ការបោះឆ្នោតបឋមកំពុងតែដំណើរការនៅទូទាំងសហរដ្ឋអាមេរិក ដោយបានចាប់ផ្តើមតាំងពីខែមីនាហើយនឹងបន្តរហូតដល់ខែកញ្ញា ដោយរៀបចំនៅតាមរដ្ឋនីមួយៗតាមកាលវិភាគខុសៗគ្នា ដើម្បីជ្រើសរើសបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោតសភាជាតិនៅថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំនេះ។
នេះគឺជាការបោះឆ្នោត ដែលនឹងសម្រេចលើការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំផងដែរ ដោយសារពេលនេះគណបក្សសាធារណរដ្ឋរបស់លោកកំពុងគ្រប់គ្រងទាំងស្ថាប័ននីតិប្បញ្ញត្តិ គឺរដ្ឋសភា និងព្រឹទ្ធសភា និងនីតិប្រតិបត្តិ គឺសេតវិមាន ដែលអាចឱ្យលោកធ្វើកិច្ចការអ្វីដោយមិនមានការជំទាស់ច្រើនឡើយ។ ប៉ុន្តែក្រោយការបោះឆ្នោតលើកនេះ បើសិនជាគណបក្សប្រជាធិបតេយ្យគ្រប់គ្រងរដ្ឋសភានោះ នឹងអាចមានផលប៉ះពាល់ទៅលើការដឹកនាំរបស់លោក។
បញ្ហាដែលកំពុងតែទាក់ទាញការចាប់អារម្មណ៍របស់អ្នកបោះឆ្នោតខ្មែរអាមេរិកាំង គឺមានបញ្ហាជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការងារ សុខាភិបាល និងនយោបាយការបរទេសជាដើម។ នេះបើតាមមតិរបស់ពលរដ្ឋមួយចំនួន ដែលវីអូអេបានសម្ភាស។
លោក ណែម ឈឿង ជាអ្នកផ្តល់ប្រឹក្សាសេវាផ្នែកច្បាប់ខាងជនអន្តោប្រវេសន៍ ដែលមានការិយាល័យនៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត បានបញ្ជាក់ថា បញ្ហាអន្តោប្រវេសន៍នឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកបោះឆ្នោតជាច្រើន ទាំងនៅក្នុងសហគមន៍ខ្មែរ-អាមេរិកាំង និងសហគមន៍ដទៃ ដោយសារតែលោកប្រធានាធិបតី ត្រាំ ពិបាកបំពេញបានតាមការសន្យាក្នុងពេលបោះឆ្នោត។
លោក ណែម ឈឿង បានបន្ថែមថា៖
«ច្បាប់អន្តោប្រវេសន៍ វាលំបាកស្មុគស្មាញ ប៉ុន្តែការសន្យាដោះស្រាយរបស់គាត់ វាមិនដូចជាការឈ្នះ-ឈ្នះទាំងសងខាងទេ គឺបើយើងឈ្នះ និងចាញ់ក៏ពិបាកដែរ។ ការដោះស្រាយយ៉ាងណាក៏ដោយតាមផ្លូវនយោបាយ យើងត្រូវគិតថា ឱ្យភាគីទាំងពីរឈ្នះទាំងសងខាងទទួលយកបានទាំងសងខាង ហើយបើយើងគិតថា សង់ជញ្ជាំងដើម្បីការពារកុំឱ្យសាសន៍ដទៃចូលមកសហរដ្ឋអាមេរិក ឬក៏ត្រូវបណ្តេញអ្នកខុសច្បាប់ចេញទាំងអស់ វាហាក់បីដូចជាតឹងរ៉ឹងខ្លាំងពេក។ ដល់តឹងរ៉ឹងខ្លាំងពេកវាធ្វើមិនបាន។ ដល់ធ្វើមិនបានលឿន ដូចការសង្ឃឹមទុកទៅអ្នកបោះឆ្នោតគាំទ្រចង់បានក៏ខកចិត្ត។ អ្នកដែលប្រឆាំងក៏មិនសប្បាយចិត្ត»។
រដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងអនុវត្តគោលនយោបាយ «គ្មានការអត់ឱន» ដល់ជនដែលឆ្លងដែនមកសហរដ្ឋអាមេរិកដោយខុសច្បាប់ ដែលនាំឱ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយខាងគណបក្សប្រជាធិបតេយ្យ ជាពិសេសគោលនយោបាយបំបែកកុមារចេញពីឪពុកម្តាយ។ គោលនយោបាយបំបែកកុមារទាំងនេះត្រូវបានលោកបញ្ចប់កាលពីសប្តាហ៍មុន ប៉ុន្តែនៅមានកុមារជាង២០០០នាក់មិនទាន់បានជួបជុំឪពុកម្តាយគេវិញនៅឡើយទេ។ លោកក៏នៅទាមទារឱ្យសង់ជញ្ជាំងខណ្ឌសហរដ្ឋអាមេរិកពីប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់លំហូរចូលនៃជនអន្តោប្រវេសន៍ខុសច្បាប់។
លោក វិបុល តាន់ ពលរដ្ឋខ្មែរ-អាមេរិកាំង នៅរដ្ឋ Virginia យល់ថា សហរដ្ឋអាមេរិកគួរតែមានគោលជំហរទន់ភ្លន់ខាងអន្តោប្រវេសន៍៖
«ខ្ញុំអត់យល់ឃើញថាជាការចាំបាច់ ដែលលោកទៅធ្វើជញ្ជាំង ឬធ្វើស្អីហើយចាប់ពង្រត់គ្រួសារកូនចៅគេចុះឡើង ទោះបីជាគេមកហ្នឹងអត់ច្បាប់អត់ទម្លាប់ក៏ដោយ ក៏គាត់មិនគួរធ្វើអីចឹងទេ ពីព្រោះសម្រួលតាមផ្លូវមនុស្សធម៌ទៅហើយទប់ស្កាត់នៅប្រទេស ដែលជាប្រភពពួកហ្នឹងរត់មក។ យ៉ាងម៉េចបានជាប្រជាជនហ្នឹងចេះតែរត់មកអាមេរិកអីចឹង? ខ្ញុំយល់ថា សហរដ្ឋអាមេរិកអាចធ្វើបានល្អជាងហ្នឹង»។
ប៉ុន្តែលោក យឹម ហួន រស់នៅទីក្រុងហ្វែហ្វាក់រដ្ឋវីជីនៀ បានការពារគោលនយោបាយរបស់លោកប្រធានាធិបតី ត្រាំ ដែលចាត់វិធានការតឹងរ៉ឹងលើជនអន្តោប្រវេសន៍ខុសច្បាប់។
«យើងមើលឃើញជនជាតិម៉ិកស៊ិកចូលមកប៉ាតណាប៉ាតណីពេក។ យើងគ្រប់គ្នាឃើញហើយ។ យើងមិនថាឃើញអ្នកអន្តោប្រវេសន៍ដូចគ្នាហេតុអីមិនអាណិតគ្នា គឺមិនមែនអីចឹងទេ។ យើងនៅស្រុកនេះ គឺយើងត្រូវតែគាំទ្រស្រុកនេះ ច្បាប់ស្រុកនេះ។ ការដែលឱ្យជនអន្តោប្រវេសន៍ចូលមកច្រើនហួសហេតុពេកហ្នឹង ក៏វាអត់ល្អដែរ។ សូម្បីស្រុកយើងគឺយើងមើលឃើញហើយតើអន្តោប្រវេសន៍ហ្នឹង វាចូលមកច្បាប់មានច្បាប់អត់ច្បាប់វាយ៉ាងម៉េច? ប្រជាជនយើងវេទនាយ៉ាងម៉េច? ធ្វើឱ្យស្រុកយើងដុនដាបយ៉ាងម៉េច? ហើយស្រុកគេក៏គេគិតអីចឹងដែរ។ នេះជាយោបល់របស់ខ្ញុំ»។
