រដ្ឋាភិបាលអាមេរិកនៅតែបិទទ្វារយ៉ាងហោចណាស់ត្រឹមថ្ងៃព្រហស្បតិ៍ខាងមុខនេះ ឬក៏អាចជាច្រើនថ្ងៃ ឬជាច្រើនសប្ដាហ៍ក៏ថាបាន ដោយសារតែលោកប្រធានាធិបតី Donald Trump នៅតែប្រកាន់ជំហរដាច់ណាត់នៅក្នុងការទាមទារថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក និងដោយសារតែគណបក្សប្រជាធិបតេយ្យនៅតែប្រឆាំងដាច់អហង្ការចំពោះរឿងនេះ។
កាលពីថ្ងៃចន្ទ លោក Donald Trump បានអះអាងថា «អ្នកប្រជាធិបតេយ្យម្នាក់ៗ» ជាក់ស្តែងគាំទ្រយ៉ាងរឹងមាំចំពោះការធ្វើ «ជញ្ជាំងព្រំដែន ឬរបងព្រំដែន» ប៉ុន្តែពួកគេប្រឆាំងនឹងគំនិតនេះ បន្ទាប់ពីលោកបានធ្វើឱ្យគំនិតនេះក្លាយជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់លោកសម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។
ក្រោយមកលោកបាននិយាយថា លោក «តែម្នាក់ឯងគត់» នៅសេតវិមានរង់ចាំឱ្យ «ពួកអ្នកប្រជាធិបតេយ្យត្រឡប់មកវិញ ហើយធ្វើកិច្ចព្រមព្រៀងលើសន្តិសុខតាមព្រំដែនដែលត្រូវការជាចាំបាច់»។
លោក Trump រំពឹងថា នឹងពិភាក្សាអំពីបញ្ហាសន្តិសុខតាមព្រំដែនជាមួយលោក Kirstjen Nielsen ប្រធានផ្នែកសន្តិសុខកាលពីថ្ងៃចន្ទ។ មេដឹកនាំកំពូលខាងគណបក្សប្រជាធិបតេយ្យនៅសភាបានស្តីបន្ទោសលោក Trump ចំពោះការបិទរដ្ឋាភិបាល ដោយលោកបាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗរបស់លោកបានធ្វើឱ្យប្រទេសនេះមានភាពវឹកវរ៕