បើតាមពួកមន្ត្រីនិងពួកអ្នកវិភាគស.រ.អា.ថាជាមួយការវាយយកបានព្រលានយន្តហោះយុទ្ធសាស្ត្រមួយនៅក្នុងប៉ែកខាងជើងនៃប្រទេសស៊ីរីពីពួករដ្ឋ ឥស្លាម ក្នុងសប្តាហ៍នេះ កងកម្លាំងគាំទ្រដោយស.រ.អា.និងពួកយោធាអាមេរិកាំងអាចចេញចូលក្នុងព្រលានយន្តហោះ៥ក្នុងតំបន់នោះដែលជាបណ្តាញមួយអាចបង្ហាញភាពដាច់ណាត់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋ ឥស្លាម។
មន្ត្រីស.រ.អា.ពីរនាក់បាននិយាយប្រាប់ VOA ថាវិស្វករនិងពួកអ្នកធ្វើការអាមេរិកាំងកំពុងជួសជុលនិងធ្វើឱ្យប្រើប្រាស់បានឡើងវិញនូវព្រលានយន្តហោះនៅជិតទំនប់ទឹក Tabqa ដែលកងកម្លាំងប្រជាធិបតេយ្យស៊ីរីគាំទ្រដោយស.រ.អា.វាយយកបានកាលពីថ្ងៃអាទិត្យ។
លោកឧត្តមសេនីយស.រ.អា. Carlton Everhart មេបញ្ជាការនៃក្រុមបញ្ជាការកងចលភាពតាមអាកាសនៃកងទ័ពអាកាសស.រ.អា.បាននិយាយប្រាប់ VOA ថាពួកទាហានរបស់លោកបានដឹកកងកម្លាំង SDF ទៅដាក់ពីក្រោយខ្សែបន្ទាត់ការពាររបស់ពួករដ្ឋ ឥស្លាម ដើម្បីអនុញ្ញាតឱ្យពួកគេបើកធ្វើការវាយប្រហារដែលអាចឱ្យយកវាលយន្តហោះនេះបាន។
លោក Everhart មិនបានបញ្ជាក់ថាពិតឬប្រកែកអំពីថាតើពួកទាហានរបស់លោកកំពុងជួសជុលវាលយន្តហោះ Tabqa ដោយសារបញ្ហាសន្តិសុខខាងកិច្ចប្រតិបត្តិការ ក៏ប៉ុន្តែលោកបានថ្លែងថាពួកទាហានរបស់លោកអាច «ធ្វើដូច្នេះបាននៅពេលមានបញ្ជា»។
កាលពីឆ្នាំ២០១៤ ពួកយុទ្ធជនរដ្ឋ ឥស្លាម បានវាយដណ្តើមការត្រួតត្រាមូលដ្ឋាននេះនៃកងទ័ពអាកាសពីកងកម្លាំងរដ្ឋាភិបាលស៊ីរីបណ្តាលឱ្យទាហានរដ្ឋាភិបាលយ៉ាងតិចណាស់១៦០នាក់ស្លាប់៕