រដ្ឋសភាសហរដ្ឋអាមេរិក បានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីពង្រីកអំណាចខ្ចីបំណុលរបស់រដ្ឋាភិបាលរហូតដល់ដើមខែធ្នូ ដោយបញ្ចៀសមិនឲ្យមានស្ថានការណ៍ដែលរដ្ឋាភិបាលមិនអាចសងបំណុលរបស់ខ្លួនបាននៅសប្ដាហ៍ក្រោយ ដែលជាពេលដែលសហរដ្ឋអាមេរិកបានបញ្ជាក់ថា ខ្លួននឹងអស់ប្រាក់ដើម្បីទូទាត់ការចំណាយ។
ការបោះឆ្នោតរបស់រដ្ឋសភានេះ បានបង្កើនបំណុលចំនួន ៤៨០ ពាន់លានដុល្លារទៀត បន្ថែមពីលើបំណុលសរុបនៅពេលបច្ចុប្បន្នចំនួន ២៨,៤ លានលានដុល្លារ រហូតដល់ថ្ងៃទី ៣ ខែធ្នូ។
ព្រឹទ្ធសភា បានអនុម័តលើសំណើច្បាប់បង្កើនបំណុលនេះ កាលពីសប្ដាហ៍មុន។ សំណើច្បាប់នេះនឹងក្លាយទៅច្បាប់បន្ទាប់ពីលោកប្រធានាធិបតី Joe Biden ចុះហត្ថលេខាលើវា។
ទោះបីជាការបោះឆ្នោតនៅសភានិងការចុះហត្ថលេខារបស់លោក Biden អាចដោះស្រាយវិបត្តិហិរញ្ញវត្ថុបន្ទាន់សម្រាប់រដ្ឋាភិបាលក៏ដោយ ក៏សភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនិងសេតវិមាននៅមិនទាន់ឯកភាពគ្នានៅឡើយអំពីការពង្រីកអំណាចខ្ចីបំណុលរបស់រដ្ឋាភិបាលសម្រាប់រយៈពេលវែង។
លោក Mitch McConnell មេដឹកនាំខាងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភា ដែលជាគណបក្សសំឡេងភាគតិច អាចទាក់ទាញបានការគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរបស់លោកកាលពីសប្តាហ៍មុន ដើម្បីជួយគណបក្សប្រជាធិបតេយ្យឲ្យបានសំឡេងគ្រប់គ្រាន់នៅក្នុងការអនុម័តលើសំណើច្បាប់ស្ដីពីការពង្រីកអំណាចខ្ចីបំណុលរយៈពេលខ្លីនេះ។
ប៉ុន្តែលោកបាននិយាយថា លោកនឹងមិនធ្វើដូច្នេះទៀតទេនៅពេលលទ្ធភាពនៃការខ្ចីបំណុលនេះផុតកំណត់នៅថ្ងៃទី ៣ ខែធ្នូខាងមុខ។
សហរដ្ឋអាមេរិកអាចជាប្រទេសតែមួយគត់នៅលើពិភពលោកដែលកំណត់កម្រិតបំណុលអតិបរមា។ រដ្ឋាភិបាលអាមេរិកបានកែប្រែកម្រិតបំណុលអតិបរមានេះប្រហែល ៧០ ដង រួមមកហើយតាំងពីឆ្នាំ ១៩៦៥ មក ដោយបង្កើនកម្រិតបំណុលអតិបរមានេះ ឬក៏ផ្អាកកម្រិតបំណុលអតិបរមានេះទាំងស្រុងរយៈពេលមួយឆ្នាំ ឬក៏ពីរឆ្នាំ៕