បំណុលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅត្រឹមដំណាច់ឆ្នាំ ២០២០ នេះ ប្រហែលជាស្មើនឹងទំហំសេដ្ឋកិច្ចជាតិ ហើយនឹងមានលើសពីទំហំសេដ្ឋកិច្ចជាតិនៅឆ្នាំ ២០២១។ នេះបើតាមការបញ្ជាក់របស់ការិយាល័យថវិកាសភាសហរដ្ឋអាមេរិកដែលហៅកាត់ថា CBOដែលជាទីភ្នាក់ងារមិនប្រកាន់ខាងគណបក្សនយោបាយណាមួយ កាលពីថ្ងៃទី ២ ខែកញ្ញាកន្លងទៅនេះ។
ការិយាល័យ CBO បានលើកឡើងថា អតុល្យភាពហិរញ្ញវត្ថុនេះគឺជាលើកដំបូងហើយនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីពេលដែលសង្គ្រាមលោកលើកទីពីរបានបញ្ចប់មក។
អ្នកវិភាគក្នុងសភាសហរដ្ឋអាមេរិកបាននិយាយថា បំណុលដែលសហរដ្ឋអាមេរិកជំពាក់នឹងមានចំនួន ៩៨% នៃផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ដែលមានប្រមាណ ១៩ លានលានដុល្លារ ហើយនឹងមានលើសពីទំហំសេដ្ឋកិច្ចជាតិនៅឆ្នាំក្រោយ។
ហេតុផលដែលបណ្ដាលឲ្យមានបញ្ហានេះគឺដោយសាររដ្ឋាភិបាលផ្ដល់ជំនួយយ៉ាងច្រើនដល់អាជីវកម្មនានា និងដល់គ្រួសារអាមេរិកាំងនិងអ្នកធ្វើការភាគច្រើនដែលបាត់បង់ការងារធ្វើដោយសារវិបត្តិជំងឺកូវីដ១៩ ដែលការផ្ដល់ជំនួយទាំងនេះបានធ្វើឲ្យឱនភាពចំណាយរបស់រដ្ឋាភិបាលកើនឡើង។
កន្លងមក កម្រិតបំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលមានលើសពីទំហំសេដ្ឋកិច្ចរបស់ប្រទេសលើកចុងក្រោយបង្អស់គឺកើតឡើងនៅក្នុងឆ្នាំ ១៩៤៦ ដែលនៅពេលនោះមានចំនួន ១០៦% នៅក្រោយពេលដែលរដ្ឋាភិបាលចំណាយថវិកាដល់ផ្នែកយោធាអស់រាប់ឆ្នាំដើម្បីជួយបញ្ចប់សង្គ្រាមលោកលើកទីពីរ។
គេស្ទង់ប្រមាណថា ឱនភាពថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងកើនឡើងដល់ ៣,៣ លានលានដុល្លារនៅដំណាច់ឆ្នាំសារពើពន្ធនៅថ្ងៃទី ៣០ ខែកញ្ញាខាងមុខ គឺមានជាងបីដងបើប្រៀបធៀបជាមួយនឹងឆ្នាំមុន។ ឱនភាពថវិកានេះបានកើនឡើងជាច្រើនរួចហើយ ដោយសារការកាត់បន្ថយពន្ធរបស់រដ្ឋាភិបាលដែលអនុម័តដោយសភា និងការកើនឡើងនូវការចំណាយ ក៏ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ បានជំរុញឱ្យឱនភាពនេះកាន់តែកើនឡើងថែមទៀត។
វិស័យសាធារណៈ ដែលក្នុងនោះមានទាំងវិនិយោគិន ធានាគារសហរដ្ឋអាមេរិកនិងរដ្ឋាភិបាលបរទេស រួមទាំងរដ្ឋាភិបាលថ្នាក់រដ្ឋនិងរដ្ឋាភិបាលមូលដ្ឋាននានានៅក្នុងសហរដ្ឋអាមេរិក មានបំណុលចំនួន ២០ លានលានដុល្លារ ឬចំនួន ៧៧% នៃបំណុលជាតិដែលមានទឹកប្រាក់ជាង ២៦ លានលានដុល្លារ។ ចំណែកឯផ្នែកសេសសល់នៃបំណុលនេះជាបំណុលក្នុងរដ្ឋាភិបាលផ្ទាល់ដូចជាថវិកាសម្រាប់ប្រាក់សោធននិវត្តន៍និងការថែទាំសុខភាពសម្រាប់ពលរដ្ឋអាមេរិកាំងវ័យចំណាស់ជាដើម។
ដោយសារមានការចំណាយបន្ថែមនៅពេលមានវិបត្តិជំងឺកូវីដ១៩ គេរំពឹងថា ឱនភាពសហព័ន្ធប្រចាំឆ្នាំនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ ២០២០ នេះ នឹងស្មើប្រមាណ ១៦% នៃសេដ្ឋកិច្ចជាតិ ដែលជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ ១៩៤៥ មក។
