ប្រទេសម៉ាឡេស៊ីនឹងបញ្ជូនកងទ័ពទៅកាន់ប្រទេសសូម៉ាលីដែលជាផ្នែកមួយនៃបេសកម្មមនុស្សធម៌ដើម្បីជួយបញ្ចៀសការស្រេកឃ្លាន និងជួយសង្គ្រោះជីវិតមនុស្សរាប់ពាន់នាក់ នេះបើតាមការបញ្ជាក់របស់មន្រ្តីរដ្ឋាភិបាលសូម៉ាលី និងពួកអ្នកការទូតកាលពីថ្ងៃសៅរ៍។
លោក Mohamed Abdi Hayir Mareye រដ្ឋមន្រ្តីក្រសួងព័ត៌មានសូម៉ាលីបានប្រាប់ VOAផ្សាយជាភាសាសូម៉ាលីថា៖ «ខ្ញុំអាចបញ្ជាក់ថា របាយការណ៍និងសេចក្តីលម្អិតនឹងត្រូវផ្តល់ឲ្យនៅពេលដែលគណៈប្រតិភូដែលដឹកនាំលោក Mohmed Omar Arte ឧបនាយករដ្ឋមន្រ្តីនៃប្រទេសសូម៉ាលីដែលកំពុងបំពេញទស្សនកិច្ចប្រទេសម៉ាឡេស៊ីវិលត្រឡប់មកកាន់មាតុភូមិវិញ»។
ឆ្លើយតបទៅនឹងបណ្តាញព័ត៌មាននៅក្នុងទីក្រុង Kuala Lumpur លោក Datuk Seri Hishammuddinsaid រដ្ឋមន្រ្តីការពារប្រទេសម៉ាឡេស៊ីបាននិយាយថា ប្រទេសរបស់លោកនឹងបញ្ជូនមន្រ្តី៣នាក់និងបុគ្គលិក១៧នាក់មកពីពេទ្យទាហានទៅកាន់ប្រទេសសូម៉ាលី។
លោករដ្ឋមន្រ្តីបាននិយាយថា៖ «អង្គភាពថ្មើរជើងមានមន្រ្តីម្នាក់និងបុគ្គលិក១០នាក់ នឹងផ្តល់សន្តិសុខសម្រាប់គណៈប្រតិភូ។ ការផ្គត់ផ្គង់ម្ហូបអាហារនិងគ្រឿងបរិក្ខាពេទ្យ នឹងត្រូវដឹកតាមយន្តហោះទៅកាន់ប្រទេសសូម៉ាលីតាមយន្តហោះធុន Hercules C-130។
លោករដ្ឋមន្រ្តីការពារប្រទេសម៉ាឡេស៊ីបាននិយាយទៀតថា ចំនួនកងទ័ពរួមនិងសម្ភារៈ នឹងត្រូវប្រមែប្រមូលពីរាជធានី Riyadh នៃប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលនៅទីនោះកងទ័ពមួយចំនួនតូចបានបោះទីតាំងនៅដើម្បីជួយជម្លៀសជនជាតិម៉ាឡេស៊ីនៅក្នុងប្រទេសយេម៉ែន។
ក៏ប៉ុន្តែ មនុស្សជាច្រើនចាត់ទុកកងទ័ពទាំងនោះជាផ្នែកមួយនៃក្រុមចម្រុះដែលដឹកនាំដោយប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលប្រយុទ្ធលើកងជីវពល Houthi នៅក្នុងប្រទេសយេម៉ែន៕