ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​ប្តេជ្ញា​បន្ត​រក​ទាហាន​អាមេរិកក្នុងប្រតិបត្តិការរំដោះ Mayaguez ដែល​បាត់ខ្លួន​ក្នុង​សង្គ្រាម​នៅ​កម្ពុជា


រូបឯកសារ៖ ទាហារជើងទឹកអាមេរិកចុះប្រតិបត្តិការនៅកោះតាង ដើម្បីរំដោះនាវា Mayaguez នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។
រូបឯកសារ៖ ទាហារជើងទឹកអាមេរិកចុះប្រតិបត្តិការនៅកោះតាង ដើម្បីរំដោះនាវា Mayaguez នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥។

មន្ត្រី​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បាន​ប្រកាស​ប្តេជ្ញា​រក​ទាហាន​អាមេរិកាំង ​ដែល​បាន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ ដោយ​បាន​សំដៅ​ដល់​ក្រុម​ប្រយុទ្ធ​ម៉ាយ៉ាហ្គេស​ (Mayaguez)​ ដែល​អ្នក​ចងក្រង​ឯកសារ​ទាក់ទិន​ជម្លោះ​នៅ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា​ ក្រុម​នេះ​បាន​ប្រយុទ្ធ​គ្នា​ជា​មួយ​ទាហាន​ខ្មែរក្រហម​នៅ​ដែន​កោះមួយ​ ស្ថិត​នៅ​ចម្ងាយ​ ៥២ ​គីឡូម៉ែត្រ​ពីក្រុង​ព្រះ​សីហនុ។​

នៅ​ក្នុង​ការ​អបអរទិវា​អ្នក​សេ្នហា​ជាតិ​ និង​ទិវា​បម្រើ​ជាតិ​ ដើម្បី​គោរព​ចំពោះ​ឈ្លើយ​សឹក​ និង​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សមរ​ភូមិ ​និង​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នៅ​ថ្ងៃ​ទី​ ១១ ​ខែ​កញ្ញា ​ឆ្នាំ​ ២០០១ ​ក្រុម​មន្ត្រី​អាមេរិក​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​មួយ​ចំនួន​ ដោយ​បាន​លើក​ឡើង​ពី​ក្រុម​ប្រយុទ្ធ​ម៉ាយ៉ាហ្គេស​ផង​ដែរ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ​បង្ហោះ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក។​

ក្រុម​មន្ត្រី​អាមេរិក​ដែល​ចូលរួម​ក្នុង​ទិវា​កាលពី​ថ្ងៃ​ពុធ​ រួមមាន​លោក​វរសេនីយ៍​ទោ ​ Aaron Thomas ​មេ​បញ្ជាការ​ក្រុម​មក​ពី​ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ឈ្លើយ​សឹក ​និង​យុទ្ធជន​បាត់​ខ្លួន​សហ​រដ្ឋ​ អាមេរិក ​ហើយ​និង​អ្នក​ស្រី​ភារធារី​ស្ថានទូត​ Bridgette Walker​ និង​លោក​ Jack Farrell​ មេ​បញ្ជាការ​នៃ​អតីត​យុទ្ធជន​ក្នុង​សង្រ្គាម​នៅ​បរទេស​ និង​មកពី​បញ្ជា​ការដ្ឋាន​នៃ​អតីត​យុទ្ធជន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​និង​ក្រុម​ប្រយុទ្ធ ​Mayaguez​ នៅ​បរទេស។​

លោក​ឧត្តម​សេនីយ៍ ​ជុំ សូយ៉ាត​ អនុ​ប្រធាន​នៃ​គណៈ​កម្មាធិការ​កម្ពុជា​ទទួល​បន្ទុក​ឈ្លើយ​សឹក ​និង​យុទ្ធជន​បាត់​ខ្លួន​ សមាជិក​ដទៃ​ទៀត​របស់​គណៈ​កម្មាធិការ​អតីត​យុទ្ធជន ​និង​តំណាង​អង្គទូត​នានា​ក៏​បាន​ចូល​រួម​ក្នុង​ទិវា​នោះ​ផង​ដែរ។​

អ្នកស្រី​ភារធារី​ Walker​ ត្រូវ​បាន​គេ​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖​ «ថ្ងៃ​នេះ​ យើង​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ក្នុង​ការ​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​ ចង​ចាំ​អ្នក​ដែល​បាន​ស្លាប់ ​និង​គោរព​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ក្នុង​ការការ​ពារជាតិ»។​

