ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​អំពី​បញ្ហា​អាកាសធាតុ ដែល​រៀបចំ​ដោយ​លោក Biden


រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ស្ដាំ) ចាប់​ដៃ​ជាមួយនឹង​លោក Joe Biden ដែល​កាល​ពី​ពេល​នោះ​គឺ​ជាអនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅឡើយ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។
រូបឯកសារ៖ ប្រធានាធិបតី​ចិន លោក Xi Jinping (ស្ដាំ) ចាប់​ដៃ​ជាមួយនឹង​លោក Joe Biden ដែល​កាល​ពី​ពេល​នោះ​គឺ​ជាអនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅឡើយ ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។

ប្រធានាធិបតី​ចិនលោក Xi Jinping នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក នៅ​ក្នុង​សន្និសីទ​កំពូល​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ ដែល​រៀបចំ​ឡើង​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​ចិន​អ្នកស្រី Hua Chunying បានបញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក Xi Jinping នឹង​ថ្លែង «សុន្ទរកថា​សំខាន់​មួយ» នៅ​ក្នុង​សន្និសីទ​កំពូល​តាម​អនឡាញ​នេះ។

លោក Xi Jinping គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ ៤០ នាក់ ផ្សេង​ទៀត ដែល​ត្រូវ​បាន​លោក Biden អញ្ជើញ​ឲ្យ​ចូលរួមនៅ​ក្នុង​សន្និសីទ​កំពូល​រយៈពេល ២ ថ្ងៃ​នេះ។ ក្នុង​ចំណោម​មេដឹកនាំ​ទាំង​នោះ​ក៏​មាន​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi និង​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin ផងដែរ។

ការយល់ព្រម​របស់​លោក Xi Jinping នៅ​ក្នុង​ការ​ចូលរួម​ក្នុង​សន្និសីទ​កំពូល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​លោក John Kerry បេសកជន​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​ប្រែប្រួល​អាកាសធាតុ បាន​ជួប​ប្រជុំជាមួយ​លោក Xie Zhenhua ដែល​ជា​សមភាគី​ចិន​របស់​លោក នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​សប្តាហ៍​មុន។

ការ​បង្ហាញ​ខ្លួន​របស់​លោក Xi Jinping លើក​នេះ គឺជា​វត្តមាន​ដំបូង​បង្អស់​របស់​លោក​ជាមួយ​នឹង​លោក Biden នៅ​ក្រោយ​ពេល​ដែល​លោក Biden បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក និង​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​កំពុង​មាន​ភាព​តានតឹង​កើនឡើង​ជាមួយ​គ្នា​ទាក់ទិន​នឹង​បញ្ហា​មួយ​ចំនួន​ដូចជា​បញ្ហា​ទីក្រុង​ហុងកុង​និង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​តំបន់ Xinjiang ជាដើម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG