ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក ដាក់​ទណ្ឌកម្ម​មន្ត្រី​អ៊ីរ៉ង់​ក្នុង​ការចាប់​ពង្រត់​និង​អាច​ដល់​ស្លាប់​ពលរដ្ឋ​អាមេរិកាំង​ម្នាក់


រូបឯកសារ៖ រូបថត​គ្មាន​កាល​បរិច្ឆេទ​មួយ​របស់​លោក Robert Levinson ភ្នាក់ងារ​ស៊ើបអង្កេត​ FBI ចូលនិវត្តន៍​ ដែល​បាន​បាត់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំង​ពី​ខែមីនា ឆ្នាំ២០០៧។ គ្រួសារ​របស់​លោក​បាន​ទទួល​រូបថត​នេះ​ នៅ​ឆ្នាំ២០១១។
រូបឯកសារ៖ រូបថត​គ្មាន​កាល​បរិច្ឆេទ​មួយ​របស់​លោក Robert Levinson ភ្នាក់ងារ​ស៊ើបអង្កេត​ FBI ចូលនិវត្តន៍​ ដែល​បាន​បាត់​ខ្លួន​ក្នុង​ប្រទេស​អ៊ីរ៉ង់​តាំង​ពី​ខែមីនា ឆ្នាំ២០០៧។ គ្រួសារ​របស់​លោក​បាន​ទទួល​រូបថត​នេះ​ នៅ​ឆ្នាំ២០១១។

សហរដ្ឋ​អាមេរិក​ បាន​ចាត់​វិធានការជា​សាធារណៈ​ជា​លើក​ទី​១​ ​ប្រឆាំងនឹង​អ៊ីរ៉ង់​ ចំពោះ​ការ​បាត់ខ្លួនពលរដ្ឋ​អាមេរិកាំងម្នាក់ ​នៅ​លើ​កោះ​មួយ​ក្នុង​ប្រទេស​នេះ ក្នុង​ឆ្នាំ​២០០៧ ដោយ​ប្រកាស​ដាក់​ទណ្ឌកម្មភ្នាក់ងារ​ស៊ើបការណ៍​អ៊ីរ៉ង់​២រូប​ ដែល​អាមេរិករកឃើញ​ថា ជា​អ្នក​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ ចំពោះការចាប់​ពង្រត់ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​ (FBI) ​លោក​ Robert Levinson ​ដែលចូល​និវត្តន៍​ ហើយ​ដែល​គេ​សន្និដ្ឋាន​ថា​បានស្លាប់​បាត់បង់​ជីវិត។​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃចន្ទ​ ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ឈ្មោះ​ភ្នាក់ងារ​ស៊ើបការណ៍អ៊ីរ៉ង់​ទាំង​ពីរ​រូប ​ដែល​ត្រូវ​អាមេរិក​ដាក់​ទណ្ឌកម្ម​នោះ​ គឺ​ Mohammad Baseri និង Ahmad Khazai ​ដែលបុគ្គល​ទាំង​ពីរ​នេះ​ ក៏​ត្រូវ​អាមេរិកពណ៌នា​ថា​ ​ជា​មន្ត្រី​ជាន់​ខ្ពស់ក្នុង​ក្រសួង​ស៊ើបការណ៍​សម្ងាត់​និង​សន្តិសុខ​របស់អ៊ីរ៉ង់។ ​

មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​ បាន​ថ្លែងប្រាប់ក្រុម​អ្នកយកព័ត៌មាននៅ​ក្នុង​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ​ថា​ មន្ត្រី​ទាំង​ពីរ​រូប​របស់អ៊ីរ៉ង់​នេះ​ ប្រហែល​មិន​មាន​គណនីយធនាគារ​នៅ​អាមេរិក​ ដើម្បីធ្វើការ​រាំងខ្ទប់ដោយសារ​ទណ្ឌ​កម្ម​នេះ​ឡើយ។

ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​រូប​នេះ​ថ្លែង​បញ្ជាក់​ថា​ ​ភ្នាក់ងារអ៊ីរ៉ង់​ទាំងពីរ​នាក់​នេះ អាច​ទទួលរងទណ្ឌកម្មផ្សេងទៀត​ ចំពោះ​សកម្មភាព​របស់គេ​ក្រៅ​ដែនដី​អ៊ីរ៉ង់។​ សកម្មភាព​ទាំង​នោះ​រួម​មានការដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​ និង​សន្តិសុខ​អ៊ីរ៉ង់​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​មន្ត្រីចារកម្មមកពី​បណ្តាប្រទេស​ផ្សេងៗ​ជាដើម។

មានព័ត៌មាន​លម្អិត​តិចតួច​ប៉ុណ្ណោះ​ ជុំវិញ​មន្ត្រី​ភ្នាក់ងារ​ស៊ើបការណ៍​ទាំង​ពីរ​រូបនេះ។​

