លោកប្រធានាធិបតីស.រ.អា.បារ៉ាក់ អូបាម៉ា(Barack Obama)បានការពារសកម្មភាពរបស់លោកក្នុងការចាត់វិធានការធ្វើឱ្យមានទ្បើងវិញនូវទំនាក់ទំនងខាងការទូតជាមួយប្រទេសគុយបា (Cuba) ដោយលោកបានមានប្រសាសន៍ថាការណ៍នេះនឹងផ្តល់ឱ្យស.រ.អា.នូវឱកាសធំជាងមុនក្នុងការមានឥទ្ធិពលលើរដ្ឋាភិបាលកុម្មុយនិស្តមួយនោះ។
នៅក្នុងសន្និសីទកាសែតដំណាច់ឆ្នាំប្រចាំឆ្នាំរបស់លោកនៅឯសេតវិមានកាលពីថ្ងៃសុក្រ លោកអូបាម៉ាបានថ្លែងថាលោកមិនរំពឹងថានឹងមានការប្រែប្រួលភ្លាមៗជាមួយប្រទេស Cuba ទេហើយលោកបានមានប្រសាសន៍ថាទំនងជានឹងត្រូវចំណាយពេលវេលាខ្លះទៀតនៅមុនពេលសភាស.រ.អា.ចាប់ផ្តើមធ្វើការជជែកដេញដោលគ្នាអំពីលទ្ធភាពនៃការលុបចោលការរាំងខ្ទប់ខាងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសជាកោះនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកអូបាម៉ាបាននិយាយថាជាការច្បាស់លាស់ថាការដាក់ប្រទេស Cuba ឱ្យនៅដាច់ពីគេមិនបានការអ្វីទេ។
លោកប្រធានាធិបតីបានឆ្លើយនឹងសំណួរអំពីបញ្ហាមួយចំនួននៅក្នុងសន្និសីទសារព័ត៌មាននេះដោយមានរួមបញ្ចូលសកម្មភាពខាងនីតិប្រតិបត្តិចម្រូងចម្រាសរបស់លោកអំពីអន្តោប្រវេសន៍និងទំនាក់ទំនងដ៏តឹងតែងរបស់លោកជាមួយសភា។
ស្តីពីអន្តោប្រវេសន៍លោកអូបាម៉ាបានមានប្រសាសន៍ថាលោកបានបង្ហាញការអត់ធ្មត់និងភាពទោរទន់យ៉ាងខ្លាំងនៅពេលលោករង់ចាំឱ្យសភាអនុម័តសេចក្តីព្រាងច្បាប់មួយអំពីបញ្ហានេះ។ លោកបានការពារសកម្មភាពរបស់លោកក្នុងការធ្វើសកម្មភាពខាងនីតិប្រតិបត្តិមួយដើម្បីចាប់ផ្តើមអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ឋិតនៅលើមាគ៌ាទៅកាន់ការមានសញ្ជាតិអាមេរិកាំង។
លោកអូបាម៉ាបានបន្តថាជម្រើសរបស់លោកគឺធ្វើការជាមួយសភា ក៏ប៉ុន្តែលោកក៏បានលើកឡើងថាប្រសិនបើសមាជិកសភាមិនអនុម័តសេចក្តីព្រាងច្បាប់ទេ លោកនឹងចាត់វិធានការដោយខ្លួនលោកផ្ទាល់៕