អ្នកជំនាញជាន់ខ្ពស់ខាងជំងឺឆ្លងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត Anthony Fauci បានទស្សន៍ទាយកាលពីថ្ងៃអាទិត្យថា ពលរដ្ឋអាមេរិកាំងយ៉ាងហោចណាស់ចំនួន១សែននាក់អាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩។ តួលេខនេះស្មើនឹងចំនួន៥០ដងនៃតួលេខអ្នកស្លាប់ក្នុងពេលបច្ចុប្បន្ននេះនៅសហរដ្ឋអាមេរិក។
លោក Fauci បានថ្លែងប្រាប់បណ្ដាញព័ត៌មាន CNN ថា សហរដ្ឋអាមេរិកអាចនឹងមានករណីឆ្លងវីរុសកូរ៉ូណារហូតដល់រាប់លាននាក់។ គិតត្រឹមថ្ងៃអាទិត្យ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ចំនួនជាង១២៥.០០០ករណី ដែលច្រើនជាងគេបង្អស់ក្នុងពិភពលោក និងអ្នកស្លាប់ចំនួនជាង២.២០០នាក់ ហើយតួលេខនេះនៅតែបន្ដកើនឡើងជារៀងរាល់ថ្ងៃ។
លោកវេជ្ជបណ្ឌិត Fauci នាយកមជ្ឈមណ្ឌលជាតិជំងឺឆ្លងនិងអាឡែកហ្ស៊ីរបស់សហរដ្ឋអាមេរិក និងលោកវេជ្ជបណ្ឌិត Thomas Inglesby នាយកនៃមជ្ឈមណ្ឌលសម្រាប់សន្ដិសុខសុខាភិបាលនៃសាកលវិទ្យាល័យ Johns Hopkins នៅក្នុងសហរដ្ឋអាមេរិក បានច្រានចោលការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា ការស្នាក់នៅក្នុងផ្ទះ និងការមិនជួបជុំគ្នា អាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវដី១៩បាន។
លោក ត្រាំ បានលើកឡើង កាលពីសប្ដាហ៍មុនថា ជំនួញក្នុងសហរដ្ឋអាមេរិកអាចនឹងដំណើរការឡើងវិញបាននៅថ្ងៃបុណ្យ Easter Sunday ក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។
លោក Fauci បាននិយាយថា លោកគាំទ្រការបន្ធូរបន្ថយការការពារប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណានៅក្នុងតំបន់ណាដែលមិនសូវរងផលប៉ះពាល់តែប៉ុណ្ណោះ ប្រសិនបើមានការតេស្តគ្រប់គ្រាន់សម្រាប់តាមដានតំបន់ទាំងនោះ។ ប៉ុន្តែលោកថ្លែងថា ស្ថានភាពបច្ចុប្បន្ននេះគឺនៅមិនទាន់ប្រាកដប្រជានៅឡើយទេ៕