ដោយជំនួបកំពូលលើកដំបូងដែលត្រូវគេរំពឹងយ៉ាងខ្លាំងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី Vladimir Putin ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី១៦ ខែកក្កដានេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានទៅដល់ទីក្រុងមូស្គូដើម្បីចរចាបានសម្តែងនូវក្តីសង្ឃឹមសម្រាប់ «ថ្ងៃថ្មី» ក្នុងទំនាក់ទំនងទ្វេភាគី។
សមាជិកព្រឹទ្ធសភា Richard Shelby ខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ Alabama ដែលបានថ្លែងនៅមុខម៉ាស៊ីនថតរូបមុនជំនួបជាមួយលោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា «យើងមកទីនេះដោយបានដឹងថា យើងមានទំនាក់ទំនងដ៏លំបាកមួយ ក៏ប៉ុន្តែ យើងអាចមានទំនាក់ទំនងប្រសើរឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី»។
លោក Shelby បាននិយាយទៀតថា «ពីព្រោះតែយើងមានផលប្រយោជន៍រួមនៅជុំវិញពិភពលោកដែលយើងអាចសង្ឃឹមធ្វើការជាមួយគ្នា។ យើងអាចជាគូប្រកួតប្រជែងយើងជាគូប្រកួតប្រជែង ក៏ប៉ុន្តែ យើងមិនចាំបាច់ជាគូសត្រូវនោះទេ»។ លោក Shelby និយាយបន្តទៀតថា «ដូច្នេះ យើងសង្ឃឹមថា ចេញពីជំនួបរវាងប្រធានាធិបតី Putinនិង ប្រធានាធិបតីត្រាំក្នុងទីក្រុង Helsinki នឹងក្លាយជាការចាប់ផ្តើមមួយ ប្រហែលជាថ្ងៃថ្មីមួយ»។
គណៈប្រតិភូសហរដ្ឋអាមេរិកដែលមានសមាជិក៨នាក់ បានស្ថិតនៅក្នុងទីក្រុងនោះដើម្បីនិយាយជាមួយសមាជិកសភាជាន់ទាបនិងជាន់ខ្ពស់របស់រុស្ស៊ី ដែលជាផ្លាស់ប្តូរដោយផ្ទាល់លើកទី១រវាងសមាជិកសភាមកពីប្រទេសទាំង២ចាប់តាំងពីឆ្នាំ២០១៣មក។
ភាគីទាំង២ប្រាប់ឲ្យដឹងថា ការពិភាក្សារួមមានប្រធានបទនានាដូចជាបញ្ហាប្រទេសស៊ីរី អ៊ុយក្រែន ការចោទប្រកាន់ពីជ្រៀតជ្រែកការនិងសេដ្ឋកិច្ចរុស្ស៊ី ជាប្រធានបទថ្មីៗដែលបានលើកឡើងដោយលោក Shelby ថ្វីបើមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរុស្ស៊ីដោយសារសកម្មភាពរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន៕