អង្គការសប្បុរសធម៌ឈ្មោះពេទ្យគ្មានព្រំដែនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាសមួយក្នុងប៉ែកខាងជើងនៃប្រទេសអាហ្វហ្គានីស្ថានបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១៩នាក់ស្លាប់ រួមមានទាំងកុមារបីនាក់ នៅក្នុងមន្ទីរពេទ្យមួយដែលគ្រប់គ្រងដោយអង្គការមនុស្សធម៌នេះ។
បុគ្គលិក១២នាក់នៃអង្គការនេះឋិតនៅក្នុងចំណោមជនដែលបានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យនេះក្នុងក្រុង Kunduz នៅក្រោយអ្វីដែលក្រុមគ្រូពេទ្យនេះបានពិពណ៌នាថាជា «ការទម្លាក់គ្រាប់បែក» ដែលមានបន្តជាង «៣០នាទីក្រោយពីក្រុមមន្ត្រីយោធាអាមេរិកាំង និងអាហ្វហ្គានីស្ថាននៅក្នុងក្រុងកាប៊ុល និងក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានទទួលដំណឹងជាមុន» អំពីការវាយប្រហារតាមអាកាស។
ក្រុមយោធាអាមេរិកាំងបានទទួលស្គាល់ថា ពួកគេបានធ្វើការវាយប្រហារតាមអាកាសមួយមុនពេលថ្ងៃរះនៅក្នុងតំបន់មួយដែលអាចនាំឱ្យមានការខូចខាតដល់អាគារពេទ្យមួយកន្លែង។
លោកវរសេនីយ៍ Brian Tribus អ្នកនាំពាក្យរបស់កងកម្លាំងស.រ..អា.នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា «បុគ្គលដែលគំរាមកំហែងដល់កងកម្លាំងអាមេរិកាំង» ជាទីដៅនៃការវាយប្រហារតាមអាកាសនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ លោក Ashton Carter រដ្ឋមន្ត្រីការពារជាតិរបស់ស.រ.អា.បាន «បានបួងសួងសម្រាប់ជនគ្រប់គ្នាដែលរងផលប៉ះពាល់»។ លោក Carter បានមានប្រសាសន៍ថា កំពុងមានការស៊ើបអង្កេតពេញលេញមួយអំពីឧបទ្ទវហតុដ៏ខ្លោចផ្សានេះដោយមានការសម្របសម្រួលជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន៕