ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អាមេរិក​នឹង​បោះឆ្នោត​រើស​ប្រធាន​ថ្មី បន្ទាប់ពី​លោក McCarthy បាន​បរាជ័យ​ក្នុង​ការ​បោះឆ្នោត ៣ លើក​កន្លង​មក


​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Kevin McCarthy ក្រោកឈរ​បន្ទាប់​ពី​លោក​បាន​បរាជ័យ​ក្នុង​ការ​ក្លាយ​ជា​​ប្រធាន​រដ្ឋសភា​ នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣។
​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Kevin McCarthy ក្រោកឈរ​បន្ទាប់​ពី​លោក​បាន​បរាជ័យ​ក្នុង​ការ​ក្លាយ​ជា​​ប្រធាន​រដ្ឋសភា​ នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣។

សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​ដើម្បី​ជ្រើសរើស​ប្រធាន​រដ្ឋសភា​ថ្មី។ ការ​ជួប​គ្នា​នេះ​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​កិច្ច​ប្រឹងប្រែង​របស់​សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​លោក Kevin McCarthy នៅ​ក្នុង​ការ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​នេះ​បាន​រង​ការ​ប្រឆាំង​ដ៏​កម្រ​នៅ​ក្នុង​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​កន្លង​មក​ពី​សមាជិក​រដ្ឋសភា​អភិរក្ស​និយម​បំផុត​ក្នុង​ជួរ​គណបក្ស​របស់​លោក។

សម័យ​ប្រជុំ​របស់​រដ្ឋសភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​គឺ​ជា​សម័យ​ប្រជុំ​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល ១០០ ឆ្នាំ​ចុងក្រោយ​នេះ ដែល​គ្មាន​សមាជិក​គណបក្ស​ណា​មួយ​ទាំង​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ឈ្នះ​បាន​តំណែង​ជា​ប្រធាន​រដ្ឋសភា​ដែល​មាន​សមាជិក​ចំនួន ៤៣៥ នាក់​នេះ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​មួយ។

លោក McCarthy បាន​បរាជ័យ​នៅ​ក្នុង​ការ​ឈ្នះ​បាន​តំណែង​ជា​ប្រធាន​រដ្ឋសភា​នៅ​ក្នុង​ការ​បោះឆ្នោត ៣ លើក​កន្លង​មក ដោយ​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ចុងក្រោយ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ២០ នាក់​បាន​បោះឆ្នោត​ប្រឆាំង​នឹង​លោក។

ដោយ​ការ​បោះឆ្នោត​លើក​ទី ៤ ជិត​ធ្វើ​ឡើង គេ​នៅ​មិន​ច្បាស់​ទេ​ថា​តើ​អ្នក​ដែល​ប្រឆាំង​នឹង​លោក McCarthy នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​មក​អាច​ងាក​មក​គាំទ្រ​លោក​វិញ ឬ​ក៏​ថា​តើ​មាន​បេក្ខជន​ថ្មី​ណា​មួយ​ដែល​លេច​ឡើង​សម្រាប់​តំណែង​ជា​ប្រធាន​រដ្ឋសភា​នេះ។

គណបក្ស​សាធារណរដ្ឋ​នឹង​កាន់កាប់​អាសនៈ​ចំនួន ២២២ ទល់​នឹង ២១២ នៅ​ក្នុង​រដ្ឋសភា ដោយ​មាន​តំណែង​មួយ​នៅ​ទំនេរ​ដែល​តម្រូវ​ឱ្យ​លោក McCarthy ដែល​ជា​សមាជិក​រដ្ឋសភា​តំណាង​រដ្ឋ California អស់​រយៈពេល ១៦ ឆ្នាំ​កន្លង​មក ឈ្នះ​យ៉ាង​តិច​ចំនួន ២១៨ សំឡេង​ដើម្បី​បាន​ធ្វើ​ជា​ប្រធាន​រដ្ឋសភា។ នៅ​ក្រោម​លក្ខខណ្ឌ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក លោក McCarthy នឹង​ក្លាយជា​បុគ្គល​នៅ​លំដាប់​ទី​ពីរ​ដែល​អាច​ស្នង​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន ប្រសិនបើ​លោក​បាន​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា។

ប៉ុន្តែ សមាជិក​រដ្ឋសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន ១៩ រូប ដែល​ភាគ​ច្រើន​បាន​បង្ហាញ​ទស្សនៈ​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ថា​លោក McCarthy មិន​ប្រកាន់​ទស្សនៈ​អភិរក្ស​និយម​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋសភា បាន​បោះឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី​មួយ​ឱ្យ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ផ្សេង​ទៀត​ដូចជា​លោក Andy Biggs តំណាង​រដ្ឋ Arizona និង​លោក Jim Jordan តំណាង​រដ្ឋ Ohio ជាដើម ដែល​លោក​ទាំង​ពីរ​ជា​អ្នក​ប្រឆាំង​មិន​សំចៃ​មាត់​ចំពោះ​លោក​ប្រធានាធិបតី Joe Biden ខាង​គណបក្ស​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ទី ៣ សមាជិក​គណបក្ស​សាធារណរដ្ឋ ២០ នាក់​បាន​បោះឆ្នោត​ឱ្យ​លោក Jordan បើ​ទោះបីជា​លោក​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​ជ្រើសរើស​លោក McCarthy ឱ្យ​ធ្វើជា​ប្រធាន​ក្រុម​គណបក្ស​សាធារណរដ្ឋ​នៅ​នីតិកាល​រដ្ឋសភា​ថ្មី​រយៈពេល ២ ឆ្នាំ​ខាង​មុខ​នេះ​ក៏ដោយ។

សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ New York លោក Hakeem Jeffries បាន​ឈ្នះ​សំឡេង​គាំទ្រ​ទាំង ២១២ ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត ដោយ​ធ្វើ​ឱ្យ​លោក​នាំមុខ​នៅ​ក្នុង​ការ​កាន់​តំណែង​ជា​ប្រធាន​រដ្ឋសភា​នេះ បើ​ទោះបីជា​លោក​គ្មាន​ឱកាស​ថា​នឹង​ឈ្នះ​ក៏ដោយ ដោយសារតែ​គ្មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ណា​ម្នាក់​មាន​គម្រោង​បោះឆ្នោត​គាំទ្រ​លោក។

នៅ​ក្នុង​ការ​បោះឆ្នោត​លើក​ចុងក្រោយ សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន ២០២ នាក់​បាន​បោះឆ្នោត​ឱ្យ​លោក McCarthy ដោយ​ធ្វើ​ឱ្យ​លោក​ខ្វះ​សំឡេង​គាំទ្រ​ចំនួន ១៦ សំឡេង​ដើម្បី​ឱ្យ​បាន​សំឡេង​គាំទ្រ​ចំនួន ២១៨ ដែល​លោក​ត្រូវការ​ដើម្បី​ឈ្នះ​តំណែង​ជា​ប្រធាន​រដ្ឋសភា។

នៅ​ទីបំផុត មិន​ថា​បេក្ខជន​រូប​ណា​ដែល​គណបក្ស​សាធារណរដ្ឋ​នឹង​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​ប្រធាន​រដ្ឋសភា​នោះ​ទេ បេក្ខជន​រូប​នោះ​នឹង​ជំនួស​តំណែង​របស់​ប្រធាន​រដ្ឋសភា​បច្ចុប្បន្ន​ដែលអស់​អាណត្តិ​គឺ​អ្នកស្រី Nancy Pelosi ខាង​គណបក្ស​ប្រជាធិបតេយ្យ៕

XS
SM
MD
LG