រដ្ឋបាលលោក ត្រាំ ក៏អនុវត្តតឹងរ៉ឹងលើជនដែលបានធ្វើខុសច្បាប់នៅសហរដ្ឋអាមេរិកផងដែរ ដោយបានបញ្ជូនពួកគេត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីជាប់ទោសគ្រប់ចំនួនច្បាប់កំណត់។ ចាប់តាំងពីកម្ពុជាមានកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០២មក មានពលរដ្ឋខ្មែរជាង៦០០នាក់ហើយ ដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិកក្នុងនោះមានជិត១០០នាក់ត្រូវបានបញ្ជូនចេញទៅកម្ពុជាវិញ ក្នុងរដ្ឋបាលលោក ត្រាំ ដោយមានការបណ្តេញចេញមួយកាលពីខែមេសា ឆ្នាំនេះ មានចំនួន៤៣នាក់ ដែលជាចំនួនច្រើនជាងគេបំផុតក្នុងមួយលើក។
រដ្ឋបាលលោក ត្រាំ បានធ្វើកំណែទម្រង់ពន្ធដាដោយបានប្រកាសឱ្យប្រើច្បាប់ការងារ និងកាត់បន្ថយពន្ធដារកាលពីដើមឆ្នាំ២០១៨ ក្នុងគោលបំណងជួយដល់ពលរដ្ឋថ្នាក់កណ្តាល។
លោក វិបុល តាន់ ចាត់ទុកថា នេះគឺជាស្នាដៃសម្រេចបានដ៏សំខាន់របស់លោកប្រធានាធិបតី ប៉ុន្តែលោកថា ការកាត់បន្ថយពន្ធនេះ គឺផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនធំៗច្រើនជាងមកលើពលរដ្ឋទូទៅ។
«អ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ គាត់សម្រេចបាន គឺមានការកាត់បន្ថយពន្ធ ក៏ប៉ុន្តែការកាត់ពន្ធនេះគាត់ផ្តល់ផលប្រយោជន៍ដល់ពួកក្រុមហ៊ុនធំៗ ដែលមានភាគហ៊ុនច្រើន ជាជាងឱ្យទៅប្រជាពលរដ្ឋគាត់ គឺប្រជាពលរដ្ឋដែលទន់ខ្សោយ និងមានចំណូលទាប ហើយខ្ញុំយល់ថា ពួកហ្នឹងអត់បានទទួលផលប្រយោជន៍ពីផែនការពន្ធរបស់គាត់ទេ»។
លោក វិបុល មើលឃើញថា ផ្នែកសេវាសុខភាពនៅតែជាចំណោទមួយដ៏ធំដែលលោកប្រធានាធិបតីមិនទាន់សម្រេចបាន។ រីឯគោលនយោបាយការបរទេសវិញអ្នកបោះឆ្នោតខ្មែរអាមេរិកាំងបានផ្តល់ប្រតិកម្មចម្រុះ។
អ្នកស្រី ជេមី មាជ រស់នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា បានបញ្ជាក់ថា អ្នកស្រីបានបោះឆ្នោតជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីការបោះឆ្នោតជាតិឆ្នាំ២០១៦ ដោយសារអ្នកស្រីយល់ថាគណបក្សសាធារណរដ្ឋតែងតែយកចិត្តទុកដាក់ដល់គោលនយោបាយក្រៅស្រុកជាពិសេសជួយដល់ប្រទេសកម្ពុជា។
អ្នកស្រី ជេមី គឺជាភរិយាលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីព័ត៌មានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារនៅប្រទេសកម្ពុជាដោយសារតែរឿងនយោបាយ។ អ្នកស្រីមើលឃើញថា រយៈពេលជិតពីរឆ្នាំនេះគឺរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នេះបានចាត់វិធានការមួយចំនួនដល់របបក្រុងភ្នំពេញដូចអ្វីដែលអ្នកស្រីរំពឹងទុក។
