សភាអាមេរិកនឹងមានឱកាសបញ្ចប់ការបិទផ្នែកខ្លះនៃរដ្ឋាភិបាលសហព័ន្ធនៅថ្ងៃព្រហស្បតិ៍នៅពេលដែលសមាជិកសភាវិលត្រឡប់មកពីថ្ងៃឈប់សម្រាកបុណ្យណូអែល។
ទោះជាយ៉ាងណាឱកាសបញ្ចប់វិបត្តិនេះទំនងជាមានតិចតួចសម្រាប់វិធានការបន្ទាន់ទាក់ទងនឹងថវិកាចំណាយដែលសភានិងលោកប្រធានាធិបតី Donald Trump អាចព្រមព្រៀងគ្នា។
ការបិទរដ្ឋាភិបាលដោយផ្នែកនេះមានរយៈពេលជិតមួយសប្តាហ៍ហើយ ប៉ុន្តែការប្រឈមគ្នានៅតែមាន។ លោក Trump កំពុងទាមទារថវិការាប់ពាន់លានដុល្លារសម្រាប់ការសាងសង់ជញ្ជាំងតាមបណ្តោយព្រំដែនអាមេរិក - ម៉ិកស៊ិក។ គណបក្សប្រជាធិបតេយ្យគាំទ្រការបង្កើនថវិកាតិចតួចសម្រាប់មូលនិធិសន្តិសុខតាមព្រំដែន ប៉ុន្តែមិនបាននិយាយជាក់លាក់ថា សម្រាប់ធ្វើជញ្ជាំងទេ។
លោក Mitch McConnell មេដឹកនាំគណបក្សសាធារណរដ្ឋភាគច្រើននៅព្រឹទ្ធសភាបាននិយាយថា នឹងគ្មានការបោះឆ្នោតទេរហូតទាល់តែលោក Trump និងគណបក្សប្រជាធិបតេយ្យមានការព្រមព្រៀងគ្នាអំពីប្រាក់ចំណាយ។
សេតវិមានបានបង្ហាញពីភាពទន់ភ្លន់អំពីចំនួនទឹកប្រាក់ធ្វើជញ្ជាំងព្រំដែនប៉ុន្ដែរហូតមកដល់ពេលនេះ លោក Trump មិនបានស្នើកំណែទម្រង់ច្បាប់ទាក់ទងនឹងអន្តោប្រវេសន៍ដែលទទួលបានការគាំទ្រពីគណបក្សប្រជាធិបតេយ្យសម្រាប់ការបង្កើនមូលនិធិសន្តិសុខព្រំដែនកាលពីអតីតកាលនោះទេ។ គណបក្សប្រជាធិបតេយ្យមិនទាន់ជំទាស់រឹងត្អឹងចំពោះថវិកាធ្វើជញ្ជាំងនោះទេដោយជឿជាក់ថា ជំហរចរចារបស់ពួកគេនឹងមានភាពប្រសើរឡើងនៅពេលដែលសភាមានសំឡេងប្រជាធិបតេយ្យភាគច្រើននៅដើមខែមករា៕