ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អាមេរិក​ចំណាយ​​​​ ២លាន​ ៤​​​សែន​ដុល្លារ​​​ដើម្បី​​ធ្វើ​ឱ្យ​មាន​ភ្លៀង​សិប្បនិមិ្មត​​​​​​​​ឱ្យ មាន​ទឹក​ក្នុង​ទន្លេ Colorado


ទន្លេ​​ Colorado ហូរកាត់រ​ដ្ឋ​កាលីហ្វ័រញ៉ា
ទន្លេ​​ Colorado ហូរកាត់រ​ដ្ឋ​កាលីហ្វ័រញ៉ា

វិធី​កែប្រែ​អាកាសធាតុ​ប្រើ​យន្តហោះ​និង​កាំភ្លើង​ធំ​ដើម្បី​បាញ់​សារធាតុ​ Iodide ចូល​ក្នុង​ពពក​ ដើម្បីឱ្យ​មានសំណើមនៅ​ក្នុង​ចំណែក​ល្អិតៗ​ដែល​ធ្លាក់ជា​ទឹកកក​ផុសៗ​និង​ទឹក​ភ្លៀង។

ការផ្តល់​ប្រាក់​ជំនួយ​នេះមាន​ឡើង​នៅ​ពេល​អាង​រក្សាទឹក​សំខាន់ៗ​នៅ​តាម​ដង​ទន្លេ​
Colorado មាន​ទឹកតិច​ដល់​កម្រិត​ទាប​មិនធ្លាប់​មាន​ពី​ពេល​មុនៗ ហើយ​ក្រុង​និង​ឧស្សាហកម្ម​នៅ​ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិកគ្មានជោគជ័យ​ក្នុង​ការ​សម្រប​សម្រួល​ការ​ប្រើ​ទឹក​របស់​ពួក​គេ​នៅ​ពេល​មាន​ការ​ផ្គត់ផ្គង់​ទឹក​តិច។​

លោក Andrew Rickert​ ដែលសម្របសម្រួលការ​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅ​រដ្ឋ Coloradoសម្រាប់​ក្រុមប្រឹក្សា​ថែរក្សា​ទឹក​នៅ​រដ្ឋ Colorado បាន​និយាយ​ថា៖ ​«ទឹកប្រាក់​នេះ​ដែលបាន​មកពី​ការិយាល័យ​សហរដ្ឋ​អាមេរិក​ខាង​ការចាត់ចែង អភិវឌ្ឍនិង​ការពារ​ទឹក ជាការ​ល្អ​អស្ចារ្យ​ យើងត្រូវ​តែ​សម្រេចធ្វើ​បែប​ណាដើម្បី​ឱ្យ​យើង​បានទទួល​ផល​ប្រយោជន៍‍»។​

បើ​តាម​ឯកសារ​របស់​អាជ្ញាធរ​ទឹកនៅ​ផ្នែក​ខាង​ត្បូង​រដ្ឋ Nevada សម្រាប់​ការ​ប្រជុំនៃ​ក្រុមប្រឹក្សា​ថាការ​ផ្តល់​ប្រាក់​សហព័ន្ធ​នឹង​ត្រូវ​ចំណាយ​សម្រាប់ការ​បង្កើន​សមត្ថភាពម៉ាស៊ីន​ភ្លើង​ប្រើ​ដៃឱ្យ​ទៅ​ជាម៉ាស៊ីនភ្លើង​អាចមាន​ដំណើរការ​ដោយមានការ​បញ្ជា​ពី​ចម្ងាយ​និង​សម្រាប់​ការ​ប្រើយន្តហោះដើម្បី​បង្កើត​ភ្លៀង​សិប្បនិម្មិត​នៅ​ក្នុង​ផ្នែក​សំខាន់ៗ​នៃអាង​ទឹកនៅ​តាម​ដង​ទន្លេ​ Colorado ភាគខាងលើ​។​ ​

