រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រទេសកាតានឹងមានការលំបាកក្នុងការធ្វើទៅតាមការទាមទារមួយចំនួនដែលប្រទេសអារ៉ាប៊ីសាអូឌីត និងប្រទេស ៣ ផ្សេងទៀត ដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ដាក់ឲ្យរដ្ឋាភិបាលកាតាធ្វើតាម។ លោក Tillerson ក៏បានជំរុញផងដែរថា ភាគីទាំងសងខាងគួរតែចរចាដើម្បីបញ្ចប់ជម្លោះការទូតនៅតំបន់ឈូងសមុទ្រពែកនេះ។
ក្នុងរយៈពេលមួយថ្ងៃក្រោយមកបន្ទាប់ពីប្រទេសកាតាបដិសេធនូវការទាមទាររបស់ប្រទេសអារ៉ាប់ទាំង ៤ នេះ លោក Tillerson បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់លោកថា៖ «មានចំណុចសំខាន់មួយចំនួន ដែលផ្ដល់នូវមូលដ្ឋានសម្រាប់ការចរចាបន្តទៅមុខ ដើម្បីឈានទៅដល់ការស្វែងរកដំណោះស្រាយ»។
លោក Tillerson មិនបាននិយាយថា ចំណុចសំខាន់ៗអ្វី ដែលលោកគិតថា ប្រទេសអេហ្ស៊ីប បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងប្រទេសអារ៉ាប៊ីសាអូឌីត អាចឈានដល់ការព្រមព្រៀងជាមួយនឹងប្រទេសកាតានោះទេ។
ប្រទេសអារ៉ាប់ទាំង ៤ ដែលផ្ដាច់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកាតា កាលពីជាងពីរសប្ដាហ៍មុន ផ្អែកលើហេតុផលដែលថា ប្រទេសកាតាគាំទ្រអំពើភេរវកម្មនៅក្នុងតំបន់នោះ បានផ្ញើការទាមទារចង់បានរបស់ពួកគេទៅឲ្យប្រទេសកាតា កាលពីសប្ដាហ៍មុន តាមរយៈប្រទេសគុយវ៉ែត ដែលជាអ្នកសម្របសម្រួល។
ការទាមទារទាំងនោះមានដូចជា ប្រទេសកាតាបិទបណ្ដាញទូរទស្សន៍ Al Jazeera បញ្ចប់ទំនាក់ទំនងជាមួយនឹងក្រុមមួយចំនួន ដែលមានទំនាក់ទំនងជាមួយនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាម ផ្ដាច់ទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីរ៉ង់ បិទមូលដ្ឋានយោធាតួកគីនៅក្នុងប្រទេសរបស់ខ្លួន ជាដើម៕