អ្នកស្រីបន្ថែមថា៖
«ខ្ញុំមើលទៅឃើញថា គាត់ដូចជាជួយទៅស្រុកខ្មែរដែរ ដូចជាឧទាហរណ៍ដកទិដ្ឋាការមិនឱ្យអ្នកនៅស្រុកខ្មែរមកសហរដ្ឋអាមេរិកបាន បង្កកលុយ។ យើងឃើញថា ច្បាប់នេះនឹងចេញ។ អីចឹងសង្ឃឹមថាគាត់នឹងបន្តជួយប្រទេសខ្មែរបន្តទៀត»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលោកនាយឧត្តមសេនីយ៍ផ្កាយមាសបួន ហ៊ីង ប៊ុនហៀង មេអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដោយសារសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងដាក់បម្រាមទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងក្រុមគ្រួសាររបស់ពួកគេ ដោយសារតែមិនសហការលើបញ្ហាជនដែលត្រូវបណ្តេញចេញពីសហរដ្ឋអាមេរិកក្នុងពេលកន្លងមក។
ប៉ុន្តែអ្នកស្រី ជេមី បានបោះឆ្នោតជូនគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងតំណាងរាស្រ្ត ហើយនៅក្នុងការបោះឆ្នោតខាងមុខអ្នកស្រី នៅតែមើលឃើញថា លោកតំណាងរាស្រ្ត អាឡាំង លូវឹនសល ដែលកំពុងកាន់តំណែងបានធ្វើកិច្ចការជាច្រើនជួយដល់សហគមន៍ខ្មែរ។
«ខ្ញុំបោះជូនគណបក្សប្រជាធិបតេយ្យ ព្រោះអីខ្ញុំគិតថា លោកអាឡាំង លូវឹនសល ជាតំណាងរាស្ត្រប្រចាំនៅម្តុំឡុងប៊ិចផង ហើយមើលទៅគាត់ឈឺឆ្អាលនឹងរឿងខ្មែរ។ បេះដូងគាត់ចង់ជួយខ្មែរដល់អីចឹងទៅយើងនឹងបោះគាំទ្រគាត់»។
ឡុងប៊ិចគឺជាទីក្រុងមានពលរដ្ឋខ្មែររស់នៅជាង៥ម៉ឺននាក់ គឺមានចំនួនច្រើនជាងគេបំផុតសម្រាប់សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក។ ពួកគេមានបញ្ហាខាងការងារ សេដ្ឋកិច្ច និងការបណ្តេញចេញជាដើម។
លោក យឹម ហួន នៃទីក្រុងហ្វែរហ្វែក រដ្ឋវីជីនៀ ដែលជាអ្នកគាំទ្រលោកប្រធានាធិបតី ត្រាំ យល់ថាតាំងពីពេលឡើងកាន់អំណាច គឺលោកឃើញថា វាប្លែកច្រើនជាពិសេសលើនយោបាយការបរទេសជាមួយនឹងប្រទេសកូរ៉េខាងជើង។
លោកបានបន្ថែមថា៖
«ឥឡូវហ្នឹងយើងឃើញថ្មីៗនេះ មានការជួបជាមួយនឹង គីម ជុងអ៊ុន ទៀតដូច្នេះជាប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិកដែលប្រធានាធិបតីមិនដែលធ្វើដល់កម្រិតហ្នឹងទេ»។
លោក វិបុល តាន់ យល់ស្របដែលការត្រូវរ៉ូវគ្នាជាមួយនឹងប្រទេសកូរ៉េខាងជើង នាំឱ្យបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែថាការណ៍ដែលលោកប្រធានាធិបតី ត្រាំ ងាកមកចាប់ដៃមេដឹកនាំកូរ៉េខាងជើងយ៉ាងរហ័សពេក ហើយបែរជាបង្កការអាក់អន់ចិត្តជាមួយនឹងប្រទេសសម្ព័ន្ធមិត្តជាយូរមកហើយ។
