មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយថា ស.រ.អា.និងមហាអំណាចអាណានិគមអឺរ៉ុបមិនបានជោគជ័យក្នុងការប្រឹងប្រែងរបស់គេ«បង្ខំឲ្យប្រទេសអ៊ីរ៉ង់លុតជង្គង់»នោះទេ នៅក្នុងកិច្ចចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុង Tehran។
ការអត្ថាធិប្បាយរបស់លោកដែលបង្ហោះនៅក្នុងគេហទំព័ររបស់លោកនៅថ្ងៃអង្គារនេះគឺជាការអត្ថាធិប្បាយលើកទីមួយ ចាប់តាំងពីក្រុមអ្នកចរចារបស់លោកមកពីប្រទេសអ៊ីរ៉ង់និងក្រុមអ្នកចរចាមកពីប្រទេសមហាអំណាចបានព្រមព្រៀងគ្នាពន្យារការចរចាតទៅទៀតអំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសលោករហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។
ការពន្យារពេលចរចានេះធ្វើឡើងក្រោយពីភាគីទាំងពីរមិនបានធ្វើការព្រមព្រៀងគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីធានាថាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាកម្មវិធីសន្តិភាព ជាថ្នូរនឹងការបន្ធូរបន្ថយការដាក់ទណ្ឌកម្មដែលបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លោក John Kerry រដ្ឋមន្ត្រីការបរទេសស.រ.អា.និយាយថា ប្រទេសអ៊ីរ៉ង់និងក្រុមប្រទេសមហាអំណាច រួមមានស.រ.អា. អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាល្លឺម៉ង់បានខិតជិតទៅរកការព្រមព្រៀងគ្នាដែលមិនធ្លាប់មានពីមុនមក លើបញ្ហាមួយចំនួនដែលមិនទាន់បានដោះស្រាយនោះ។