អ្នកស្រី​បន្ថែម​ថា៖​ «ស្ថានទូត​របស់​យើង​ ទីភ្នាក់ងារ​ទទួល​បន្ទុក​កិច្ចការ​ឈ្លើយ​សឹក ​និង​យុទ្ធជន​បាត់​ខ្លួន​សហ​រដ្ឋ​អាមេរិក ​និង​ដៃគូ​កម្ពុជា​របស់​យើង​នឹង​បន្ត​ធ្វើការ​ដោយ​មិន​គិត​ការ​នឿយហត់​ដើម្បី​ផ្តល់​ព័ត៌មាន​ ហើយ​សង្ឃឹម​ថា​នឹង​ផ្តល់​ការ​បិទ​បញ្ចប់​ដល់​គ្រួសារ​របស់​បុគ្គលិក​យោធា​ចំនួន​៤៨​នាក់​ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​យុទ្ធជន​បាត់​ខ្លួន​ក្នុង​សង្គ្រាម​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ឡើយ»។​

រូបឯកសារ៖ នាវា Mayaguez សហរដ្ឋអាមេរិក​ ត្រូវបានសំចត កាលពីខែឧសភា ឆ្នាំ ១៩៧៥។
រូបឯកសារ៖ នាវា Mayaguez សហរដ្ឋអាមេរិក​ ត្រូវបានសំចត កាលពីខែឧសភា ឆ្នាំ ១៩៧៥។

ម៉ាយ៉ាហ្គេស​ (Mayaguez)​ គឺ​ជា​ឈ្មោះ​របស់​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយ​ដែល​ជា​ម្ចាស់​កប៉ាល់​ធំ​មួយ​ដែល​បាន​ដឹក​ទំនិញ​សម្ភារៈ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​សៃហ្គន ​នៃ​វៀតណាម​ខាងត្បូង​ ហើយ​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​កងទ័ព​ខ្មែរក្រហម​នៅ​ឆ្នាំ​ ១៩៧៥។​

ការស្ទាក់​ចាប់​កប៉ាល់នោះ​បាន​បង្ក​ឱ្យ​មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរក្រហម ​និង​អាមេរិក​នៅ​លើ​កោះ​តាង​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ប្រទេស​កម្ពុជា ​បណ្តាល​ឱ្យ​ទាហាន​អាមេរិក​ចំនួន ​១៨ ​នាក់ ​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រយុទ្ធ​នោះ។​ ទាហាន​ខ្មែរក្រហម​មួយ​ចំនួន​ក៏​បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​វាយ​ប្រហារ​ដែល​មាន​រយៈ​ពេល​ ១៤ ​ម៉ោង​ កាល​ពី​ខែ​ឧសភា​ ឆ្នាំ ​១៩៧៥។ ​នេះ​បើ​តាម​ឯកសារ​ចង​ក្រង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក​នាយ​ឧត្តម​សេនីយ៍​ឈុំ សុជាត​ តាម​តេឡេក្រាម​តែ​គ្មាន​ការ​ឆ្លើយ​តប។​

អ្នក​នាំពាក្យ​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក ​Wesley Holzer​ ប្រាប់​សំឡេង​សហ​រដ្ឋ​អាមេរិក​(វីអូអេ) ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សហ​រដ្ឋ​អាមេរិក​ពេញចិត្ត​នឹង​កិច្ច​សហការ​ដើម្បី​ផ្តល់​បុព្វហេតុ​ចំពោះ​រាល់​ការ​បាត់ខ្លួន​បុគ្គល​ជា​ជាតិ​អាមេរិក​ ដែល​រួមមាន​សមាជិក ​គ្រប់​ផ្នែក​នៃ​ការ​កង​កម្លាំង​ប្រដាប់​អាវុធ​ មន្ត្រី​រដ្ឋាភិបាល​ស៊ីវិល​អាមេរិក​ និង​អ្នក​កាសែត។​

លោក​បន្ថែម​ថា៖​ «កិច្ច​សហការ​កម្ពុជា​ និង​អាមេរិក​លើ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ POW/MIA ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​កិច្ច​ការ​ដែល​ផ្តល់​លទ្ធផល​យ៉ាង​ច្រើន​ក្នុង​ភាព​ជា​ដៃគូ​នៃ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន​ POW/MIA ​នៅ​ក្នុង​តំបន់»។​

