សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសស្វីសនិងវៀតណាមថាជាប្រទេសដែលបានបញ្ចុះតម្លៃរូបិយប័ណ្ណដើម្បីកេងចំណេញ ដោយបានជ្រៀកជ្រែកចូលក្នុងទីផ្សារប្តូររូបិយប័ណ្ណបរទេសនិងបង្កើតឲ្យមានជម្លោះរវាងដៃគូពាណិជ្ជកម្មទាំងពីរ។
ប្រទេសទាំងពីរនេះត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកចាត់ទុកជាប្រទេសដែលបានបញ្ចុះតម្លៃរូបិយប័ណ្ណនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយនៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០ក្នុងបំណងបញ្ឈប់ប្រទេសនានា ពីការបញ្ជុះតម្លៃរូបិយប័ណ្ណដើម្បីកេងយកចំណេញខាងវិស័យពាណិជ្ជកម្មដ៏អយុត្តិធម៌។
នេះជាលើកទីមួយដែលសហរដ្ឋអាមេរិកបានដាក់ប្រទេសដទៃមួយទៅក្នុងប្រទេសដែលបានបញ្ចុះរូបិយប័ណ្ណចាប់តាំងពីឆ្នាំ២០១៩មកនៅពេលដែលចិនក៏ត្រូវបានអាមេរិកដាក់ចូលជាប្រទេសដែលបានបញ្ចុះតម្លៃរូបិយប័ណ្ណផងដែរខណៈកំពុងជួបចរចារស្តីពីបញ្ហាពាណិជ្ជកម្មដ៏តឹងតែងជាមួយអាមេរិកនោះ។
រដ្ឋាភិបាលក្រុងវ៉ាស៊ីងតោន បានដកប្រទេសចិនចេញពីបញ្ជីប្រទេសបញ្ចុះតម្លៃរូបីយប័ណ្ណកាលពីខែមករាឆ្នាំ២០២០ បន្ទាប់ពីប្រទេសទាំងពីរបានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប៉ុន្តែរូបីយប័ណ្ណយ័ន(yuan) របស់ចិននៅតែស្ថិតក្នុងបញ្ជីនៃរូបិយប័ណ្ណបរទេសជាច្រើនដែលក្រសួងរតនាគារអាមេរិកកំពុងតាមដានត្រួតពិនិត្យ។
របាយការណ៍នោះក៏បានបញ្ជាក់ផងដែរថា ប្រទេសស្វីសនិងវៀតណាមជាប្រទេសដែលបានធ្លាក់ចូលក្នុងប្រភេទទាំងបីនៃការដាក់ចូលទៅក្នុងប្រទេសដែលបានបញ្ចុះតម្លៃរូបិយប័ណ្ណដើម្បីកេងចំណេញដែលជាចំណាត់ការមួយដែលនាំឲ្យមានការចរចារនៅឆ្នាំក្រោយ។ ប្រសិនបើមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងទេនោះសហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសទាំងពីរនេះ។
ប្រទេសដទៃផ្សេងៗទៀត ដែលស្ថិតក្នុងបញ្ជីតាមដានរួមមាន ប្រទេសឥណ្ឌាអ៊ីតាលី ជប៉ុន កូរ៉េខាងត្បូងអាល្លឺម៉ង់ ម៉ាឡេស៊ីកោះតៃវ៉ាន់ និងប្រទេសថៃ។
នេះជារបាយការណ៍ចុងក្រោយដែលរដ្ឋបាលរបស់លោកត្រាំបានធ្វើឡើងដោយទុកវាឲ្យរដ្ឋមន្ត្រីក្រសួងរតនាគារថ្មីក្រោមរដ្ឋបាលរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Joe Biden ជាអ្នកសម្រេចថាតើគួរទុកឈ្មោះប្រទេសទាំងនោះក្នុងបញ្ជីដែលពាក់ព័ន្ធនឹងការបញ្ចុះតម្លៃរូបិយប័ណ្ណដើម្បីកេងចំណេញដែរឬយ៉ាងណានោះ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងរតនាគារអាមេរិកលើកឡើងថា អ្នកទទួលការតែងតាំងជារដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកថ្មីលោកស្រី Janet Yellen មិនទាន់ត្រូវបានគេប្រាប់ឲ្យដឹងនៅឡើយពីការដាក់បញ្ជូលនូវឈ្មោះប្រទេសទាំងនោះដោយសារការសម្រេចចិត្តទាំងអស់គឺស្ថិតនៅក្រោមរដ្ឋបាលរបស់លោកត្រាំ។ នេះបើតាមការផ្សាយរបស់ការសែត The New York Times ។
របាយការណ៍ដែលលើកឡើងពីសកម្មភាពទីផ្សារក្នុងចន្លោះពីខែកក្កដា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២០ ត្រូវបានផ្សព្វផ្សាយក្នុងអំឡុងពេលនៃការរាតត្បាតឆ្លងនៃជំងឺកូវីដ១៩ ដែលបានធ្វើឲ្យទន់ខ្សោយដល់សេដ្ឋកិច្ចសាកលលោកក្នុងឆ្នាំនេះនិងធ្វើឲ្យទីផ្សារប្តូររូបិយប័ណ្ណបរទេសស្ថិតក្នុងអស្ថិរភាព៕
ប្រែសម្រួលដោយ ជ្រា វណ្ណារិទ្ធ