ទីភ្នាក់ងារទាំងនេះបានបង្ហាញនូវភស្តុតាងថ្មីចុងក្រោយបំផុតនៅក្នុងការចោទប្រកាន់ថ្មីប្រឆាំងនឹងជនជាតិរុស្ស៊ីម្នាក់ដែលពាក់ព័ន្ធនឹងអ្នកជំនួញស្ដុកស្ដម្ភម្នាក់ដែលគេស្គាល់ថាជា «ចុងភៅរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin»។
កាលពីថ្ងៃទី ១៩ ខែតុលាកន្លងទៅនេះ សហរដ្ឋអាមេរិកបានបើកពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងនាង Elena Alekseevna Khusyaynova អាយុ ៤៤ ឆ្នាំ មកពីទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ដោយធ្វើឲ្យនាងក្លាយជាជនជាតិរុស្ស៊ីដំបូងគេបង្អស់ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការជ្រៀតជ្រែកចូលការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកឆ្នាំ ២០១៨ នេះ។
បើយោងតាមពាក្យបណ្ដឹងព្រហ្មទណ្ឌនេះ នាង Khusyaynova គឺជាប្រធានផ្នែកគណនេយ្យនៃគម្រោងរបស់រុស្ស៊ីមួយឈ្មោះថា «គម្រោង Lakhta» ដែលជាប្រតិបត្តិការ «សង្គ្រាមព័ត៌មាន» គ្រប់គ្រងដោយទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតរបស់រុស្ស៊ី។ ទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិតនេះគឺជាក្រុមហ៊ុនបង្ហោះព័ត៌មានអុចអាលនានាតាមបណ្ដាញសង្គមមួយ ដែលត្រូវបានមេធាវីពិសេសរបស់សហរដ្ឋអាមេរិកលោក Robert Mueller ចោទប្រកាន់កាលពីដើមឆ្នាំនេះ នៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតរបស់លោកលើករណីជ្រៀតជ្រែករបស់រុស្ស៊ីចូលក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
ពាក្យបណ្ដឹងនោះបានបង្ហាញថា នាង Khusyaynova គឺជាអ្នកមើលការខុសត្រូវលើការចំណាយសម្រាប់ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបណ្ដាញសង្គម និងមើលការខុសត្រូវលើប្រព័ន្ធកុំព្យូទ័រភ្នាក់ងារកណ្ដាលនានា នៅពេលដែលនាងជួយបង្កើតគណនីបណ្ដាញសង្គមរាប់ពាន់គណនី ដូចជា Facebook និង Twitter ជាដើម ដែលគណនីមួយចំនួនក្នុងចំណោមនោះមានអ្នកគាំទ្រតាមដានរាប់ម៉ឺននាក់។
ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ ២០១៨
ប៉ុន្តែ មិនដូចជាពាក្យបណ្ដឹងព្រហ្មទណ្ឌកាលពីលើកមុនៗទេ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា នាង Khusyusynova បានធ្វើសកម្មភាពផុតពីអ្វីដែលបានធ្វើនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ទៅទៀត ដោយសារតែនាងឧបត្ថម្ភថវិកាដល់កិច្ចប្រឹងប្រែងបង្កើតគណនីបណ្ដាញសង្គមថ្មីដែលផ្ដោតលើទាំងបញ្ហា និងបេក្ខជនទាំងពីរគណបក្សពាក់ព័ន្ធនឹងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។
ដូចកិច្ចប្រឹងប្រែងកាលពីលើកមុនៗនៅក្រោម «គម្រោង Lakhta» នេះ គណនីទាំងអស់ត្រូវបានរៀបចំឡើងដើម្បីមើលទៅឲ្យដូចជាគណនីរបស់សកម្មជននយោបាយអាមេរិកាំងពិតប្រាកដនានា ដោយប្រើបណ្ដាញចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រផ្ទាល់ខ្លួនដែលហៅថា VPN និងវិធីផ្សេងទៀតដើម្បីលាក់អត្តសញ្ញាណរបស់ពួកគេ។
មន្ត្រីអាមេរិកក៏បានបញ្ជាក់ផងដែរថា អ្នកដែលគ្រប់គ្រងគណនីទាំងនោះត្រូវបានគេប្រាប់ឲ្យធ្វើយ៉ាងណាបង្កឲ្យមានការបែកបាក់ និងការមិនទុកចិត្តកាន់តែខ្លាំងរវាងសមាជិកនៃគណបក្សនយោបាយទាំងអស់ «តាមរយៈការគាំទ្រក្រុមជ្រុលនិយមនានា» និងដើម្បី «ធ្វើឲ្យជម្លោះរវាងជាតិសាសន៍ភាគតិច និងប្រជាពលរដ្ឋភាគច្រើននៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរឡើង»។
