សមាជិកសភាសហរដ្ឋអាមេរិក ៦ រូបបានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃសុក្រ ដោយបានបង្ហាញការគាំទ្រខ្លាំងក្លាចំពោះអធិបតេយ្យភាពរបស់តៃវ៉ាន់ និងបានសន្យាថាសហរដ្ឋអាមេរិកនឹងជួយតៃវ៉ាន់ទប់ទល់នឹងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិនដែលចង់ដាក់គំនាបអំណាចលើតៃវ៉ាន់។
ដំណើរទស្សនកិច្ចនេះបានបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីរដ្ឋាភិបាលចិន។ កន្លងមក រដ្ឋាភិបាលចិនបានស្នើមិនឱ្យក្រុមសមាជិកសភាអាមេរិកនេះធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ទេ។
បន្ថែមទៅនឹងសេចក្ដីថ្លែងការណ៍ផ្លូវការថ្កោលទោសដំណើរទស្សនកិច្ចនេះ រដ្ឋាភិបាលចិនបានបញ្ជាឱ្យមានការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅក្នុងដែនសមុទ្រជិតកោះតៃវ៉ាន់ ដែលក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយន្តហោះយាមល្បាតប្រុងប្រៀបប្រយុទ្ធ និងការធ្វើសមយុទ្ធវាយប្រហារតាមដែនសមុទ្រផងដែរ។
លោកវរសេនីយ៍ឯកជាន់ខ្ពស់ Shi Yi ដែលជាអ្នកនាំពាក្យយោធាចិនទទួលបន្ទុកបញ្ជាការដ្ឋានភូមិភាគខាងកើត បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «អ្នកណាដែលលេងជាមួយភ្លើង អ្នកនោះនឹងឆេះខ្លួនឯង។ កងទ័ពក្នុងតំបន់យោធានេះតែងតែរក្សាការប្រុងប្រយ័ត្នខ្ពស់ ហើយនឹងការពារយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពនិងសន្តិសុខជាតិក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់»។
គណៈប្រតិភូសហរដ្ឋអាមេរិកនេះរួមមាន លោកសមាជិកព្រឹទ្ធសភា Robert Menendez ខាងគណបក្សប្រជាធិបតេយ្យតំណាងរដ្ឋ New Jersey ដែលជាប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភា លោកសមាជិកព្រឹទ្ធសភា Lindsey Graham ខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ South Carolina លោកសមាជិកព្រឹទ្ធសភា Richard Burr ខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ North Carolina លោកសមាជិកព្រឹទ្ធសភា Robert Portman ខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Ohio លោកសមាជិកព្រឹទ្ធសភា Ben Sasse ខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Nebraska និងលោកសមាជិករដ្ឋសភា Ronny Jackson ខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Texas។
ក្នុងចំណោមបញ្ហានានា គណៈប្រតិភូសហរដ្ឋអាមេរិកនេះបានរិះគន់ប្រទេសចិនចំពោះអ្វីដែលពួកគេចាត់ទុកថាជាការគាំទ្រជាបន្តរបស់ចិនលើប្រទេសរុស្ស៊ីនៅក្នុងស្ថានការណ៍នៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
សមាជិកសភាសហរដ្ឋអាមេរិកទាំងនេះក៏បានប្រៀបធៀបផងដែររវាងសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែននេះជាមួយនឹងករណីដែលប្រទេសចិនអាចប៉ុនប៉ងដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់ដោយកម្លាំងយោធា៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