សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កំពុងផ្ញើសារយ៉ាងច្បាស់មួយដោយមានការ សម្របសម្រួលគ្នារបស់ខ្លួនអំពីគោលនយោបាយទៅកាន់កូរ៉េខាងជើង។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដែលបានថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃពុធហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោកស្រីបានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសជប៉ុននិងកូរ៉េខាងត្បូងថា «ការសម្របសម្រួលដ៏ជិតស្និទ្ធនេះ បញ្ជូនសារយ៉ាងច្បាស់ដល់កូរ៉េខាងជើងថា យើងប្រកៀកស្មាគ្នាដើម្បីដោះស្រាយបញ្ហានេះ»។
ការពិភាក្សាត្រីភាគីនោះត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បើទោះជាទំនាក់ទំនងរវាងជប៉ុន និងកូរ៉េខាងត្បូងមានភាពល្អក់កករ ដោយសារតែការចោទប្រកាន់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរដែលកើតចេញពីអន្តរាគមន៍របស់ជប៉ុននៅក្នុងប្រទេសកូរ៉េ នៅមុន និងក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទីពីរក៏ដោយ។
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Takeo Mori បានថ្លែងថា សហប្រតិបត្តិការត្រីភាគីជាមួយនឹងសហរដ្ឋអាមេរិកមានសារៈសំខាន់ណាស់សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
មានដំណើរវិវត្តទៅមុខតែបន្ដិចបន្ដួចប៉ុណ្ណោះពាក់ព័ន្ធនឹងការលុបបំបាត់នុយក្លេអ៊ែរនៅកូរ៉េខាងជើង ដោយសារតែលោក Kim បានបដិសេធមិនព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់លោកនោះ ប៉ុន្តែលោកបានផ្អាកការសាកល្បងនុយក្លេអ៊ែរទាំងនោះ។
លោក Choi Jung Kun អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានពណ៌នាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើងថាជា «ចំណាត់ការវែងឆ្ងាយ»មួយដែលតម្រូវឲ្យមានការអត់ធ្មត់។
លោកស្រី Sherman ថ្លែងថា សហរដ្ឋអាមេរិក«ត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាជាមួយនឹងកូរ៉េខាងជើង ហើយពួកគេក៏បានដឹងពីរឿងនេះដែរ»៕