កិច្ចប្រជុំថ្នាក់ជាតិរបស់មេដឹកនាំប្រចាំរដ្ឋនីមួយៗនៅអាមេរិកបានបន្តរហូតដល់ថ្ងៃអាទិត្យក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាមួយនឹងការផ្តោតទៅលើកិច្ចខិតប្រឹងប្រែងជួយដល់កុមារអត់ឃ្លាននិងស្តារហេដ្ឋារចនាសម្ព័ន្ធ។
កិច្ចប្រជុំសមាគមអភិបាលរដ្ឋថ្នាក់ជាតិប្រចាំឆ្នាំហៅកាត់ថា NGA ត្រូវបានធ្វើឡើង ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រធានាធិបតីកាលពីពេលថ្មីៗនេះឲ្យរឹតបន្តឹងជាងមុនទៅលើជនអន្តោប្រវេសន៍ខុសច្បាប់ប្រមាណ១១លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលក្នុងនោះកាត់បន្ថយថវិកាសហព័ន្ធរាប់ពាន់លានដុល្លារដល់ទីក្រុងដែលស្ថិតនៅជិតច្រកព្រំដែន ដែលមិនសូវសហការជាមួយនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។
ផែនការរបស់លោក ត្រាំ រួមមានទាំងការផ្តល់អំណាចដល់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងតំបន់ឲ្យដើរតួជាភ្នាក់ងារអន្តោប្រវេសន៍ថែមទៀតផង។
នៅក្នុងបទសម្ភាសន៍ជាមួយនឹង VOA មេដឹកនាំប្រចាំរដ្ឋជាច្រើនបាននិយាយថា ពួកគេចង់ឃើញជនអន្តោប្រវេសន៍ និងជនភៀសខ្លួនដែលទើបតែមកដល់សហរដ្ឋអាមេរិក ទទួលបានជោគជ័យនៅក្នុងជីវិតថ្មីរបស់ពួកគេ។ មេដឹកនាំទាំងនោះក៏សង្កត់ធ្ងន់ថា គ្រប់គ្នាគួរតែត្រូវបានគេសណ្តោសប្រណីនិងក្នុងឥរិយាបថសមហេតុផល ខណៈដែលរដ្ឋនៅតែអនុវត្តតាមច្បាប់។
លោក Terry McAuliffe ដែលជាប្រធាន NGA និងជាអភិបាលរដ្ឋ Virginia បានមានប្រសាសន៍ថា លោកចាត់ទុកវិធានការថ្មីថាគ្មានក្រមសីលធម៌ និងខុសច្បាប់៕