បើ​តាម​លោក​ Wesley Holzer ​គិត​មក​ដល់​ពេល​នេះ​ ពល​រដ្ឋ​អាមេរិកាំង​៤៨​នាក់​ក្នុង​ចំណោម​ ៩០ ​នាក់ ​ដែល​ចាត់​ទុក​ថា​ បាន​បាត់​ខ្លួន​នៅ​កម្ពុជា​ គឺ​ក្នុង​ឆ្នាំ​ ១៩៧៥​ នៅតែ​មិនទាន់​ដឹង​ថា​ ពួកគេ​នៅ​រស់​ឬ​យ៉ាង​ណា​ទេ។ ​តាម​រយៈ​ទីភ្នាក់ងារ​កំណត់​ចំនួន​នៃ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​បាត់​ខ្លួន ​POW/MIA ​(DPAA)​ សហ​រដ្ឋ​អាមេរិក​បាន​ធ្វើការ​ជាមួយ​ដៃ​គូ​ជាច្រើន​នៅ​កម្ពុជា​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ទិន្នន័យ​ពេញ​លេញ​បំផុត​មួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នៃ​ពលរដ្ឋ​អាមេរិកាំង​ដែល​មិន​ដឹង​ថា​ នៅ​រស់ ​ឬ​ក៏​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៨០​ មក ​កម្ពុជា​បាន​អនុវត្ត​ប្រតិបត្តិ​ការ​រុករក​អដ្ឋិធាតុ​របស់​ទាហាន​អាមេរិក​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​សង្គ្រាម​អាមេរិក-វៀតណាម​ កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៧០។ ​

កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៨​ លោក ​ហ៊ុន សែន ​ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ប្រកាស​ផ្អាក​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​របស់​សហ​រដ្ឋ​អាមេរិក​ ​ដែល​បាន​សម្រេច​ផ្អាក​ការ​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោ​ប្រវេសន៍​ ​ឲ្យ​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា។​

ប៉ុន្តែ​មួយ​ខែ​ក្រោយ​មក​គឺ​ក្នុង​ខែ​តុលា​ ឆ្នាំ​ ២០១៨ ​ដដែល​នោះ​ លោក​ ហ៊ុន សែន ​ក៏​បាន​បើក​ឱ្យ​មាន​ប្រតិបត្តិ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ក្នុង​ប្រទេស​កម្ពុជា​ឡើង​វិញ។​ នា​ពេល​នោះ​ លោក ហ៊ុន សែន​បាន​បញ្ជាក់​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​អ្នក​ធ្វើ​ច្បាប់​អាមេរិក​ពីរ​រូប​ថា​ កម្ពុជា​តែង​មាន​បំណង​លើក​កម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ ​និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ទាំងអស់​ជាមួយ​សហ​រដ្ឋ​អាមេរិក​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ផល​ប្រយោជន៍​រួម​និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។​

ការ​ផ្អាក​ទៅវិញ​ទៅ​មក​នេះ​ក៏​បាន​កើត​ឡើង​ចំ​ពេល​ដែល​ទំនាក់​ទំនង​របស់​កម្ពុជា​ ​និង​អាមេរិក​កាន់តែ​មាន​ភាព​យ៉ាប់យ៉ឺន​ ​ទន្ទឹម​នឹង​ទំនាក់​ទំនង​កម្ពុជា​និង​ចិន​កាន់​តែ​មាន​ភាព​ស្អិត​ល្មួត។​

យ៉ាង​ណា​ក៏​ដោយ ​កាលពី​ឆ្នាំ​ ២០២៣ ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ​នាយករដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ បាន​ប្រាប់​អតីត​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​លោក ​W. Patrick Murphy ​ថា​ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​បេសក​កម្ម​ស្រាវជ្រាវ​ និង ​ជីក​រុករក​អដ្ឋិធាតុ​ជនជាតិ​អាមេរិក​បាត់​ខ្លួន​ឬ​ POW/MIA​ ហើយ​បាន​កែ​សម្រួល​ក្រុម​ការងារ​ដើម្បី​សម្រេច​បេសក​កម្ម​នេះ​ឱ្យ​បាន​រហ័ស​ទាន់​ពេល ​និង​ប្រកប​ដោយ​កាយ​វិការ​នៃ​ការ​គោរព ​និង​ស្រឡាញ់​ចំពោះ​ក្រុម​គ្រួសារ​នៃ​យុទ្ធជន​ដែល​បាន​បាត់​ខ្លួន។​ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG