
VOA ព្យាយាមសុំការអធិប្បាយពីលោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) ទាក់ទិនការដាក់ពាក្យសុំជំនួយពីសហរដ្ឋអាមេរិក សម្រាប់ការទ្រទ្រង់ដល់សកម្មភាពដោះគ្រាប់មិនទាន់ផ្ទុះ តែមិនអាចទាក់ទងបាននៅថ្ងៃពុធនេះ។ យ៉ាងណាក៏ដោយ លោកធ្លាប់បានបញ្ជាក់ឲ្យ VOA ដឹងថា ការកាត់ផ្តាច់ជំនួយរបស់អាមេរិកនឹងប៉ះពាល់ដល់ផ្នែកខ្លះនៃប្រតិបត្តិការការងាររបស់ CMAC ហើយថា ការកាត់ផ្តាច់ជំនួយនេះ គឺជា ការគំរាមកំហែងមួយ។ លោកអាមេរិកមានចេតនាមិនចង់ឲ្យកម្ពុជាមាត់កច្រើនចំពោះអាវុធគីមីដ៏កាចសាវហាវរបស់អាមេរិក ដែលត្រូវបានរកឃើញនូវកម្ពុជា។
នៅមុនការផ្តាច់ជំនួយធ្វើឡើងដោយសហរដ្ឋអាមេរិក លោកហេង រតនា បាននិយាយថា អាមេរិកបានផ្តល់ជំនួយជាថវិកាប្រមាណ ២លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដល់ CMAC ដើម្បីទ្រទ្រង់សកម្មភាពដោះមីននៅកម្ពុជា។
ក្រៅពីនេះ លោកនិយាយថា CMAC ទទួលបានទាំងសម្ភារៈ និងថវិកាជារួមពីប្រទេសម្ចាស់ជំនួយ ប្រមាណជា ២០លានដុល្លារ ទៅ៣០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ប្រទេសម្ចាស់ជំនួយទាំងនោះ រួមមាន អូស្រ្តាលី ស្វីស កាណាដា ជប៉ុន ន័រវេស ស៊ុយអែត និងអាល្លឺម៉ង់ជាដើម។ លោកនិយាយថា កម្មវិធីអភិវឌ្ឍន៍របស់អ.ស.ប. (UNDP) ក៏ជាអ្នកផ្តល់ថវិកាដល់កិច្ចប្រតិបត្តិការរបស់CMAC នៅកម្ពុជាផងដែរ៕