លោក Rickert បានថ្លែង​ថាការ​ធ្វើ​ឱ្យ​មាន​ម៉ាស៊ីន​ភ្លើង​គ្រប់គ្រាន់​ជា​ឧបសគ្គ​មួយ។ លោក​បាន​ថ្លែង​ថា​«គ្មានម៉ាស៊ីន​ភ្លើង​ច្រើន​សម្រាប់​បង្កើត​ភ្លៀង​សិប្បនិម្មិត​ទេ។ យើងមិន​ប្រាកដ​ជា​រកបាន​ម៉ាស៊ីន​ទាំង​នេះ​ទេ តែ​គួរ​មាន​ការ​ផលិត​ម៉ាស៊ីន​ទាំង​នេះ​ឱ្យ​បាន​ច្រើន​តាម​សេចក្តី​ត្រូវការរបស់​យើង‍»។​

ការិយាល័យ​សហរដ្ឋ​អាមេរិក​ខាង​ការចាត់ចែង អភិវឌ្ឍនិង​ការពារ​ទឹកមិនបានធ្វើ​អត្ថាធិប្បាយ​អំពី​សេចក្តី​សម្រេច​ផ្តល់​ប្រាក់ជំនួយ​នេះ​ទេ។

អាជ្ញាធរ​ទឹក​ផ្នែក​ខាង​ត្បូង​រដ្ឋ Nevada ​បាន​និយាយថាប្រាក់​ជំនួយ​នេះ ទោះ​ជាត្រូវគ្រប់គ្រង​ដោយ​រដ្ឋ Nevada ក៏​ដោយ​ ក៏មិនមែន​ជាអត្ថប្រយោជន៍​ផ្តាច់​មុខ​របស់​រដ្ឋ​នេះ​ទេ។ លោក Corey Enus មន្ត្រី​ខាង​ទំនាក់ទំនង​សាធារណៈបាន​សរសេរតាម​អ៊ីមែល​ថា៖ «ប្រាក់​ជំនួយនេះ​នឹង​ត្រូវ​ប្រើ​សម្រាប់​បង្កើត​ភ្លៀង​សិប្បនិម្មិតក្នុងអាង​ទឹកផ្នែក​ខាងលើដើម្បី​ជា​អត្ថប្រយោជន៍​របស់​អ្នកប្រើ​ទឹក​ទន្លេ​នេះ​ទាំង​អស់​គ្នា‍»។

នៅក្នុង​អាង​ទឹក​ទន្លេ​ Colorado ផ្នែក​ខាងលើ​ ​រដ្ឋUtah និង​រដ្ឋ Colorado បាន​បង្កើតភ្លៀង​សិប្បនិម្មិតជា​ច្រើនទសវត្សរ៍​មក​ហើយ។ រដ្ឋ Wyoming ​បានធ្វើ​ដូច្នេះ​មួយ​ទសវត្សរ៍មកហើយ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ​រដ្ឋ​ New Mexico បាន​ចាប់​ផ្តើមអនុញ្ញាត​ឱ្យ​មានការ​បង្កើតភ្លៀង​សិប្ប​និម្មិត​នៅ​រដូវ​មាន​អាកាសធាតុ​ក្ដៅ​ល្មមក្នុង​ប៉ែក​ខាង​កើត​របស់​រដ្ឋ​នេះ។​

​រដ្ឋ​ Colorado រដ្ឋ Utah និង​រដ្ឋ​ Wyoming បានចំណាយ​ប្រាក់​ចន្លោះ​ពី ​១លានទៅ ​១លាន​៥សែ​ន​ដុល្លារ​ក្នុង​មួយ​ឆ្នាំសម្រាប់​បង្កើត​ភ្លៀង​សិប្បនិម្មិត។ កាល​ពី​ពេល​ថ្មីៗ​នេះ​ ស្ថាប័ន​នីតិបញ្ញត្តិ​នៃរដ្ឋ Utahបាន​បង្កើន​វិនិយោគក្នុង​កម្មវិធី​បង្កើត​ភ្លៀង​សិប្ប​និម្មិត​នៅក្នុង​ថវិកា​រដ្ឋ​នៅ​ឆ្នាំក្រោយ ​ដែលមាន​ទឹកប្រាក់​១៤លានដុល្លារ។

ការ​សិក្សា​ស្រាវជ្រាវមួយ​ចំនួន​បញ្ជាក់​ថាការ​បង្កើត​ភ្លៀង​សិប្បនិម្មិតអាច​បង្កើន​ទឹក​ភ្លៀងពី​ ៥%ទៅ​១៥%៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG