ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ប្រារព្ធ​ខួប​២០​ឆ្នាំ​នៃ​ការវាយ​ប្រហារ​ដោយ​ភេរវកម្ម​ថ្ងៃទី​១១ ខែកញ្ញា


រូបឯកសារ៖ លោក Jan Ramirez ប្រធាន​ផ្នែកអភិរក្ស​នៅ​សារមន្ទីរ​ចងចាំ​ព្រឹត្តិការណ៍ ថ្ងៃទី១១ ខែកញ្ញា (Memorial & Museum) រៀបចំ​ការធ្វើការ​រៃ​អង្គាស​ប្រាក់​តាម​រយៈប័ណ្ណ​រំលែកទុក្ខ​ដល់​ជនរងគ្រោះ​ថ្ងៃទី១១ ខែកញ្ញា នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងJersey City រដ្ឋ New Jersey។
រូបឯកសារ៖ លោក Jan Ramirez ប្រធាន​ផ្នែកអភិរក្ស​នៅ​សារមន្ទីរ​ចងចាំ​ព្រឹត្តិការណ៍ ថ្ងៃទី១១ ខែកញ្ញា (Memorial & Museum) រៀបចំ​ការធ្វើការ​រៃ​អង្គាស​ប្រាក់​តាម​រយៈប័ណ្ណ​រំលែកទុក្ខ​ដល់​ជនរងគ្រោះ​ថ្ងៃទី១១ ខែកញ្ញា នៅ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងJersey City រដ្ឋ New Jersey។

ការ​វាយ​ប្រហារ​ដ៏​រន្ធត់​នៅ​ថ្ងៃទី​១១ ​កញ្ញា ​ឆ្នាំ​២០០១​ កើត​ឡើង​រយៈ​ពេលតែ​១០២​នាទី​ប៉ុណ្ណោះ។ ​នៅថ្ងៃ​នោះ​ មនុស្ស​ ២.៩៩៦​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប។ ​

លទ្ធផល​បន្ទាប់​ គឺសង្គ្រាម​១៩​ឆ្នាំ​ ១០​ខែ​ ៣សប្តាហ៍​ និង​ពីរ​ថ្ងៃ​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ ដោយ​ក្រសួង​ការពារជាតិ​បាន​ឱ្យ​ដឹង​ថា​ ទាហាន​អាមេរិក​យ៉ាងហោច​ណាស់​២.៣២៥​នាក់​ បាន​ស្លាប់។​ គ្មាន​នរណា​ដឹង​ច្បាស់​ថា ជន​ស៊ីវិល​ប៉ុន្មាន​នាក់ ​ត្រូវ​បាន​សម្លាប់​នោះ​ទេ។​

នៅ​ថ្ងៃទី​១១​ ខែ​កញ្ញា ​ឆ្នាំ​២០២១​នេះ ​លោក​ប្រធានាធិបតី ​Joe Biden ​នឹង​ព្យាយាម​គូស​បញ្ជាក់​អំពី​សោកនាដ​កម្ម​ទាំងពីរ​នេះ​ ​ដោយទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​ពួកគេ​នៅ​កន្លែង​ទាំងបី​ដែល​ការ​រង​ទុក្ខ​វេទនា​ដ៏​ខ្លាំងក្លា​នោះ​ បាន​នាំ​ឱ្យអាមេរិក​ធ្វើ​សង្គ្រាម​យូរ​បំផុត។​

សង្គ្រាម​ប្រឆាំង​ភេរវកម្ម​សកល​បាន​រាលដាល​ហួសពី​ប្រទេស​អាហ្វហ្កានីស្ថាន ​ហើយ​ឈាន​ទៅ​ដល់​ប្រទេស​អ៊ីរ៉ាក់​ និង​កន្លែង​ផ្សេង​ទៀត​នៃ​ពិភពលោក​ រហូត​ដល់​ទ្វីប​អាហ្វ្រិក។ ​នៅ​ប្រទេស​អ៊ីរ៉ាក់​ ជម្លោះ​នេះ​ បាន​ឆក់​យក​ជីវិត​បុគ្គលិក​យោធា​អាមេរិក​ជិត​៤.៥០០​ នាក់​និង​ជន​ស៊ីវិល​រាប់សែន​នាក់។​

នៅថ្ងៃ​សៅរ៍​ លោក ​Biden ​នឹង​ទៅ​មើល​កន្លែង​ទាំងបី​ ដែល​ជា​កន្លែង​បង្ក​ផ្កា​ភ្លើង​សង្គ្រាម​ គឺ​ទីក្រុង​ញូវយ៉ក​ ដែល​នៅ​វេលា​ម៉ោង​៨:៤៦​នាទី​ព្រឹក​ដែល​មាន​ថ្ងៃរះ​ល្អ​ក្នុង​ខែ​កញ្ញា​នោះ​ យន្តហោះ​ American Airlines Flight 11 ​បាន​បុក​ប៉ម​ខាងជើង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក​ ហើយ​១៧​នាទី​ក្រោយ​មក ​យន្តហោះ​ United Airlines Flight 175​ បាន​បុក​ប៉ម​ខាង​ត្បូង​នៃ​អគារភ្លោះ​នោះ។​

លោក​ប្រធានាធិបតី​ ​ក៏​នឹង​ទៅ​ទស្សនា​មន្ទីរ​បញ្ចកោណ​ជា​ទីដែល​យន្តហោះ​ American Airlines Flight 77 ​បានបុកក្នុង​ពេល​៣៤​នាទី​ក្រោយ​មកទៀត។ ​ដោយ​ឡែក​ លោក​និង​អនុ​ប្រធានាធិបតី​អ្នកស្រី Kamala Harris ​នឹង​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​ពួកគេ​នៅ​ឯ​វាល​មួយ​ក្នុង​សង្កាត់​ Shanksville​ នៅ​រដ្ឋ ​Pennsylvania ​ជា​កន្លែង​ស្លាប់​នៃ​ជន​រងគ្រោះ​ក្នុង​យន្តហោះ​ United Airlines Flight 93​ ដែល​បាន​ធ្លាក់៕

XS
SM
MD
LG