ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ បណ្តាប្រទេសនៅអាហ្វ្រិកតម្រូវឲ្យបង្កើនគម្របព្រៃឈើ និងតម្រូវឲ្យទាញយកថាមពល ដូចជាថាមពលពន្លឺព្រះអាទិត្យ និងខ្យល់ ដែលកិច្ចការទាំងនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបញ្ឈប់ការឡើងកម្តៅផែនដី។
នៅក្នុងសុន្ទរកថារបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres ទៅកាន់អ្នកតំណាងរដ្ឋាភិបាលនានារាប់ពាន់នាក់ និងសកម្មជនបរិស្ថាននៅក្នុងសន្និសីទសំខាន់មួយនេះ នៅប្រទេសប៉ូឡូញកាលពីពាក់កណ្តាលខែធ្នូ លោកបានព្រមានថា ពិភពលោករបស់យើងកំពុងស្ថិតនៅក្នុង «ស្ថានភាពដែលមានបញ្ហាដ៏ធ្ងន់ធ្ងរ» ទាក់ទងនឹងបញ្ហាប្រែប្រួលអាកាសធាតុ។ សម្រាប់ប្រទេសមួយចំនួន ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ បានក្លាយជាបញ្ហាស្លាប់រស់។
សន្និសីទនេះត្រូវបានធ្វើឡើងនៅក្រុង Katowice ក្នុងប្រទេសប៉ូឡូញ ហើយគេពិភាក្សាស្វែងរកវិធីដើម្បីអនុវត្តកិច្ចព្រមព្រៀងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន១៨៩ នៅឆ្នាំ២០១៥។
កិច្ចព្រមព្រៀងនោះ តម្រូវឲ្យមានការកាត់បន្ថយការបញ្ចេញឧស្ម័នដើម្បីកំណត់ឲ្យសីតុណ្ហភាពនៅទូទាំងពិភពលោកកើនតិចជាងពីរអង្សាសេ។
ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ គឺដើម្បីឲ្យប្រទេសអាហ្វ្រិក ទទួលបានទឹកប្រាក់រហូតដល់ទៅ ១០០ ពាន់លានដុល្លារពីប្រទេសអភិវឌ្ឍន៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបង្កើតកម្មវិធី ដែលអាចជួយកាត់បន្ថយដល់ការឡើងកម្តៅផែនដី។
នៅប្រទេសរវ៉ាន់ដា រដ្ឋាភិបាលមានបំណងបង្កើនគម្របព្រៃឈើបន្ថែម ចាប់ពី ២៩ ទៅ ៣០ ភាគរយនៅត្រឹមឆ្នាំ២០២០។
លោក Dismas Dakundukize គឺជាប្រធានអាជ្ញាធរទឹក និងព្រៃឈើនៃប្រទេសរវ៉ាន់ដា។
លោកបាននិយាយថា៖
«យើងកំពុងបង្កើនគម្របព្រៃឈើដើម្បីហេតុផលបរិស្ថាន ដូចជាការធ្វើចរាចរណ៍កាបូនដែលគ្រាន់តែធ្វើឱ្យមានខ្យល់អាកាសមានភាពបរិសុទ្ធ។ នេះ គឺជាហេតុផលទី១។ យើងក៏កំពុងតែដាំដើមឈើដើម្បីទប់ទល់នឹងការសឹកដី ដូច្នេះគុណភាពរបស់ទឹកអាចកើនឡើង។ ហេតុផលទីបីគឺថា យើងកំពុងព្យាយាមបង្កើនជីវជាតិដី ព្រោះតែដើមឈើស្របយកសារធាតុរ៉ែ»។
កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ក៏តម្រូវឱ្យបណ្តាប្រទេសនៅអាហ្វ្រិកធ្វើការវិនិយោគលើថាមពលស្អាត និងថាមពលដែលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។
ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Muhammadu Buhari បានធានាដល់អ្នកចូលរួមក្នុងសន្និសីទថា ប្រទេសរបស់លោកកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីអនុវត្តដំណោះស្រាយមួយនេះ។
លោកបាននិយាយថា៖
«យើងបានចាប់ផ្តើមចេញប័ណ្ណបំណុលបៃតងដែលជាប្រភពផ្សេង និងមានភាពច្នៃប្រឌិត ដែលនឹងកាត់បន្ថយការបញ្ចេញឧស្ម័ន និងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធអាកាសធាតុដ៏រឹងមាំដូចជាថាមពលកកើតឡើងវិញ ការដឹកជញ្ជូនដោយប្រើប្រាស់កាបូនតិច ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងកសិកម្មប្រកបដោយចិរភាពដែលប្រទេសយើងត្រូវការ»។
លោក John Recha គឺជាអ្នកស្រាវជ្រាវ និងអ្នកជំនាញខាងបម្រែបម្រួលអាកាសធាតុ។ លោកបាននិយាយថា ទ្វីបអាហ្វ្រិកត្រូវធានាថា កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការផ្តល់មូលនិធិពិតជាបានទប់ស្កាត់ការកើនឡើងកម្តៅផែនដី៕
ប្រែសម្រួលដោយ សុខ សុភ័ក្រ្តបញ្ញា