ក្នុង​សារ​មួយ​ទៅ​កាន់​វីអូអេ​ភាសា​ពែក្ស៍​ លោក Jason Brodsky​ នាយក​គោល​នយោបាយនៃ​ក្រុម​អ្នកតស៊ូ​មតិ​រួមគ្នាប្រឆាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ បាន​គូស​បញ្ចាក់​ថា​៖ «ខ្ញុំ​បានមើល​ទៅ​លើ​ប្រវត្តិ​នៃ​បុគ្គល​ទាំង​ពីរ ​គឺ​លោក​ Baseri ​និង​ Khazai ​ហើយ​ខ្ញុំ​មិនមាន​ការភ្ញាក់ផ្អើ​ល​នោះ​ទេ​ នៅ​ពេល​ដែលមិនមាន​ឯកសារ​ជា​សាធារណៈ​ច្រើន​ ទាក់ទង​នឹង​បុគ្គល​ទាំង​ពីរ​នាក់​នេះ»។​

លោក Brodsky​ លើក​ឡើង​ថា​ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីរ៉ង់​ទាំង​ពីរ​នាក់​នេះ​ ហាក់​ដូចជា​ជាប់​ពាក់ព័ន្ធ​នឹង​ការចាប់​ពង្រត់​និង​សម្លាប់​បុគ្គល​ជាច្រើន​នៅ​ក្រៅ​ប្រទេស​ ក៏​ដូចជានៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ផង​ដែរ។​

អតីត​ភ្នាក់ងារ​ចូល​និវត្តន៍ ​FBI ​អាមេរិក លោក Robert Levinson ​បាន​បាត់​ខ្លួននៅ​ថ្ងៃទី​៩ ​ខែ​មីនា ​ឆ្នាំ​២០០៧​ ខណៈ​លោក​ទៅកំសាន្ត​នៅ​កោះ​ Kish ​ភាគ​ខាងត្បូង​ប្រទេស​អ៊ីរ៉ង់ ​ក្នុង​នាម​ជា​អ្នកស៊ើបអង្កេត​ឯកជន​មួយ​រូប។​ លោក​បាន​ចូល​និវត្តន៍​ពី​ការងារ​ផ្លូវការ​របស់​លោក​ជាមួយ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ អស់​រយៈពេល​៩​ឆ្នាំ​មុន​ពេលបាត់​ខ្លួន។ លោក​បាន​បម្រើការងារ​ឲ្យ​ទីភ្នាក់ងារ​នេះ​អស់​រយៈ​ពេល​២២​ឆ្នាំ។ ក្នុង​ឆ្នាំ​២០១៣​ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជា​ច្រើន​ផ្សាយ​ថា ​លោក Levinson ​បានទៅអ៊ីរ៉ង់​ក្នុង​បេសកកម្ម​មួយ​ឲ្យ​ទីភ្នាក់ងារចារកម្ម​អាមេរិក​ CIA ​ដែល​ជា​ការអះអាង​មួយ​ដែល​អាជ្ញាធរ​អាមេរិក ​មិន​បានបកស្រាយ​បញ្ជាក់​ឲ្យ​ដឹង​នោះទេ។

នៅ​ក្នុង​ការគូស​បញ្ជាក់​ជា​លើក​ទី​មួយ​ជុំវិញជោគ​វាសនា​របស់​លោក​ Levinson ​នោះ​ រដ្ឋបាល​របស់​លោក​ត្រាំ​ បាន​និយាយ​កាលពី​ខែមីនា​ថា​ សហរដ្ឋ​អាមេរិក​ជឿជាក់​ថា​ លោក​ Levinson ​អាចស្លាប់​យូរ​ហើយ។​ ​

ក្រុម​គ្រួសារ​លោក Robert Levinson​ មិន​បាន​ទទួល​ព័ត៌មាន​ណា​មួយ​ពី​ការស្លាប់​របស់​លោក​នោះ​ឡើយ ក្រៅពី​រូបថត​និង​វីដេអូ​ដែល​អ្នកចាប់​ជំរិត​លោក ​បាន​បង្ហោះ​និងបង្ហាញ​រូប​លោក​ ដែល​មាន​ភាពស្គមស្គាំង​ និង​សក់​ក្បាល​វែង​កន្ទ្រើង​ ក្នុង​ឆ្នាំ​២០១០​ និង​២០១១។​ ​

គ្រួសារ​របស់​លោក​ Robert Levinson ​បាន​ចេញ​ផ្សាយសេចក្តី​ថ្លែងការណ៍​មួយ​ ដោយ​ស្វាគមន៍ការដាក់​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អាមេរិក​ ទៅ​លើ​ជនជាតិ​អ៊ីរ៉ង់​ទាំង​ពីរ​នាក់​ថា ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ «ឆ្ពោះ​ទៅ​រក​ដំណើរ​ស្វែងរក​យុត្តិធម៌ដ៏​វែង​ឆ្ងាយ»​ សម្រាប់​សមាជិក​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​ពួកគេ៕

XS
SM
MD
LG