សារដែលបានបង្ហោះលើបណ្ដាញសង្គមទាំងនោះផ្ដោតលើប្រធានបទជាច្រើន ដែលក្នុងនោះមានដូចជាបញ្ហាអន្តោប្រវេសន៍ ការគ្រប់គ្រងអាវុធ ទង់ជាតិសម័យសង្គ្រាមស៊ីវិលអាមេរិក និងការជជែកដេញដោលអំពីកីឡាករបាល់បោះអាមេរិកាំងដែលលត់ជង្គង់គោរពភ្លេងជាតិរបស់សហរដ្ឋអាមេរិកជាដើម។
មន្ត្រីអាមេរិកាំងនិយាយថា ហេតុការណ៍ជាក់លាក់មួយចំនួនដូចជា ការបាញ់ប្រហារទ្រង់ទ្រាយធំ កុប្បកម្មនៅទីក្រុង Charlottesville រដ្ឋ Virginia និងសេចក្ដីសម្រេចនានារបស់សេតវិមានលោក Trump ក៏ត្រូវបានប្រើជាឧបករណ៍ផងដែរ។
មេធាវីអាមេរិកាំងលោក Zachary Terwilliger បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយថា៖ «គោលបំណងជាយុទ្ធសាស្ត្រនៃអំពើទុច្ចរិតដែលបន្តមកដល់សព្វថ្ងៃនេះគឺដើម្បីបង្កើតជម្លោះនៅក្នុងប្រព័ន្ធនយោបាយសហរដ្ឋអាមេរិក និងដើម្បីបំផ្លាញការទុកចិត្តលើស្ថាប័នប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក»។
នៅពេលដែលគេសួរអំពីការចោទប្រកាន់ថ្មីទាំងនេះនៅក្នុងអំឡុងពេលលោកធ្វើទស្សនកិច្ចទៅកាន់រដ្ឋ Arizona ប្រធានាធិបតីអាមេរិកលោក Donald Trump បានហៅការចោទប្រកាន់ទាំងនោះថាមិនទាក់ទងនឹងកិច្ចប្រឹងប្រែងរបស់លោកនោះទេ។
លោក Trump បានប្រាប់អ្នកកាសែតដូច្នេះថា៖ «ខ្ញុំគ្មានជាប់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយនឹងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្ញុំ។ ប្រសិនបើពួកគេជាអ្នកលួចចូលប្រព័ន្ធកុំព្យូទ័រ ភាគច្រើននៃពួកគេប្រហែលជាចូលចិត្តលោកស្រី Hillary Clinton ជាងខ្ញុំ»។
ការព្រមាន និងការផ្ដល់សេចក្ដីទុកចិត្តជាថ្មី
ពាក្យបណ្ដឹងនេះបានធ្វើឡើង ស្របពេលដែលមន្ត្រីស៊ើបការណ៍សម្ងាត់ និងមន្ត្រីសន្តិសុខសហរដ្ឋអាមេរិកមានបំណងចង់ព្រមានផង និងចង់ធានាចំពោះអ្នកបោះឆ្នោតអាមេរិកាំងផងអំពីការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកដែលនឹងចូលមកដល់នៅថ្ងៃទី ៦ ខែវិច្ឆិកាខាងមុខនេះ។
លោក Chris Krebs អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានកម្មវិធី និងការការពារជាតិនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក បានប្រាប់អ្នកកាសែតកាលពីថ្ងៃទី ១៩ ខែតុលាថា៖ «យើងមិនឃើញមានស្ថានការណ៍ដូចទៅនឹងស្ថានការណ៍កាលពីការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦ នោះទេ។ កាលពីឆ្នាំ ២០១៦ មាននូវយុទ្ធនាការប្រើអ៊ីមែលបោកបញ្ឆោតជាច្រើន»។
លោក Krebs និងមន្ត្រីផ្សេងទៀតក៏បានបញ្ជាក់ផងដែរថា មិនមានការកើនឡើងណាមួយទាក់ទិននឹងការប៉ុនប៉ងជ្រៀតជ្រែកចូលក្នុងប្រព័ន្ធបោះឆ្នោតរបស់សហរដ្ឋអាមេរិកនោះទេ ហើយក៏គ្មានការជ្រៀតជ្រែកចូលក្នុងប្រព័ន្ធណាមួយពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោតផងដែរ។
មន្ត្រីអាមេរិកបាននិយាយថា ភាគច្រើននៃប្រព័ន្ធទាំងនោះត្រូវបានធ្វើទំនើបកម្ម ឬក៏ត្រូវបានពង្រឹងឡើង ដោយពួកគេបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិកជាង ៩០ ភាគរយ កំពុងត្រូវបានត្រួតពិនិត្យដោយឧបករណ៍ចាប់សញ្ញា ដែលអាចចាប់សកម្មភាពព្យាបាទនានាបាន។