សមាជិកសភាបាននិយាយជាញឹកញយថា ពួកគេចង់បន្ថយឱនភាពឱ្យនៅក្រោម ៣% ទោះបីជាសមាជិកសភាខាងគណបក្សសាធារណរដ្ឋខ្លះជារឿយៗបានបញ្ជាក់ថា ពួកគេចង់បំបាត់ឱនភាពនេះទាំងស្រុងក៏ដោយ។
គេយល់ឃើញថា ការចំណាយដែលនាំឱ្យមានឱនភាពគឺជាការចាំបាច់ដើម្បីជួយសេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោក ឲ្យងើបឡើងវិញពីបញ្ហាធ្ងន់ធ្ងរដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។ នៅពេលបច្ចុប្បន្ននេះ អ្នកធ្វើការរាប់លាននាក់នៅតែគ្មានការងារធ្វើនៅក្នុងសហរដ្ឋអាមេរិក។
នៅពេលនេះគឺក្នុងពេលមិនដល់ពីរខែមុនការបោះឆ្នោតប្រធានាធិបតីនិងការបោះឆ្នោតសភាចូលមកដល់ គេឃើញថានៅមិនទាន់មានការមូលមតិគ្នានៅឡើយអំពីចំនួនទឹកប្រាក់ជំនួយបន្ថែមប៉ុន្មានដែលសភាគួរអនុម័តសម្រាប់ជួយដល់ពលរដ្ឋគ្រាមានវិបត្តិជំងឺកូវីដ១៩ នេះ។ គណបក្សសាធារណរដ្ឋ និងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានយល់ព្រមចំពោះកញ្ចប់ថវិកាជំនួយចំនួន ១,៣ លានលានដុល្លារ ចំណែកឯគណបក្សប្រជាធិបតេយ្យវិញ ស្នើឱ្យមានកញ្ចប់ថវិកាជំនួយចំនួន ២,២ លានលានដុល្លារ។
ប្រាក់បន្ថែមចំនួន ៦០០ ដុល្លារក្នុងមួយសប្ដាហ៍ ដែលរដ្ឋាភិបាលជាតិផ្ដល់ដល់អ្នកបាត់បង់ការងារធ្វើម្នាក់ៗក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ នេះ បានផុតកំណត់កាលពីដំណាច់ខែកក្កដា។ លោកប្រធានាធិបតី Trump បានចុះហត្ថលាខាលើបទបញ្ជានីតិប្រតិបត្តិមួយផ្ដល់ប្រាក់ចំនួន ៤០០ ដុល្លារក្នុងមួយសប្តាហ៍ជាប្រាក់ជំនួយបន្ថែមដល់អ្នកបាត់បង់ការងារធ្វើ ប៉ុន្តែរដ្ឋនានាមានការយឺតយ៉ាវនៅក្នុងការអនុវត្តវិធានការនេះ ហើយកន្លងមក មានតែរដ្ឋ ៦ ប៉ុណ្ណោះ ក្នុងចំណោមរដ្ឋទាំង ៥០ ដែលបានចាប់ផ្តើមបញ្ជូនប្រាក់នេះទៅឱ្យអ្នកដែលបាត់បង់ការងារធ្វើដោយសារវិបត្តិជំងឺកូវីដ១៩។
ទោះបីជាសភាសហរដ្ឋអាមេរិកបានអនុម័តលើកញ្ចប់ជំនួយសម្រាប់វិបត្តិជំងឺកូវីដ១៩ កាលពីដើមឆ្នាំនេះក៏ដោយ ក៏ប្រាក់ចំណូលពីពន្ធដារបានថយចុះ ដោយសារតែអាជីវកម្មនានាបានបិទអស់រយៈពេលរាប់សប្តាហ៍តាមបញ្ជារបស់រដ្ឋាភិបាលថ្នាក់រដ្ឋ ហើយក្នុងនោះអាជីវកម្មមួយចំនួនបានបិទជាអចិន្ត្រៃយ៍។
ការិយាល័យ CBO បានប្រមើលមើលថា ការពន្យារពេលរបស់រដ្ឋបាលលោក Trump និងសភាសម្រាប់បុគ្គល និងអាជីវកម្មនានាក្នុងការបង់ពន្ធមួយចំនួន បានធ្វើឲ្យពន្ធដែលប្រមូលបានពីប្រាក់ចំនូលរបស់បុគ្គលថយចុះប្រមាណ ២០០ ពាន់លានដុល្លារ ចំណែកឯពន្ធដែលប្រមូលបានពីប្រាក់ចំណូលរបស់អាជីវកម្មនានាបានថយចុះប្រមាណ ៨០ ពាន់លានដុល្លារ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