លោក វិបុល តាន់ បានបញ្ជាក់ថា៖
«ខ្ញុំដូចជាមិនទាន់ទទួលយកបានហើយទៅជាប្រែយកមិត្តដែលមានរាប់រយឆ្នាំមក ដែលមានដូចជាជាមួយសហភាពអឺរ៉ុប កាណាដា ជាពិសេសកាណាដាហ្នឹង ទៅជាសត្រូវរបស់ខ្លួនទៅវិញ។ ខ្ញុំច្របូកច្របល់ហើយ។ មិនមែនតែខ្ញុំមួយទេ ដែលច្របូកច្របល់ គឺមនុស្សដែលមានការចេះដឹងក៏គេច្របូកច្របល់ដែរក្នងបញ្ហាហ្នឹង»។
មានពលរដ្ឋខ្មែរអាមេរិកាំងចំនួនជាង៣០០.០០០នាក់ កំពុងរស់នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអាមេរិកាំងជឿនលឿននិយម ដែលបានចេញផ្សាយក្នុងឆ្នាំ២០១៥។ សមាជិកសហគមន៍ខ្មែរកំពុងតែចាប់អារម្មណ៍កាន់តែច្រើន នៅក្នុងនយោបាយអាមេរិកាំងដោយមានអ្នកខ្លះក៏បានឈរឈ្មោះជាអ្នកតំណាងរាស្រ្ត នៅថ្នាក់រដ្ឋនិងថ្នាក់ដឹកនាំក្រុងជាដើម។
លោក គុជ ច័ន្ទលី ជាអ្នកវិភាគនៅរដ្ឋម៉ារីឡែន យល់ឃើញថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះនឹងមិនសូវជាល្អសម្រាប់គណបក្សសាធារណរដ្ឋទេ ដោយសារតែបញ្ហាជំពាក់ជំពិននានារបស់លោកប្រធានាធិបតី ត្រាំ លើការស៊ើបអង្កេតពីការលូកដៃរបស់ប្រទេសរុស្ស៊ីចូលក្នុងការបោះឆ្នោតឆ្នាំ២០១៦ និងការវាយប្រហារលើបណ្តាញព័ត៌មានជាដើម។
លោក គុជ ច័ន្ទលី បានបន្ថែមថា៖
«លោកប្រធានាធិបតីមានការជំទាស់ជាមួយនឹងក្រសួងព័ត៌មានខាងកាសែត ខាងទូរទស្សន៍ ខាងវិទ្យុច្រើនខ្លាំង ហើយលោកក៏បានជាប់ជំពាក់នឹងរឿងរុស្ស៊ីជួយឃុបឃឹតឱ្យជាប់ឆ្នោតជាដើម។ ដូច្នេះ ហើយពលរដ្ឋអាមេរិកាំងជាម្ចាស់សន្លឹកឆ្នោត ដែលមានដើមកំណើតខ្មែរក្តី គឺថាមានអារម្មណ៍មិនសូវល្អ មានការមិនសូវកក់ក្តៅ ចំពោះបេក្ខជនណាដែលមកពីគណបក្សសាធារណរដ្ឋនោះទេ»។
នៅពេលបច្ចុប្បន្ននេះ គណបក្សសាធារណរដ្ឋគ្រប់គ្រងសភាតំណាងរាស្ត្រ ដោយមានអ្នកតំណាងរាស្ត្រចំនួន២៤១នាក់នៃសភាតំណាងរាស្ត្រ ដែលមានអាសនៈសរុប៤៣៥។ រីឯនៅព្រឹទ្ធសភាវិញគណបក្សសាធារណរដ្ឋមាន៥១អាសនៈ ហើយគណបក្សប្រជាធិបតេយ្យមានចំនួន៤៩អាសនៈដោយរួមទាំងបេក្ខជនឯករាជ្យពីរនាក់ផងដែរ។
ក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិក ភាគច្រើនគណបក្សរបស់ប្រធានាធិបតីដែលកំពុងកាន់តំណែងតែងតែចាញ់នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ៕