ប៉ុន្តែ ស្របពេលនោះដែរ ការិយាល័យប្រធានស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិក បានព្រមានកាលពីថ្ងៃទី ១៩ ខែតុលា អំពីការប្រឹងប្រែងជាបន្តរបស់សត្រូវសហរដ្ឋអាមេរិកដើម្បីធ្វើឲ្យអ្នកបោះឆ្នោតប្ដូរចិត្តគាំទ្រចំពោះគណបក្សណាមួយ។
ការិយាល័យប្រធានស៊ើបការណ៍សម្ងាត់ជាតិអាមេរិកបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរួមជាមួយនឹងក្រសួងយុត្តិធម៌ ទីភ្នាក់ងារ FBI និងក្រសួងសន្តិសុខមាតុភូមិដូច្នេះថា៖ «យើងមានការព្រួយបារម្ភអំពីយុទ្ធនាការជាបន្តរបស់ប្រទេសរុស្ស៊ី ប្រទេសចិន និងតួអង្គបរទេសផ្សេងទៀត ដែលក្នុងនោះមានទាំងប្រទេសអ៊ីរ៉ង់ផងដែរ ដែលចង់បំផ្លាញជំនឿទុកចិត្តលើស្ថាប័នប្រជាធិបតេយ្យ និងចង់ជះឥទ្ធិពលលើចិត្តគំនិតរបស់សាធារណជននានា»។
សេចក្ដីប្រកាសនោះបានបន្ថែមថា៖ «សកម្មភាពទាំងនេះក៏មានបំណងជះឥទ្ធិពលលើទស្សនៈ និងការសម្រេចចិត្តរបស់អ្នកបោះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ និងការបោះឆ្នោតឆ្នាំ ២០២០ ខាងមុខរបស់សហរដ្ឋអាមេរិក»។
មន្ត្រីអាមេរិកបាននិយាយថា ទាំងប្រទេសចិន និងអ៊ីរ៉ង់សុទ្ធតែបានបង្កើនសកម្មភាពរបស់ខ្លួនដើម្បីធ្វើប្រតិបត្តិការជះឥទ្ធិពលលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ មន្ត្រីអាមេរិកបច្ចុប្បន្ន និងអតីតមន្ត្រីអាមេរិកមួយចំនួន បានហៅកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិននៅក្នុងការជ្រៀតជ្រែកចូលការបោះឆ្នោតនេះថាមានលក្ខណៈស្មុគស្មាញ និងមានចេតនាខ្លាំងក្លានៅក្នុងការបណ្ដុះទស្សនៈចូលចិត្តប្រទេសចិននៅក្នុងរយៈពេលវែង។
ប៉ុន្តែ សកម្មភាពទាំងនេះនៅមិនទាន់អាចប្រៀបបានជាមួយនឹងវិសាលភាពនៃសកម្មភាពរបស់ប្រទេសរុស្ស៊ីនោះទេ ដោយក្នុងនោះមានតែសកម្មភាពមួយចំនួនរបស់រុស្ស៊ីប៉ុណ្ណោះដែលត្រូវបានបង្ហាញឡើងនៅក្នុងពាក្យបណ្ដឹងព្រហ្មទណ្ឌ។
ឧបត្ថម្ភដោយរុស្ស៊ី
ឯកសារហិរញ្ញវត្ថុដែលទទួលបាននៅក្នុងផ្នែកមួយនៃការស៊ើបអង្កេតបានបង្ហាញថា គិតមកទល់ខែមករា ឆ្នាំ ២០១៦ នាង Khusyaynova និង «គម្រោង Lakhta» មានថវិកាចំនួន ៣៥ លានដុល្លារសម្រាប់ធ្វើកិច្ចការ។ នាងបានចំណាយប្រហែល ១០ លានដុល្លារនៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៨។
ការចំណាយរបស់នាងនៅឆ្នាំ ២០១៨ នេះ មានដូចជាការផ្សព្វផ្សាយលើ Facebook ចំនួន ៦ ម៉ឺនដុល្លារ ការផ្សព្វផ្សាយលើ Instagram ចំនួន ៦ ពាន់ដុល្លារ និងការចំណាយចំនួន ១ ម៉ឺន ៨ ពាន់ដុល្លារសម្រាប់ «អ្នកសរសេរប្លុក» និងសម្រាប់ការបង្កើតគណនីលើ Twitter។
មន្ត្រីសហរដ្ឋអាមេរិកបានបញ្ជាក់ថា ថវិកាទាំងនេះគឺបានមកពីអ្នកជំនួយរុស្ស៊ីលោក Yevgeniy Prigozhin។
លោក Prigozhin ត្រូវគេស្គាល់ថាជា «ចុងភៅរបស់លោក Putin» ដោយសារតែក្រុមហ៊ុនរបស់លោកផ្ដល់សេវាម្ហូបអាហារដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ គេជឿថា លោក Prigozhin មានទំនាក់ទំនងជ្រាលជ្រៅជាមួយនឹងស្ថាប័ននយោបាយ និងយោធារបស់រុស្ស៊ី។
លោកក៏ជាអ្នកគ្រប់គ្រងផងដែរលើក្រុមហ៊ុន Concord Management and Consulting LLC ដែលជាអង្គភាពមួយក្នុងចំណោមអង្គភាព ៣ ដែលរងការចោទប្រកាន់ជាផ្នែកមួយនៃការស៊ើបអង្កេតរបស់មេធាវីពិសេសអាមេរិកាំងលោក Robert Mueller។
មេធាវីនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលតំណាងឲ្យក្រុមហ៊ុន Concord នេះ មិនបានឆ្លើយតបចំពោះការស្នើរបស់ VOA សុំយោបល់លើរឿងនេះទេ៕